33.3 C
Phnom Penh

មន្ត្រី​បក្ស​ត្រូវ​បាន​ឃុំ​​ខ្លួន​ពីបទ​ចែកចាយ​ខិត្តប័ណ្ណ​គោល​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍ នគរ​បាល​បាន​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​​នយោបាយ​ដ៏​តូច​មួយរយៈ​ពេល​ខ្លី​​​ ពីបទ​ចែក​ចាយ​ខិត្តប័ណ្ណ​​ដែល​​បង្ហាញ​ពី​គោល​នយោបាយ​របស់​គណបក្ស​លោក​នៅ​តាម​ទីផ្សារ​​ក្នុង​រាជ​ធានីភ្នំពេញ​។

លោក ឃុន សាវ៉ាក់​ខិត ​​នាយក​ប្រតិបត្តិ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ដែល​ស្ថិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​លើក​ឡើង​ថា លោក​ត្រូវ​នគរ​បាល​ខណ្ឌ​ដូនពេញ​ឃាត់​ខ្លួន​នៅ​ផ្សារ​ធំថ្មី ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាក​សួរ​នៅខណ្ឌ​ចំការ​​មន ជា​ទី​ដែល​លោក​ត្រូវ​បាន​ឃុំខ្លួន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បាន​ចោទ​ប្រកាន់​ខ្ញុំ​ពី​បទ​ចែក​ចាយ​ខិត្តប័ណ្ណ​ដោយ​ខុស​ច្បាប់ ពីព្រោះ​ពេល​នេះ​មិន​មែន​ជាពេល​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​នោះ​ឡើយ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​ចែក​ចាយ​ខិត្តប័ណ្ណ​ស្ដីពី​គោល​នយោបាយ​បក្ស​របស់​ខ្ញុំ​។ ខ្ញុំ​មិន​បាន​ធ្វើ​បាតុកម្ម​ណាមួយ​ទេ ពីព្រោះ​វា​បង្ក​ឲ្យ​មនុស្ស​បាត់​បង់ជីវិត​”។

នគរ​បាល​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ ប៉ុន្តែ​លោក ព្រំ សំខាន់ អភិបាល​ខណ្ឌ​ចំការ​មន​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​ឃុំ​ខ្លួន​លោក សាវ៉ាក់ខិត កាលពី​ថ្ងៃ​សៅរ៍។

លោក សំខាន់ បាន​មាន​ប្រសាសន៍​មុន​ពេល​ដាក់​​ទូរស័ព្ទ​ថា “យើង​គ្រាន់​តែ​ចង់​សាក​សួរ​គាត់​ប៉ុណ្ណោះ ព្រោះ​គាត់​បានដើរ​ចែក​ខិត្តប័ណ្ណ​បែប​នេះ​”។

ខិត្តប័ណ្ណ​របស់​លោក សាវា៉ក់ខិត គឺ​ជំរុញ​ឲ្យអ្នក​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ “ដើម្បី​នាំ​មក​នូវ​​សុភមង្គល និង​សង្គម​ដ៏ល្អ​ប្រសើរ​​ជូន​​កូន​ចៅ​របស់​យើង​ និង​ខ្លួន​របស់​យើង”។ ខិត្តប័ណ្ណ​នេះ​មាន​ខ្លឹមសារ​ថា គណបក្ស​ចង់​ ” ផ្លាស់​ប្ដូរ​ពី​សង្គម​ជាតិ​និយម​ទៅ​សង្គម​កម្ពុជា​នៃ​មហានគរ​វិញ​”។ ខិត្តប័ណ្ណ​នេះ​ក៏មានខ្លឹម​សារ​​​អំពាវ​នាវ​​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ “ពី​សង្គម ​ស្រី ស្រា ល្បែង ទៅ​ជា​សង្គម​វិបស្សនា​ ភាវនា សមាធិ ស្មឹងស្មាធិ៍ និង​អធិដ្ឋាន​ជា​ធំ​ផង​ដែរ​”។

លោក សុក សំអឿន មេធាវី​ដ៏ឆ្នើម​ និង​ជា​ស្ថាបនិក​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​បាន​លើក​ឡើង​ថា គ្មាន​ច្បាប់​ប្រឆាំង​នឹង​ការ​ចែក​ខិត្តប័ណ្ណ​​គោល​​នយោបាយ​បក្ស​​ក្រៅ​រយៈ​ពេល​ធ្វើ​យុទ្ធការ​ឃោសនា​ឡើយ។ លោក​បាន​មាន​ប្រសាសន៍ទាក់​ទង​នឹង​ការ​ឃុំ​​ខ្លួន​លោក សាវ៉ាក់ខិត​ ថា ” នេះ​ប្រហែល​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​”។

លោក ចាន់ យ៉េត អនុប្រធាន​គណបក្ស​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ សាវ៉ាក់ខិត ជារឿយៗ​តែង​តែ​ចែក​ខិត្តប័ណ្ណ​ដែល​គូស​បញ្ជាក់​ពី​គោល​នយោបាយ​បក្ស​។ លោក​បាន​មាន​ប្រសាសន៍​ថា “សកម្មភាព​របស់​គាត់​ គឺ​គ្រាន់​តែ​ដើម្បី​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ដល់​អ្នក​គាំទ្រ​​តែ​ប៉ុណ្ណោះ។ លោក សាវ៉ាក់ខិត គិត​ថា សកម្មភាព​នេះមិន​ខុស​ច្បាប់​ទេ​។ សម្រាប់​គាត់​វា​ជា​សកម្មភាព​ដូច​​ធម្មតា​៕ គឹមហឿន​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស