កាលពីថ្ងៃសុក្រ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ មន្ត្រីរដ្ឋាភិបាលជប៉ុនជាន់ខ្ពស់មួយរូបបានផ្ដល់ជំនួយក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតរបស់ប្រទេសកម្ពុជា ដែលសព្វថ្ងៃគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
សមាជិកសភាជប៉ុនពីររូបផ្សេងទៀតបានអមដំណើរលោក អាស៊ូម៉ា កូស៊ីអីុស៊ី (Azuma Koshiishi) អនុប្រធានព្រឹទ្ធសភាជប៉ុន ក្នុងពេលមកបំពេញទស្សនកិច្ចនេះ។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូជប៉ុនមួយក្រុមមានសមាជិក១០រូប បានមកកាលពីខែឧសភា ដើម្បីសិក្សាចង់ដឹងថា ខ្លួនអាចជួយសម្របសម្រួលកំណែទម្រង់បោះឆ្នោតដោយរបៀបណា បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំជំនួយជប៉ុនមុនគេក្នុងដំណើរការកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនេះក៏ដោយ ក៏បក្សប្រឆាំងសប្បាយរីករាយក្នុងការមានជំនួយនេះដែរ។
ដោយបន្ថែមថា ប្រទេសកម្ពុជាអាចរៀនសូត្របានច្រើនពីប្រទេសជប៉ុនតាមរយៈជំនាញបច្ចេកទេសរបស់ជប៉ុនក្នុងការរៀបចំចុះឈ្មោះនិងដំណើរការបោះឆ្នោតនោះ លោកបានមានប្រសាសន៍ថា “យើងបានស្នើឲ្យប្រទេសជប៉ុនជួយត្រួតពិនិត្យដំណើរការនៃស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា”។ លោក សម រង្ស៊ី មានប្រសាសន៍ថា “ជាពិសេសប្រព័ន្ធអេឡិចត្រូនិកដែលត្រូវការសម្រាប់ការចុះឈ្មោះ និងការបោះឆ្នោតនេះ ប្រសិនបើយើងប្រើប្រព័ន្ធនោះនាពេលក្រោយ”។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណៈប្រតិភូជប៉ុនបានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនក្នុងការផ្ដល់ជំនួយ នៅពេលណាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបញ្ចប់កំណែទម្រង់ ក្នុងនោះមានទាំងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងស្រុង និងច្បាប់បោះឆ្នោតថ្មី ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងមួយកាលពីខែកក្កដារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ។
លោក កឹម សុខា បានមានប្រសាសន៍ថា “គេបាននិយាយថា ប្រសិនបើគណបក្សសង្គ្រោះជាតិមានអំណាចច្រើនដូចនេះ ក្នុងសភាជាតិ យើងអាចមានតុល្យភាពក្នុងស្ថាប័នរដ្ឋ ជាពិសេសអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ”។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យរបស់លោក ហេង សំរិន មានប្រសាសន៍ថា ទស្សនកិច្ចរបស់លោក កូស៊ីអីុស៊ី នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យោងតាម លោក ពិសិដ្ឋ ឲ្យដឹងថា លោក កូស៊ីអីុស៊ី បានប្រាប់លោក ហេង សំរិន ថា “ខ្ញុំសូមវាយតម្លៃខ្ពស់ ដែលចាប់តាំងពីការបោះឆ្នោតឆ្នាំមុនមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបាននិងកំពុងសហការគ្នា ដើម្បីគោលដៅនយោបាយរួម ហើយការធ្វើការរួមគ្នាក្នុងសភា មានន័យថា ជាជំហានថ្មីមួយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា”។
សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានគម្រោងជួបប្រជុំនៅសភាជាតិនាថ្ងៃអង្គារ ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសភាថ្មី និងប្រធានគណៈកម្មការសភាចំនួន១០ ដែលនឹងត្រូវបែងចែករវាងគណបក្សជាប់ឆ្នោតទាំងពីរ៕មានិត