26 C
Phnom Penh

យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បី​​​នាក់​​​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​បណ្ដោះ​​​អាសន្ន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បី​​​នាក់​​​ ដែល​​​ប្រឈម​​​បទ​​​ចោទ​​​ជុំ​​​វិញ​​​ការ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ខែ​​​កក្កដា នៅ​​​ទីលាន​​​ប្រជាធិបតេយ្យ ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​ពី​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពី​​​ថ្ងៃសុក្រ មាន​​​ន័យ​​​ថា សមាជិក​​​បក្ស​​​ប្រឆាំង​​​ទាំង​​​១៦​​​នាក់​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អ្វី​​​ដែល​​​ព្រះ​​​រាជ​​​អាជ្ញា​​​ហៅ​​​ថា ជា​​​ការ​​​បះបោរ​​​​​​នោះ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព​​​វិញ​​​​​​នៅ​​​ពេល​​​នេះ។CNRP-cam-photo-front

សាលា​​​ឧទ្ធរណ៍​​​បាន​​​ច្រាន​​​ចោល​​​​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ មិន​ព្រម​ឲ្យ​នៅ​​​ក្រៅ​​​ឃុំ​​​ចំពោះ​អ្នក​ទាំង​​​បី​​ ដែល​​​ជាប់​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​សីហា។ ប៉ុន្តែ បទ​​​ចោទ​​​​​​មាន​​​ចាប់​​​តាំង​​​ពី​​​ការ​​​បះបោរ​​​រហូត​​​ដល់​​​ការ​​​ចូល​​​រួម​​​ការ​បះបោរ នៅ​​​តែធ្វើ​ឲ្យ​សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំ​​​ពីរ​​​នាក់​​​ និង​​​សកម្មជន​​​គណបក្ស​​​ប្រាំ​​​បួន​​​នាក់​​​ព្រួយ​បារម្ភ​​​​នៅ​​​ឡើយ។

ចៅក្រម​​​ជំនុំ​​​ជម្រះ​​​ សេង ស៊ីវុត្ថា អនុប្រធាន​​​សាលាឧទ្ធរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដោះ​​​លែង​​​ពួក​​​គេ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​ ពី​​​ព្រោះ​​​យើង​​​បាន​​​ពិចារណា​​​ថា ពួកគេ​​​មាន​​​ប្រពន្ធ​​​ និង​​​កូន​​​ ហើយ​​​ពួក​​​គេ​​​មាន​​​អាសយដ្ឋាន​​​ច្បាស់​​​លាស់ និង​​​ថែម​​​ទាំង​​​បាន​​​សន្យា​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​ជ្រៀត​​​ជ្រែក​​​​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​របស់​​​តុលាការ​​​ទៀត​​​ផង​​​​​​”។

ដោយ​​​បន្ថែម​​​ថា មិន​​​មាន​​​សម្ពាធ​​​នយោបាយ​​​​​​ក្នុង​​​ការ​​​បដិសេធ​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​នោះ លោក ស៊ី​​​វុត្ថា បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ត្រូវ​​​អនុវត្ត​​​តាម​ច្បាប់ ប្រសិន​​​បើ​​​ពួក​​​គេ​​​រំលោភ​​​ច្បាប់ តុលាការ​​​នឹង​​​ចាប់​​​ខ្លួន​​​ និង​​​ដាក់​​​ពន្ធនាគារ​​​ជា​​​ថ្មី​​​”។

លោក កេត ឃី មេធាវី​​​របស់​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទាំង​​​បី​​​រូប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បាន​​​ដាក់​​​ប្រាក់​​​​​​​​​ធានា​​​សរុប៧.៥០០​​​ដុល្លារ​​​។

លោក ឃិន ជំរឿន ប្រធាន​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក នាង​​​ សុឃុន មេដឹកនាំ​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ខណ្ឌ​​​ទួល​​​គោក និង​​​លោក សាន គឹមហេង ហិរញ្ញិក​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​សីហា ដោយសារ​​​តួនាទី​​​របស់​​​ពួក​​​គេ​​​ក្នុង​​​បាតុកម្ម​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា ទាម​​​ទារ​​​ឲ្យ​​​បើក​​​ទីលាន​​​​​​​​​​​​ប្រជា​​ធិបតេយ្យ​​​ ដែល​​​ត្រូវ​​ព័ទ្ធ​​​ជុំ​​​វិញ​​​ដោយ​​​របង​​​លួស​​​បន្លា​​​នៅ​​​ពេល​​​នោះ​​​។

