27 C
Phnom Penh

នគរ​បាលនិង​អាជ្ញាធរសាកសួរ​​អ្នក​ភូមិ​​​​​​​​​​បន្ទាប់ពី​ធ្វើការ​ត​វ៉ានៅរាជ​ធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​អះ​​​អាង​​​ថា អាជ្ញាធរ​​​បាន​​​យាយី​​​ពួកគាត់​​​​​​ បន្ទាប់​​​ពី​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​មុខ​​​ទីស្នាក់​​​ការ​​​​​​​​​កណ្ដាលរបស់​​​​​​ធនាគារ​​​ ANZ Royal ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​សប្ដាហ៍​​​មុន ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ធនាគារ​​​នេះ​​​ជួយ​​​ពួកគាត់ ពីព្រោះ​​​ធនាគារ​​​បាន​​​ផ្ដល់​​​ហិរញ្ញប្បទាន​​​​​​ដល់​​​ក្រុមហ៊ុន​ស្ករស​ដែល​​​ពួក​​​គាត់​​​ចោទ​​​ថា បាន​​​ប្លន់​​​យក​​​ដី​របស់​​​ពួកគាត់​​​។

អ្នកភូមិ​​​ប្រហែល​​​១០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​មុខ​​​ធនាគារ​​​នេះ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​សីហា បន្ទាប់​​​ពី​​​ការ​ដាក់​​​ញត្តិ​​​ស្នើ​​​សុំ​​​ជំនួយ​​​មិន​​​មាន​​​ការ​​​ឆ្លើយ​​​តប។ ទោះ​​​ជាយ៉ាង​​​ណា​​​អំឡុង​​​ការតវ៉ា​​​ ធនាគារ​​​​​​នេះ​​​បាន​​​ប្រាប់​​​ពួកគាត់​​​ថា មិន​​​អាច​​​ជួយ​​​បាន​​​ឡើយ ​​​ព្រោះ​​​ក្រុមហ៊ុនភ្នំពេញ​​​ស្ករស​​​របស់​​​លោក លី យ៉ុង​​​ផាត់​​​ ដែល​​​ជា​​ម្ចាស់​​​ចម្ការ​​​អំពៅ​​​បាន​​​សង​​​បំណុល​​​រួច​​​អស់​​​ហើយ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ។

កាល​​​ពី​​​ម្សិលមិញ អ្នក​​​ភូមិ​​​បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​ និង​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​បាន​​​សាកសួរនិង​​​បាន​​​បំភិត​​​បំភ័យ​​​ពួក​​​គាត់​​​ នៅ​​​ពេល​​​ពួកគាត់​​​បាន​​​មក​​​ដល់​​​ផ្ទះ​​​របស់​​​ខ្លួន​​​វិញ គឺ​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពីការ​​​តវ៉ា​​​។

ឆេង សុភាព បាន​​​និយាយ​​​ថា “មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​បាន​​​សួរ​​​ខ្ញុំ​​​ថា​​​នរណា​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​នេះ​​​។ ខ្ញុំ​​​បានប្រាប់​​​​​​គាត់​​​ថា យើង​​​ទាំង​​​អស់​​​គ្នាបាន​​​​រួម​​​គ្នា​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​ធនាគារ​​​ ANZ Royal ​​​ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​ជួយ​​​​​​រក​​​ដំណោះ​​​ស្រាយ​​​។ នគរ​​​បាន​​​សួរ​​​ខ្ញុំ​រកបញ្ជីឈ្មោះអ្នក​ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​ប្រាប់​គាត់​​​ថា ខ្ញុំ​​​មិន​​​មាន​​​បញ្ជី​​​ឈ្មោះ​​​ក្នុង​​​ដៃទេ​​​…។ ខ្ញុំ​​​គិត​​​ថា នេះ​​​គឺ​​​ដើម្បី​​​បំភិត​​​បំភ័យ​​​ពួក​​​យើង​​​កុំ​​​ឲ្យ​​​ធ្វើការ​​​តវ៉ា ប៉ុន្តែ ខ្ញុំ​​​មិន​​​បារម្ភទេ​​​ ពីព្រោះ​​​យើង​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​ឡើយ​​​”។

អ្នក​​​ស្រី យុគ​​​ នឿន ​​​​​​ដែល​​​ក៏បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដែរនោះបាន​​​និយាយ​​​ថា មេភូមិ​​​បាន​​​ចោទ​​​អ្នកស្រី​​​ថា បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​ធនាគារ​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា “មេភូមិ​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ឲ្យ​​​ជូន​ដំណឹង​ដល់​អាជ្ញាធរ​​​ផង​​ បើ​​ខ្ញុំ​​​ទៅ​​​ភ្នំពេញ​​​លើក​​​ក្រោយ​​​​​​​​​​​​ ដោយសារ​​​ខ្ញុំ​​​បាន​​​ចូល​​​រួម​​ការ​​​តវ៉ា​​​ដោយ​​​ខុស​​​ច្បាប់​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​ប្រាប់​​​​​​គាត់​​​ថា ខ្ញុំ​​​មិន​​​ខ្វល់​​​ទេ បើទោះ​​​ការ​​​តវ៉ា​​​នោះ​​​ខុស​​​ច្បាប់ក៏ដោយ​ចុះ ពី​​​ព្រោះ​​​ខ្ញុំ​​​គ្រាន់​​​តែ​​​ចង់​​​បាន​​​ដី​​​ខ្ញុំ​​​​​​មក​​​វិញ​​​តែ​​​ប៉ុណ្ណោះ។ ខ្ញុំ​​​គិត​​​ថា ការ​​​សាក​​​សួរ​​​នេះ​​​ស្មើនឹង​​​ការ​​​បំភិត​​​បំភ័យ​​​អ្នក​​​ភូមិ​​​ ពីព្រោះ​​​មេភូមិ​​​រូប​​​នេះ​​​បាន​​​សួរ​​​ខ្ញុំ​​​រក​​​ឈ្មោះ​​​មេ​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​”។

លោក ចាយ គឹម​​​ហន អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​បាន​​​និយាយ​​​ថា មន្ត្រី​​​នគរ​​​បាល​​​ឃុំម្នាក់​​​បាន​​​ស្រែក​​​ដាក់​​​គាត់​​​ ចំពោះ​​​ការ​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នោះ​​​ ពីព្រោះ​​​មន្ត្រីរូបនេះអះ​អាងថា វិវាទ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​​ជាមួយ​​​ក្រុម​​​ហ៊ុ​​​ន​​​ចម្ការ​​​អំពៅ​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​រួច​​​រាល់​​​ហើយ​​​។

ក្រុមហ៊ុន​​​ភ្នំពេញ​​​ស្ករ​​​ស បាន​​​ឲ្យ​​​ដឹង​​​ថា គ្រួសារ​​​អ្នក​​​ភូមិ​​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​ផ្ដល់​​​សំណង​​​ ផ្តល់​​​ដី​​​ផ្សេង​​​ជា​​​ថ្នូរ​​​ និង​​​ផ្តល់​​​ការ​​​ងារ​​​​​​ល្អ​​​នៅ​​​ចម្ការ​​​អំពៅ​​​។ ប៉ុន្តែ អ្នក​​​ភូមិ​​​ភាគ​​​ច្រើន​​​​​​ច្រាន​​​ចោល​​​ការ​​​ផ្តល់​​​សំណងនេះ​​​ ពីព្រោះ​​​វា​​​តិច​​​តួច​​​ណាស់​​​ ហើយ​​​ដី​​​ថ្មី​​​នោះហួត​​ហែង​​​​គ្មាន​​​ជីជាតិ ហើយ​​​ការ​​​ងារ​​​នៅ​​​ចម្ការ​​​​​​​​​​​​​​​អំពៅ​​​មិន​​​​​​អាច​​​ជំនួស​​​ដី​​​ស្រែ​​​របស់​​​ពួកគាត់​​​ដែល​​​បាត់​​​បង់​​​បាន​ឡើយ​​​។

លោក កែវ ពិសី ស្នង​​​ការ​​​នគរ​​​បាល​​​រង​​​ខេត្ត​​​បាន​​​បញ្ជាក់​​​ថា នគរ​​​បាល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាក​​​សួរ​​​អ្នក​​​តវ៉ា ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​ថា មិន​​​មាន​​​បំណង​​​ណា​​​មួយ​​​ដើម្បី​​​យាយី​​​ពួក​​​គាត់​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​បាន​​​បញ្ជូន​​​មន្ត្រី​​​របស់​​​ខ្ញុំ​​​ទៅ​​​សាក​​​សួរ​​​អ្នក​​​ភូមិ​​​​​​ទាំង​​​នេះ ពី​​​ព្រោះ​​​ពួក​​​គាត់​​​ធ្វើ​​​ការ​​​តវ៉ា​​​ដោយខុស​​​ច្បាប់។ ខ្ញុំ​​​​​​គិត​​​ថា វា​​​​គ្មាន​អ្វីទាស់ខុស​​​ទេ​​​ក្នុង​​​ការ​​​សាកសួរ​​​ពួក​​​គាត់​​​នោះ ហើយ​​​វា​​​មិនមែន​​​ដើម្បី​​​បំភិត​​​បំភ័យ​​​ពួក​​​គាត់​​​ឡើយ​​​។ យើង​​​គ្រាន់​​​តែ​​​ចង់​​​បាន​​​ព័ត៌​​​មាន​​​ពី​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​ថា​​​តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួកគាត់​​​ធ្វើ​​​ការ​​​តវ៉ា​​​ ដោយ​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​ទៅ​​​អាជ្ញាធរ​​​​​​”។

លោក​​​ ពិសី មិន​​​បាន​​​​​​និយាយ​​​ថា តើ​​​លោក​​​នឹ​​​ង​​​ធ្វើ​​​អ្វី​​​​​ប្រសិនបើ​​​ពួកគាត់​​​ព្យាយាម​​​តវ៉ា​​​ម្តង​​​ទៀត​​​ ហើយ​​​លោក​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បន្ថែម​​​ឡើយ​​​៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស