32 C
Phnom Penh

ក្រុម​ហ៊ុ​ន​ បាយ័ន អ៊ែរឡាញ ​សម្ពោធ​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ជើង​​ហោះហើរ​ដំបូង​​​គ្រោង​ដំណើរ​ការ​នៅ​ដំណាច់​ឆ្នាំ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុនខេមបូឌា បាយ័ន អ៊ែរឡាញ (Cambodia Bayon Airlines) ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដំបូង​របស់​ចិន​ ដែល​បង្កើត​ឡើង​នៅ​បរទេស​ បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ ដោយ​មន្ត្រី​កោត​សរសើរ​ចំពោះ​សក្ដានុពល​របស់​វា​ក្នុង​ការ​​ជួយ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុនរដ្ឋ​របស់​ចិនឈ្មោះ​ថា សាជីវ​កម្ម​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (​​Aviation Industry Corporationof China) ឬហៅ​កាត់​ថា​AVIC កំពុង​មាន​គម្រោង​ដំណើរ​ការ​ជើង​ហោះ​ហើរ​ក្នុង​ស្រុកនៅ​​កម្ពុជា​ ព្រម​ទាំង​ជើង​ហោះហើរ​ទៅ​កាន់​បណ្ដា​ក្រុង​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ឡាវ ថៃ និង​ចិន​ទៀត​ផង។ តាម​ការ​រំពឹង​ទុក​ថា ជើង​ហោះ​ហើរ​ដំបូង​របស់​ក្រុម​ហ៊ុន​នេះ​នឹង​មិន​ដំណើរ​ការ​​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ​។

លោក​ លីន ជ័រមីង (Lin Zuoming) ប្រធាន​ក្រុម​ហ៊ុន​ AVIC បាន​ថ្លែង​ទៅ​កាន់​​មន្ត្រី​ប្រហែល​៥០០​រូប​មក​ពី​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ពិធី​សម្ពោធ​ ដែល​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា ” តាម​ការ​រំពឹង​ទុក​ថា ក្រុម​ហ៊ុន បាយ័ន អ៊ែរឡាញ នឹង​នាំ​មក​នូវ​បច្ចេកវិទ្យា​អាកាសចរណ៍​ជឿន​លឿនជាង​មុន​​ ដែល​ផលិត​ដោយ​សាជីវ​កម្ម​ឧស្សាហកម្ម​អាកាស​ចរណ៍​ចិន មក​កាន់​កម្ពុជា​ ហេតុ​ដូច្នេះ​ហើយ ការ​ជួយ​អភិវឌ្ឍ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​នេះ​​រួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​”។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ ខេមបូឌា បាយ័ន អ៊ែរឡាញ គឺ​ជា​ក្រុម​ហ៊ុនកាសចរណ៍​​​ដំបូង​របស់​ចិន​ដែល​បង្កើត​ឡើង​នៅ​បរទេស​ ហើយ​មាន​គម្រោង​ក្លាយ​ខ្លួន​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​ធំបំផុត​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី ឡឺអូន យិន (Leon Ren)​ ជំនួយ​ការ​របស់​លោក លីន ជ័រមីង​ បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​​ទំនង​ជា​ចាប់​ផ្ដើម​ការ​ហោះ​ហើរ​ដំបូង​របស់​ខ្លួន​យ៉ាង​យូរ​បំផុត​ត្រឹម​ខែ​មករា។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” វា​អាស្រ័យ​លើ​​ល្បឿន​ប្រតិបត្តិការ​។ យ៉ាង​លឿន​បំផុត​នៅ​ខែ​ធ្នូ”។

ជើង​ហោះហើរ​ដំបូង​របស់​ក្រុម​ហ៊ុន​ ខេមបូឌា បាយ័ន អ៊ែរឡាញ នឹង​ចេញ​ដំណើរ​​ពី​ភ្នំពេញ​​​ឆ្ពោះ​ទៅ​សៀមរាប និង​ពី​សៀមរាប​ឆ្ពោះ​ទៅ​ក្រុង​ព្រះសីហនុ ​នេះ​បើ​យោង​តាម​សេចក្ដី​​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​។ បន្ទាប់​មក​ក្រុម​ហ៊ុន​នេះ​មាន​​គម្រោង​បង្កើន​ជើង​ហោះហើរ​ទៅ​កាន់​ក្រុង​សំខាន់ៗ​នៅ​អាស៊ីអាគ្នេយ៍ និង​អាស៊ីបូពា៌។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​លើក​ឡើង​ថា ” ក្រុម​ហ៊ុន​ បាយ័ន អ៊ែរឡាញ មាន​ការ​ប្ដេជ្ញា​ចិត្ត​បង្កើត​បណ្ដាញ​ផ្លូវ​ហោះ​ហើរ​​គ្រប់​ដណ្ដប់​​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ទៅ​​អាស៊ាន ចិន ជប៉ុន និង​កូរ៉េ ​ចេញ​ពី​កម្ពុជា​ដែល​ជា​ចំណុច​កណ្ដាល​”។

លោកស្រី ពូ ជាំងគ័រ (Bu Jianguo) ឯកអគ្គរដ្ឋទូតចិន​​ប្រចាំ​កម្ពុជា​​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​កាលពី​ម្សិលមិញ​ថា ការ​ចាប់​ផ្ដើម​ក្រុម​ហ៊ុន​ ខេមបូឌា បាយ័ន អ៊ែរឡាញ នឹង​ជួយ​បង្កើន​ទេសចរ​ចិន​មក​កាន់​កម្ពុជា​។

លោកស្រី​​បាន​មាន​ប្រសាសន៍ទៀត​ថា ” ការ​ចាប់​ផ្ដើម​ក្រុម​ហ៊ុន​អាកាសចរណ៍ បាយ័ន អ៊ែរឡាញ នឹង​កែលម្អ​​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​រវាង​ប្រទេស​ចិន​ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ រួម​ទាំង​​កម្ពុជា​ផង​ ដោយ​រួម​ចំណែក​ដល់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ និង​ធុរកិច្ច​កាន់​តែ​ធំជាង​មុន​រវាង​ប្រទេស​ចិន កម្ពុជា​ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ផ្សេងៗ​ទៀត​”។

នៅ​ក្នុង​ពិធី​កាលពី​ម្សិលមិញ​នោះ​ដែរ មន្ត្រី​ក្រុម​ហ៊ុន​អាកាសចរណ៍ ខេមបូឌា បាយ័ន អ៊ែរឡាញ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហុ៊ន​ឧស្សាហកម្ម​អាកាសចរណ៍​​​ស៊ីអាន ( Xi’an Aircraft Industry Company) ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន AVIC ដើម្បី​ទិញ​យន្តហោះ​ធុន MA60 ចំនួន​២០​គ្រឿង​នៅ​​រយៈ​ពេល​​ប្រាំ​ឆ្នាំ​ក្រោយ​៕ សុខុម​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស