មន្ត្រីអធិការកិច្ចមួយរូបបាននិយាយថា មន្ទីរកិច្ចការសង្គមកិច្ចក្រុងភ្នំពេញបានបិទកម្មវិធីស្នាក់អាស្រ័យនៅមណ្ឌលកុមារកំព្រាពីរកន្លែងក្នុងខណ្ឌមានជ័យ ដោយសារតែមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់។
លោក យូ សុភក្ត្រ មន្ត្រីអធិការកិច្ចមួយរូបនៅមន្ទីរកិច្ចការសង្គមកិច្ចបានមានប្រសាសន៍ថា កុមារ១២នាក់ត្រូវគេនាំយកចេញពីការមើលថែរបស់មណ្ឌលទាំងពីរ គឺមណ្ឌលកុមារកំព្រាអង្គការសុខាសា និងផ្ទះកុមារកម្ពុជា នៅសង្កាត់បឹងទំពុនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានពាក្យបណ្តឹងថា ក្មេងៗទាំងនោះមិនទទួលបានអាហារគ្រប់គ្រាន់។
លោក សុភក្ត្រ មានប្រសាសន៍ថា “យើងបានបិទកម្មវិធីស្នាក់នៅ ប៉ុន្តែមិនបានបិទមណ្ឌលកុមារកំព្រាទាំងពីរទេ បន្ទាប់ពីយើងទទួលបានពាក្យបណ្តឹងនោះ”។ លោក សុភក្ត្រ បានបន្ថែមថា ទោះជាមានភាពធ្ងន់ធ្ងរក្នុងបណ្តឹងនោះក៏ដោយ ក៏ការចោទប្រកាន់ប្រហែលកើតចេញពីរការប្រជែងគ្នារវាងមណ្ឌលកុមារកំព្រាទាំងពីរ។ លោកបានពន្យល់ថា “អង្គការទាំងពីរមានជម្លោះនឹងគ្នា ហើយអតីតបុគ្គលិកម្នាក់មកពីអង្គការ សុខាសា បានបើកអង្គការថ្មីមួយផ្សេងទៀត ផ្ទះកុមារកម្ពុជា”។
លោក សុភក្ត្រ មានប្រសាសន៍ថា ម្ចាស់មណ្ឌល ផ្ទះកុមារកម្ពុជានៅពេលនោះបានប្តឹងអតីតប្រធានមណ្ឌលសុខាសារបស់នាង។
ក្រុមអធិការកិច្ចសង្គមកិច្ចត្រូវបានបញ្ជូនទៅមណ្ឌលទាំងពីរ ហើយបណ្តឹងដំបូងអំពីកង្វះអាហារូបត្ថម្ភដែលទំនងជាគ្មានមូលដ្ឋានបញ្ជាក់ច្បាស់លាស់ទេ តែក្រុមអធិការបានរកឃើញគុណវិបត្តិនៅមណ្ឌលទាំងពីរទៅវិញ។
លោក សុភក្ត្រ បានបន្ថែមថា “យើងបានបិទកម្មវិធីនេះ ពីព្រោះអង្គការទាំងនេះមិនបានថែទាំក្មេងៗឲ្យបានល្អនោះទេ។ អង្គការទាំងពីរត្រូវមានបរិយាកាសល្អ ប៉ុន្តែមណ្ឌលរបស់ពួកគេជាផ្ទះល្វែង ហើយមិនមានខ្យល់ចេញចូលល្អឡើយ”។
លោក សុភក្ត្រ មានប្រសាសន៍ថា កុមារមានអាយុពី៨ឆ្នាំដល់១៨ឆ្នាំ កុមារ៨នាក់ក្នុងចំណោមពួកគេមកពីមណ្ឌល សុខាសា និង៤នាក់មកពី ផ្ទះកុមារកម្ពុជា ត្រូវគេបញ្ជូនទៅអង្គការមិនមែនរដ្ឋាភិបាលមួយផ្សេងទៀត គឺអង្គការម្លប់ឫស្សី ដែលផ្តោតលើការបញ្ចូលកុមារក្រីក្រឲ្យទៅរស់នៅក្នុងផ្ទះរបស់ពួកគេវិញ។
លោកស្រី ឃិន ភក្តី នាយកគម្រោងនៅអង្គការម្លប់ឫស្សី បានមានប្រសាសន៍ថា ក្មេង៤នាក់ចំណោម១២នាក់នោះ មិនមែនជាកុមារកំព្រាទេ ហើយត្រូវបានបញ្ជូនទៅឲ្យជួបជុំឪពុកម្តាយរបស់ពួកគេអស់ហើយ។ លោកស្រីបានមានប្រសាសន៍ថា “យើងបានបញ្ជូនកុមារកំព្រាខ្លះទៅឲ្យក្រុមគ្រួសាររបស់ពួកគេវិញ តែនៅសល់កុមារកំព្រា៨នាក់ទៀត”។
លោកស្រី ម៉េង បុប្ផា ម្ចាស់មណ្ឌល សុខាសា បានមានប្រសាសន៍ថា ការចោទប្រកាន់ត្រូវបានប្រឌិតឡើងដោយអតីតបុគ្គលិករបស់លោកស្រី ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះមណ្ឌលកុមារកំព្រារបស់លោកស្រី។ លោកស្រី បុប្ផា មានប្រសាសន៍អំពីគូប្រជែងរបស់លោកស្រីថា “វាជាជម្លោះផ្ទៃក្នុង។ នាងចង់ធ្វើឲ្យមណ្ឌលរបស់ខ្ញុំមានការក្តៅក្រហាយ”។ “នាងដឹងគ្រប់យ៉ាងអំពីប្រភពអំណោយក្នុងអង្គការរបស់ខ្ញុំ ហើយនាងបានអូសទាញក្មេងមួយចំនួនពីអង្គការរបស់ខ្ញុំទៅអង្គការថ្មីរបស់នាង”៕មានិត