យោងតាមលោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសជនជាតិអាហ្វ្រិក៩នាក់ដែលនគរបាលអន្តោប្រវេសន៍ឃុំខ្លួននៅដើមសប្តាហ៍នេះ ព្រោះបានធ្វើលិខិតឆ្លងដែននិងទិដ្ឋាការក្លែងក្លាយនោះ នឹងត្រូវនិរទេសចេញពីប្រទេសកម្ពុជា។
លោក ហៃសិលា មានប្រសាសន៍ថា “យើងនឹងបណ្តេញពួកគេចេញពីប្រទេសកម្ពុជា ពីព្រោះពួកគេបានរំលោភច្បាប់អន្តោប្រវេសន៍កម្ពុជា ព្រោះបានធ្វើលិខិតឆ្លងដែនក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា”។
បន្ទាប់ពីបានទទួលដំណឹងពីអាជ្ញាធរមូលដ្ឋាននៅសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ នគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនបុរសទាំង៩នាក់នោះ ដែលមកពីប្រទេសនីហ្សេរីយ៉ា ស៊ីរ៉ាលីអូន និងប្រទេសហ្គីណេ កាលពីយប់ថ្ងៃអង្គារ។
លោក ហៃសិលា មានប្រសាសន៍ថា “បន្ទាប់ពីយើងបានសាកសួរជនបរទេសទាំងនេះ យើងក៏បានរកឃើញថា ទិដ្ឋាការរបស់ពួកគេក៏ហួសសុពលភាពដែរ”។ លោកបានបន្ថែមថា ក្រុមនេះក៏បានលក់ឯកសារខុសច្បាប់ឲ្យជនបរទេសផ្សេងទៀតដែរ។
លោក ហៃសិលា បានឲ្យដឹងទៀតថា គេរំពឹងថា បុរសទាំង៩នាក់នេះនឹងចំណាយថ្លៃជិះយន្តហោះដោយខ្លួនឯង ហើយប្រសិនបើពួកគេមិនអាចចំណាយបានទេនោះ អាជ្ញាធរនឹងទាក់ទងស្ថានទូតរបស់ពួកគេឲ្យជួយ៕មានិត