កាលពីម្សិលមិញ ក្រសួងការងារ និងក្រសួងមហាផ្ទៃ បានជួបប្រជុំគ្នាដើម្បីបង្ហាញពីផែនការរបស់រដ្ឋាភិបាលក្នុងការអនុវត្តវិធានការតឹងរ៉ឹងជាងមុនលើនិយោជកដែលមានជនបរទេសធ្វើការ ដើម្បីធានាថា បុគ្គលិករបស់ពួកគេមានឯកសារគ្រប់គ្រាន់។
លោក សេង សក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងពីមុនៗគ្មានប្រសិទ្ធភាពទេនៅក្នុងការធានាថា ជនបរទេសត្រូវបានចុះបញ្ជី និងធ្វើការដោយមានលិខិតស្នាមត្រឹមត្រូវ។ លោកបានបន្តថា “យើងចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់លើការពិន័យជនបរទេសទាំងអស់ដែលមកធ្វើការនៅកម្ពុជា និងដែលគ្មានកាតការងារ”។ លោកបានលើកឡើងទៀតថា ចំនួនជនបរទេសដែលចូលមកកម្ពុជានៅឆ្នាំនេះ បានលើសចំនួន៨.០០០នាក់កាលពីឆ្នាំមុនរួចទៅហើយ។
សេចក្ដីថ្លែងការណ៍រួមមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ និងត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញលើកឡើងថា ស្ថាប័ននានាដែលទទួលជនបរទេសឲ្យធ្វើការមានកាតព្វកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ ដោយធានាថា និយោជិតមានទិដ្ឋាការពាក់ព័ន្ធ លិខិតឆ្លងដែន និងកាតការងារ ដើម្បីសម្រួលដល់ការងាររបស់ក្រុមអធិការកិច្ច។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ចាំបាច់ត្រូវចាត់វិធានការបន្ថែមទៀតដើម្បីធានាថា អ្នកដែលមកប្រទេសកម្ពុជាដើម្បីធ្វើការបង់ពន្ធ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ការកើនឡើងចំនួនជនបរទេសដែលមកធ្វើការ ធ្វើជំនួញ និងរកប្រាក់នៅក្នុងប្រទេសកម្ពុជាមានកាតព្វកិច្ចបង់ពន្ធ។ នៅតាមបណ្ដោយព្រំដែនវៀតណាម និងថៃ ពួកគេមិនដែលបង់ពន្ធទេ ហើយបើយើងមិនចាត់វិធានការទេនោះ វានឹងបន្តកើនឡើង”។
លោកបានមានប្រសាសន៍បន្ថែមទៀតនៅក្នុងកិច្ចប្រជុំនោះថា អ្នកធ្វើការដែលគ្មានឯកសារត្រឹមត្រូវ អាចនឹងទទួលការពិន័យជាប្រាក់៥០០.០០០រៀល ឬប្រហែល១២៥ដុល្លារ ឬត្រូវបណ្ដេញចេញពីប្រទេសតែម្ដង។ លោកបានលើកឡើងបន្តថា “ប្រសិនបើពួកគេជាជនបរទេសដែលធ្វើការនៅកន្លែងណាមួយ ពួកគេត្រូវមានលិខិតឆ្លងដែន និងប័ណ្ណសម្គាល់ខ្លួនសម្រាប់ធ្វើការ។ ប្រសិនបើពួកគេគ្មានទេ យើងនឹងអនុវត្តច្បាប់អន្តោប្រវេសន៍ ហើយអាចស្នើសុំ [លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] បណ្ដេញពួកគេចេញតែម្ដង”៕ សុខុម