កាលពីម្សិលមិញ ក្រុមហ៊ុនហ្គូហ្គល (Google) បានចាប់ផ្ដើមគម្រោងប្រមូលរូបភាពរបស់ខ្លួន ដែលមានឈ្មោះថា ស្ទ្រីត វ្យូ (Street View) សម្រាប់រាជធានីភ្នំពេញ សៀមរាប និងខេត្តជាង១០ទៀតនៅក្នុងប្រទេសកម្ពុជា ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់គម្រោងនេះអាចស្វែងរករូបភាពកម្រិត៣៦០ដឺក្រេនៃផ្លូវ ផ្សារ និងទីតាំងប្រវត្តិសាស្ត្រនានានៅក្នុងទីក្រុង និងខេត្តទាំងនេះបាន។
អ្នកប្រើប្រាស់អាចស្វែងរកបាននូវរូបភាពវត្តភ្នំ សួនច្បារព្រះបរមរាជវាំង ផ្លូវ និងផ្សារភាគច្រើននៅក្នុងរាជធានី។ ពួកគេក៏អាចចូលទៅកាន់ និងស្វែងរកច្រកជាច្រើននៃផ្សារធំថ្មីបានផងដែរ។
នៅខាងក្រៅរាជធានីភ្នំពេញ អ្នកប្រើប្រាស់អាចមើលឃើញផ្លូវ និងតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កែប កំពត ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
នៅក្នុងខេត្តក្រចេះ អ្នកប្រើប្រាស់អាចចូលទៅកាន់វត្តសសរ១០០ ចំណែកឯនៅក្នុងខេត្តមណ្ឌលគិរី ពួកគេអាចមើលឃើញទឹកធ្លាក់ប៊ូស្រា។ នៅក្នុងខេត្តកំពត អ្នកប្រើប្រាស់អាចឡើងលើភ្នំបូកគោ ហើយមើលឃើញវត្តសំពៅ៥។ នៅក្នុងខេត្តកំពង់ចាម ពួកគេអាចមើលឃើញប្រាសាទវត្តនគរ។
ក្រុមហ៊ុនអុីនធើណិតខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចាប់ផ្ដើមគម្រោងនេះកាលពីខែកក្កដាកន្លងទៅ។ លោក ឌីវ៉ុន លែន (Divon Lan) នាយកផ្នែកផលិតផលនៅក្រុមហ៊ុនហ្គូហ្គល បានមានប្រសាសន៍ថា ” យើងទាំងអស់គ្នាសង្ឃឹមថា គម្រោងស្ទ្រីតវ្យូ ដែលយើងចាប់ផ្ដើមក្នុងប្រទេសកម្ពុជានាថ្ងៃនេះ នឹងបង្កើតវិធីថ្មីៗសម្រាប់ប្រជាជនទូទាំងពិភពលោកស្វែងយល់ពីកម្ពុជា ហើយតាមរយៈការធ្វើបែបនេះនឹងជួយបង្កើនការយល់ដឹងកាន់តែច្បាស់ពីប្រទេសនេះ និងទាក់ទាញទេសចរបន្ថែមទៀត”។
លោក សូ វិសុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា គម្រោងថ្មីបំផុតរបស់ក្រុមហ៊ុនហ្គូហ្គលនេះ នឹងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ហើយជួយពួកគេធ្វើដំណើរទៅកាន់កន្លែងផ្សេងៗនៅពេលពួកគេមកដល់កម្ពុជា។
លោកបានមានប្រសាសន៍បន្តថា “វាដូចជាមគ្គុទ្ទេសក៍ទេសចរអ៊ីចឹង ពីព្រោះនៅពេលពួកគេមកដល់ទីនេះ ពួកគេអាចស្វែងរកតំបន់ទេសចរណ៍បាន និងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយបានដោយងាយស្រួល។ វានឹងជួយបង្កើនទេសចរជាតិ និងអន្តរជាតិ ពីព្រោះអ្នកគ្រប់គ្នាអាចស្វែងរក និងចែករំលែកគ្នាអំពីកន្លែងនានាបាន”។
គម្រោងនេះកើតមានឡើងបួនខែបន្ទាប់ពីក្រុមហ៊ុនហ្គូហ្គល បានចាប់ផ្ដើមផែនទីផ្កាយរណបនៃឧទ្យានបុរាណអង្គរ ក្នុងខេត្តសៀមរាប ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងរកប្រាសាទបានជាង១០០ រួមទាំងប្រាសាទអង្គរវត្តផង៕ សុខុម