អ្នក​​​ទាំង​​​បី​​​ត្រូវ​​​បាន​​​ចោទ​​​ពី​​​បទ​​​ចូល​​​រួម​​​ក្នុង​​​កុបកម្ម​​​ និង​​​​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ បន្ទាប់​​​ពី​​​អ្នក​​​តវ៉ា​​​មួយ​​​ក្រុម​​​បាន​​​តដៃ​នឹង​​​សន្តិសុខ​​​ដែល​​​ធ្វើការ​​​ឲ្យ​​​សាលា​​​រាជ​​​ធានី​​​ ដែល​​​ជា​​​ច្រើន​​​ខែ​​​មក​​​ហើយ​ បាន​​​​​​វាយ​​​បំបែក​​​បាតុកម្ម​​​បក្ស​​​ប្រឆាំង​​​យ៉ាង​​​ហិង្សា។ យ៉ាង​​​ហោច​​​ណាស់​​​សន្តិសុខ​​​បី​​​នាក់​​​រង​​​ការ​​​វាយ​​​ដំ​​​យ៉ាង​​​ខ្លាំង​​​ ហើយ​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​ព្យាបាល​​​របួស​​​។

នៅ​​​ថ្ងៃ​​​បាតុកម្ម​​​​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក​​​ស្រី មូរ សុខហួរ​​​ សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នោះ​​​ លោក​​​ស្រី​​​ និង​​​សមាជិក​​​សភា​​​​ មាន​​​លោក ហូរ វ៉ាន់  លោក មែ៉ន សុថាវរិន្ទ្រ និង​​​លោក​​​ កែវ ភិរម្យ​​​​​​​​​​​​​​​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​។ នៅ​​​ថ្ងៃ​​​បន្ត​​​បន្ទាប់​​​មក​​​ទៀត​ សមាជិក​​​សភា​​​ លោក​​​ រៀល ខេមរិន្ទ្រ លោក​​​ នុត រំដួល និង​​​លោក ឡុង​​​ រី ក៏​​​ដូច​​​ជា​​​លោក អឿ ណារិទ្ធ ជំនួយ​​​ការ​​​របស់​​​លោក​​​ស្រី មូរ សុខ​​​ហួរ ក៏​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដាក់​​​ពន្ធនាគារ​​​ដែរ​​​។

អ្នក​​​ទាំង​​​ប្រាំបី​​​ត្រូវ​​​បាន​​​ចោទ​​​ពី​​​បទ​​​ដឹក​​​នាំ​​​ការ​​​បះបោរ​​​ និង​​​ពី​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស។ ពួកគេ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា តែ​​​ប៉ុន្មាន​​​ម៉ោង​​​បន្ទាប់​​​ពី​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ដើម្បី​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​​​​របស់​​​គណបក្ស​​​ប្រឆាំង​​​មិន​​​ចូល​​​សភា។

ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ សកម្ម​​​ជន​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀត​​​មាន​​​លោក មៀច សុវណ្ណារ៉ា លោក ទេព ណារិន លោក សម សីហៈ លោក អ៊ុក​​​ ពេជ្រ​​​សំណាង​​​ និង​​​លោក អាន បឋម ត្រូវ​​​បាន​​​តុលាការ​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​ខ្លួន​​​ពី​​​បទ​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បះបោរ​​​។

លោក​​​ស្រី មូរ សុខ​​​ហួរ បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោកស្រី​​​មាន​​​ជំនឿ​​​ចិត្ត​​​ថា គណបក្ស​​​ “អាច​​​បន្ត​​​តាម​​​ស្មារតី​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា” បើ​​​ទោះ​​​ជា​​​មន្ត្រី​​​បក្ស​១៦​រូប​​​ជាប់​​​ការ​​​ចោទ​​​ប្រកាន់​​​ ដែល​​​អាច​​​​​​មាន​​​ទោស​​ជាប់​​​ពន្ធនាគារ​​​​ដល់​​​ទៅ​​​៣០​​​ឆ្នាំ​​​​​​​​​​​​​​​​​​​​​នៅ​​​ឡើយ​​​ក្តី​​​។

លោក​​​ស្រី​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​កំពុង​​​ខិតខំ​​​ដើម្បី​​​ឲ្យ​​​ប្រាកដ​​​ថា លែង​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​           ហើយ​​​ការ​​​ចោទ​​​ប្រកាន់​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​។ ខ្ញុំ​​​គិត​​​ថា យើង​​​អាច​​​បោះ​​​ជំហាន​​​ទៅ​​​មុខ​​​តាម​​​ស្មារតី​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​។ នៅ​​​ថ្នាក់​​​បច្ចេក​​​ទេស គណបក្ស​​​ទាំង​​​ពីរ​​​កំពុង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​អំ​​​ពី​​​កំណែទម្រង់​​​ [ គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​] ហើយ​​​នោះ​​​ជា​​​រឿង​​​ល្អ​​​”។

នៅ​​​ថ្ងៃ​​​ដែល​​​សមាជិក​​​សភា​​​ប្រាំពីរ​​​រូប​​​ និង​​​​​​សកម្ម​​​ជន​​​ម្នាក់​​​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​នោះ លោក​​​ ព្រុំ​​​ សុខា រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​តំណាង​​​គណបក្ស​​​កាន់​​​អំណាច​​​​​​ក្នុង​​​ការ​​​ចរចា​​​ឈាន​​​​​​ទៅដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ខែ​​​កក្កដា​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា ” សភា​​​ជាតិ​​​នឹង​​​ពិចារណា​​​អំពី​​​អភ័យ​​​ឯកសិទ្ធិ​​​របស់​​​ពួក​​​គេ​​​ និង​​​ស្នើ​​​ឲ្យ​​​តុលាការ​​​ឈប់​​​ចាត់​​​ការ​​​រឿង​​​ក្តី​​​នេះ​​​”។

លោក ព្រុំ សុខា មិន​​​អាច​​​ទាក់ទង​​​ ដើម្បី​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។

លោក​​​ សុក សំអឿន មេធាវី​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​លេច​​​ធ្លោ​​​ម្នាក់​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា បទ​​​ចោទ​​​ប្រកាន់​​​លើ​​​អ្នក​​​ទាំង​​​១៦​​​អាច​​​ធ្វើ​ឲ្យ​ពួក​​​គេ​​​​​​បារម្ភ​មិន​​​ចេះ​​​ចប់​​​ ហើយ​​​ថា ពួកគេ​អាច​ត្រូវ​ហៅ​ទៅ​តុលាការ​តាម​តែ​ចិត្ត។

លោក សុក សំអឿន បាន​​​​​​មាន​​​ប្រសាសន៍​​​អំពី​​​បទ​​​ចោទ​​​ប្រកាន់​​ថាអាច​​​នៅ​​​បន្ត​​​ដោយ​​​គ្មាន​​​ការ​​​ជំនុំ​​​ជម្រះ​​​​​​ដល់ពេល​ណា​នោះ​​​ថា “មិន​​​មាន​​​ការ​​​កំណត់​​​ពេល​​​ទេ​​​។ យើង​​​អាច​​​មើល​​​ឃើញ​​​ថា ក្នុង​​​ករណី​​​នយោ​​​បាយ​​​ជា​​​ច្រើន​​​​​​ ដូច​​​ជា​​​ករណី​​​របស់​​​លោក​​​ស្រី​​​ មូរ សុខ​​​ហួរ​​​ ជាដើម​​​ វា​​​នៅ​​​មិន​​​ទាន់​​​បិទ​​​នៅ​​​ឡើយ​​​  ។ តុលាការ​​​អា​​​ច​​​កោះ​​​ហៅ​​លោក​​​ស្រី​​​មក​​​ពេល​​​ណា​​​ក៏​​​បាន​​​”៕មានិត​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស