25 C
Phnom Penh

លោក ហ៊ុន​ សែន រិះគន់​អាមេរិក​ចំពោះ​ស្តង់ដារពីរ​ពាក់​ព័ន្ធការ​គ្រប់​គ្រង​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ការ​រិះគន់ថ្មីបំផុត​ទៅ​លើ​រដ្ឋាភិបាល​អាមេរិក កាលពីម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ការ​ឆ្លើយតបយ៉ាង​ចាស់ដៃ​របស់​អាជ្ញាធរ​ចំពោះ​ការ​តវ៉ាដែល​បាន​ផ្ទុះ​ឡើង​ជុំវិញ​រឿងដែល​នគរបាលបាន​​បាញ់​សម្លាប់យុវជន​ស្បែកខ្មៅ​គ្មាន​អាវុធ​ម្នាក់​នៅ​ក្នុង​រដ្ឋ​មីសូ៊រី។

ថ្លែង​នៅពិធី​​ប្រគល់​សញ្ញាបត្រ​មួយនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ លោក​ ហ៊ុន សែន បាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ ដែល​បាន​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវទាក់ទិននឹងការ​​បាញ់​សម្លាប់​យុវជន​ស្បែកខ្មៅឈ្មោះ ម៉ៃឃើល ប្រោន អាយុ​១៨​ឆ្នាំ​ នៅជាយ​ក្រុង​ St.Louis កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា​។

លោក ហ៊ុន សែន បាន​កត់​សម្គាល់​ថា ប្រទេស​កម្ពុជា​ក៏មាន​ភាព​ចលាចលដែរ​កាល​ពី​ឆ្នាំ​មុន នៅពេល​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ប្រឆាំង​លទ្ធផលបោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ព្រមទាំង​ប្រាក់​ខែ​តិច​តួច​នៅ​ក្នុង​វិស័យ​កាត់​ដេរ​។ យ៉ាង​ហោច​ណាស់​កម្មករ​ប្រាំ​នាក់​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​បាញ់​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​នោះ ដោយ​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហរដ្ឋអាមេរិក។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​មាន​ចម្ងល់​អំពី​​អាមេរិក។ ក្រុម​បាតុករ​គ្រាន់​តែ​គប់​ដប​ទឹក​ដាក់​អាជ្ញាធរ​ប៉ុណ្ណោះ ​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​អាមេរិក​មិន​បាន​និយាយ​អ្វី​សោះឡើយ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅក្នុង​ប្រទេស​របស់​យើង​ នៅ​ពេល​​ពួកគេ​បាន​ដុត​រថយន្ត​ គប់ដុំថ្ម​ ហើយ​ពួកគេ​បាន​​ប្រើ​ចំពាម​កៅស៊ូ និង​ដំបងដែកទៀត​​ យើង​បាន​គ្រប់​គ្រង​ស្ថាន​ការណ៍​នោះ​ ហើយ​ពួកគេ​​និយាយ​ថា យើង​បាន​រំលោភ​សិទ្ធិ​មនុស្ស​”។

ដោយ​​និយាយ​ការ​ពារ​ការ​បិទ​ទីលាន​ប្រជា​ធិបតេយ្យ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដានោះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​បម្រាម​គោចរ​ដែលអាជ្ញាធរ​បាន​ដាក់​នៅ​ក្នុង​រដ្ឋ​មីស៊ូរីបង្ហាញ​ថា សហរដ្ឋអាមេរិក​កំពុង​​​ប្រាប់​​​ប្រទេស​​​ផ្សេង​​​កំុឲ្យ​​​ធ្វើ​​​អ៊ីចឹង​​​ តែ​​​ខ្លួន​​​ឯង​​​បែរ​​​ជា​​​ធ្វើ​​​ទៅ​​​វិញ​​​​​ ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​រិះគន់​​អាមេរិក​ទេ ប៉ុន្តែ​អាមេរិកមាន​ស្ដង់ដារ​ផ្សេង។យើង​បាន​ចាត់វិធានការ​​ការ​ពារ​សុវត្ថិភាពជូន​​ប្រជា​ពលរដ្ឋ ហើយគ្រាន់​តែ​បាន​ដាក់​បម្រាមលើ​ផ្ទៃ​ដី​ទំហំ​ប្រហែល​កន្លះហិកតា​​ប៉ុណ្ណោះ ពីព្រោះ​យើង…​បារម្ភ​ខ្លាច​មាន​បញ្ហា ហើយពួកគេ​បាន​និយាយ​ថា យើង​បាន​រំលោភ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​”។

លោក ហ៊ុន សែន ក៏​បាន​សួរ​ផង​ដែរ​ថា ហេតុ​អ្វី​បាន​ជា​លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់អាស៊ី​របស់​អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​ជា​អ្នក​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ជាយូរ​មក​ហើយនោះ មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍រិះគន់​លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក​ជុំវិញ​ការ​ឆ្លើយ​តប​ចំពោះ​ការ​បង្ក្រាប​នៅ​រដ្ឋមីស៊ូរីទេ។

លោក ហ៊ុន សែន បាន​សួរ​ថា ” ឥឡូវ​នេះ ខ្ញុំ​មិន​បាន​ឮសម្ត​ីពីអ្នក​ដែល​បាន​ស្រែក​ដាក់​យើង​នៅឡើយ​ទេ។ ជា​ពិសេស​ តើអ្វីដែល​​លោក ប្រេដ អាដាម បាន​រិះគន់​លោក​ អូបាម៉ា?”។ លោក​បាន​បន្ថែម​ថា “នៅ​ក្នុង​ពិភព​លោក​ គ្មានទេស្ដង់ដារ​​មួយ​ មាន​តែស្ដង់ដារ​​ពីរ​ឬ​ស្ដង់​ដា​របី​”៕ សារុន​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស