31 C
Phnom Penh

ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​​ប្ដេជ្ញា​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ខ្លួន​​​បាន​​​​បណ្ដេញ​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​រយៈពេល​ជាង​​​១៥​​​ខែ​​​ក្រោយ​​​ពី​​​របាយការណ៍​​​មួយ​​​របស់​​​អង្គការ​​​ក្លូបល វីតណេស (Global Witness) បាន​​​លាតត្រដាង​​​ថា ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​រដ្ឋ​​​ដ៏​​​ធំ​​​របស់​​​ប្រទេស​​​វៀតណាម​​​ បាន​​​ឈូស​​​ឆាយ​​​ដី​​​ និង​​​បណ្ដេញ​​​សហគមន៍​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ចេញ​ដោយ​​​ខុស​​​ច្បាប់​​​​រួច​មក​​ ក្រុមហ៊ុន​​​នេះ​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​នឹង​​​ទទួល​​​យក​​​ ហើយ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​របស់​​​ប្រជា​ពល​រដ្ឋ​ដែល​​​រង​ផល​​​ប៉ះ​ពាល់​នៅ​ក្នុង​ការ​រស់​នៅ​របស់​ខ្លួន​។

យោង​​​តាម​​​អង្គការ​​​ ក្លូបល វីត​​​ណេស បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ Vietnam Rubber Group (VRG) ដែល​​​ចាត់​​​ទុក​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរ​​​ជាតិ​​​ (IFC) របស់​​​ធនាគារ​​​ពិភព​​​លោក​​​​​​ ជា​​​ម្ចាស់​​​ភាគ​​​ហ៊ុន​​​ ​​​ប្រមូល​បាន​​​ដី​ទំហំ​​​​ជាង​​​១៤០​​​.០០០ហិកតា​​​​តាម​រយៈ​សម្បទាន​​​ដីសេដ្ឋ​​​កិច្ច​​​ចំនួន​​​១៩​​​​​​កន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​ប្រាំ​​​បី​​​។

​​​       របាយការណ៍​​​ឆ្នាំ​​​២០១៣​​​របស់​​​អង្គការ​​​ ក្លូបល វីត​​​ណេស ដែល​​​មាន​​​ឈ្មោះ​​​ថា “អភិជន​កៅស៊ូ​​​៖ តើ​​​ក្រុមហ៊ុន​​​វៀតណាម​​​ និង​​​ហិរញ្ញិក​​​អន្តរ​​​ជាតិ​​​កំពុង​​​តែ​​បង្ក​​​​​ឲ្យ​មាន​វិបត្តិ​​​ចាប់​​​យក​​​ដី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ឡាវ ដោយ​របៀប​ណា” បាន​​​បង្ហាញ​​​ពី​​​វិធី​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​វៀតណាម​​​​​​ ដែល​​​ជា​​​ញឹក​​​ញាប់​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​ដីធ្លី​​​​​ខុស​​​ច្បាប់​​​ជាមួយ​​​រដ្ឋាភិបាល​​​កម្ពុជា ដោយ​​មិន​​​​គិត​​​គូរ​ដល់​​​​សហគមន៍​​​​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ទី​​​នោះ​​​ឡើយ។

អង្គការ​​​ក្លូបល​​​ វីត​​​ណេស បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា ពេល​​​នេះ​​​ បន្ទាប់​​​ពី​​​ការ​បញ្ចុះ​​​បញ្ចូល​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ឲ្យ​​​​មាន​​ការ​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សហគមន៍​​​ដែល​​​ខ្លួន​​​បណ្តេញ​ចេញ​ និង​ការ​​​​បំផ្លាញ​​​ព្រៃ​​​ឈើដែល​​​សហគមន៍​​​ពឹង​​​ផ្អែក ក្រុមហ៊ុនVRG បាន​​​ប្រកាស​​​ថា ខ្លួន​​​ប្ដេជ្ញា​​​ចិត្ត​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​នានា។

លោកស្រី​​​ មីហ្គែន មែកឃីនីស (Megan MacInnes) ប្រធាន​​​ក្រុម​​​ផ្នែក​​​ដីធ្លី​​​នៅ​​​​អង្គការ​​​ក្លូបល​​​ វីត​​​ណេស ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពេល​​​នេះ​​​​​​តេស្ត​​​សាក​​​ល្បង​នេះ​​​​នឹង​​​បង្ហាញ​​​ថា ​​​តើ​​​សហគមន៍​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​សម​​​រម្យ​​​ដែរ​​​ទេ​​​ចំពោះ​​​ពាក្យ​​​បណ្ដឹង​​​របស់​​​ខ្លួន​​​។ នេះ​​​គួរ​​​តែ​​​រាប់​​​បញ្ចូល​​​សំណង​​​ជា​​​ប្រាក់​​​ ព្រម​​​ទាំង​​​ជម្រើស​​​ជីវភាពផ្សេង​​​​ផង​​​ដែរ​​​សម្រាប់​​​អ្នក​​​ដែល​​​បាន​​​បាត់​​​បង់​​ដីធ្លី​​​​ដោយសារ​​​ប្រតិបត្តិការ​​​របស់​​​ក្រុម​​​ហ៊ុន VRG”។

​​​ភាគ​​​ច្រើន​​​នៃ​​​ដី​​​សម្បទាន​​​របស់​​​ក្រុមហ៊ុន VRG ស្ថិត​​​នៅ​​​តាម​​​តំបន់​​​ដាច់​​​ស្រយាល​​​ ហើយ​​​​​​បាន​​​បណ្ដេញ​​​សហគមន៍​​​ជន​​​ជាតិ​​​ដើមភាគ​​​តិច​​​ដែល​​​វប្បធម៌​​​របស់​​​ពួក​​​គេ​​​​​​មាន​​​នៅ​​​ជុំ​​​វិញព្រៃ​​​ដែល​​​ពួក​​​គេ​​​រស់​​​នៅ​​​។ ដីកប់​​​ខ្មោច​​​ដូន​​​តា​​​របស់​​​ក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ទាំង​​​នោះ​ក៏​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​បាន​​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​បំផ្លាញ​​​ចោល និង​​​ជំនួស​​​ដែរ​​​។

យោង​​​តាម​​​លោកស្រី​​​ មីហ្គែន មែក​​​ឃីនីស ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា អង្គការ​​​ក្លូបល​​​ វីត​​​ណេស ​​​នឹង​​​​​​ធ្វើការ​​​ជាមួយ​​​ក្រុម​​​ហ៊ុន VRG នៅ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​​ក្រោយដើម្បី​​​ធានា​​​ថា ពាក្យ​​​បណ្ដឹង​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​ត្រឹម​​​ត្រូវ​​​។ លោកស្រី​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា ការ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា គ្មាន​​​ពាក្យ​​​បណ្ដឹង​​​ណា​​​មួយ​​​​​​មិន​​​ត្រូវ​​​បាន​​​គេ​​​អើពើ​​​ គឺ​​​ជា​​​អាទិភាព។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “អ្វី​​​ដែល​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​គឺ​​​ថា ការ​​​ទទួល​​បាន​​​​​​លេខ​​​យោង​​​ នឹង​​​ត្រូវ​​​ចេញ​​​ផ្សាយ​​​ភ្លាមៗ​​​ នៅ​​​ពេល​​​​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​ ការ​​​សើុប​​​អង្កេត​​​ឬ​​​សំណើ​​​នីមួយ​​​ៗ”។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពាក្យ​​​បណ្ដឹង​​​អាច​​​ដាក់​​​បាន​​​នៅ​​​តា​​​ម​​​ការិយាល័យក្រុម​ហ៊ុន​​​​​​ចម្ការ​​​កៅស៊ូ ការិយាល័យ​​​របស់​​​ក្រុមហ៊ុន​​​ VRG​​​ នៅ​​​ភ្នំពេញ​​​ ឬ​​​តាម​​ប្រៃសណីយ៍​ ហើយ​​​ក្រុមហ៊ុន​នេះ​បាន​​​ប្ដេជ្ញា​​​​ថា​​នឹង​ឆ្លើយ​​​តប​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “សំណួរ​​​ត្រង់​​​ថា តើ​​​ក្រុមហ៊ុន​​​ជា​​​សមាជិក​​​របស់​​​ VRG ពិត​​​ជា​​​គោរព​​​តាម​​​ការ​​​ណែ​​​នាំ​​​នេះ​​​ ហើយ​​​ថា តើ​​​វា​​​ត្រូវ​​​បាន​​​អនុវត្ត​​​តឹង​​​រឹុង​​​ប៉ុណ្ណា”។

លោក ដេវីដ ប្រេដ (David Pred) នាយក​​​គ្រប់​​​គ្រង​​​នៅ​​​ Inclusive Development International​​​ ដែល​​​តស៊ូ​​​មតិ​​​ដើម្បី​​​សហគមន៍​​​​​ត្រូវ​​​​​​គេ​​​បណ្ដេញ​​​ចេញ​​​ បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​ ដ៏​​​ធំ​​​មួយ​​​ទៀត ដែល​​​គ្រប់​​​គ្រង​​​ក្រុម​​​ហ៊ុន ហ័ង​​​អាញ់​​​ យ៉ាឡៃ ក៏បាន​​​ផ្ដល់​​​សម្បទាន​​​ខ្លះ​ដែរ​​​។

ក្រុមហ៊ុន ហ័ង​​​អាញ់​​​ យ៉ាឡៃ ដែល​​​ទទួល​​​បាន​​​មូល​​​និធិ​​​មួយ​​​ភាគ​​​ពី​​​ធនាគារ​​​ពិភព​​​លោក​​​ និង​​​ដែល​​​ត្រូវ​​​អង្គការ​​​ក្លូបល​​​ វីត​​​ណេស​​​ចោទ​​​ប្រកាន់​​​ថា បាន​​​កាប់​​​ឆ្ការ​​​ព្រៃ​​​ និង​​​បាន​​​បណ្ដេញ​​​សហគមន៍​​​​ចេញ​ដោយ​​​ខុស​​​ច្បាប់​​​ដែរ​​​នោះ​​​ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​ពិនិត្យ​​​តាម​​​ដាន​​​ពី​​​តំណាង​​​ IFC ​​​ដែល​​​ពេល​​​នេះ​​​កំពុង​​​សម្រប​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​ចរចា​​​រវាង​​​ក្រុមហ៊ុន និង​​​​​​សហគមន៍​​​រង​​​ផល​​​ប៉ះ​​​ពាល់។

លោក ដេវីដ ប្រេដ បាន​​​មាន​​​ប្រសាសន៍​​​ថា “តំណាង​​​ក្រុមហ៊ុន​​​បាន​​​ប្រាប់​​​យើង​​​ និង​​​​​​សហគមន៍​​​ទាំង​​​នោះ​​​ថា ពួក​​​គេ​​​ទទួល​​​ស្គាល់​​​ថា ពួក​​​គេ​​​បាន​​​ធ្វើ​​​ខុស ហើយ​​​កំពុង​​​ប្ដេជ្ញា​​​ធ្វើ​​​ការ​​​កែ​​​តម្រូវ។ ប៉ុន្តែ យើង​​​កំពុង​​​រង់ចាំ​​​មើល​​​ថា តើ​​​ការ​​​ប្ដេជ្ញា​​​នេះ​​​នឹង​​ពិត​​​ជា​នាំ​ឲ្យ​មាន​ការ​​​​​ប្រគល់​​​ដី​​​សហគមន៍ ​​​និង​​​តំបន់​​​ពិសិដ្ឋ​​​ ដែល​​​សម្បទាន​​​របស់​​​ក្រុមហ៊ុន ហ័ង​​​អាញ់ យ៉ា​​​ឡៃ បាន​​​រឹប​​​អូស​​​ដោយ​​​ខុសច្បាប់​​​ ឬ​​​យ៉ាងណា​​​”។

លោក អ៊ាង វុទ្ធី នាយក​​​ប្រតិបត្តិ​​​ិ​​​អង្គការ​​​សមធម៌​​​កម្ពុជា ​​​ដែល​​​បាន​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​​ដើម្បី​សហគមន៍​​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​​​​ទាំង​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សម្រាប់​​ករណី​ខ្លះ ​​​​​​សំណង​​​មិន​​​អាច​ប៉ះ​ប៉ូវ​បាន​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “វា​​​ពិបាក​​​នឹង​​​ផ្ដល់​​​សំណង​​​ណាស់​​​។ ទាំង​​​នេះ​​​គឺ​​​ជា​​​ជន​​​ជាតិ​​ដើម​​​ភាគ​​​តិច ហើយ​​​ពួក​​​គាត់​​​មាន​​​របៀប​​​រស់​​​នៅ​​​ និង​​​វប្បធម៌​​​ខុស​​​ប្លែក​​​ពី​​​គេ។ កន្លែង​​​កប់​​​ខ្មោច​​​ និង​​​ព្រៃ​​​អ្នក​​​តា​​​មិន​​​អាច​​​ជំនួស​​​បាន​​​ឡើយ។ ហើយ​​​ក៏​​​ត្រូវ​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នេះ​​​ដែរ​​​​ថា អ្វី​​​ដែល​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​គឺ​​​ខុស​​​ច្បាប់”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស