27.5 C
Phnom Penh

លោក សុខ ផល ចុះទៅ​ធ្វើ​ជំរឿន​ជន​ជាតិ​វៀតណាម​រស់​នៅ​លើបឹង​ទន្លេសាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​ចាប់​ផ្ដើម​ “ធ្វើ​ជំរឿន” អំពី​ជន​ជាតិ​វៀតណាម ដែល​រស់​នៅ​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ ដោយ​លោក សុខ ផល អគ្គនាយកនៃ​អគ្គនាយកដ្ឋាននេះ​​បាន​ចុះទៅ​ភូមិ​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍សាត់ ស្ថិត​នៅ​តាម​​បឹង​ទន្លេ​សាប។

លោក សារុន ចន្ធី ស្នង​ការ​រង​នគរ​បាល​ខេត្ត​ពោធិ៍សាត់ បាន​មាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍​ សុខ ផល និង​មន្ត្រី​មួយ​ក្រុម​មក​ពី​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ទៅ​ពិនិត្យ​មើល​ស្ថាន​ភាព​រស់​នៅ​របស់​សហគមន៍​វៀតណាម​ដែល​​រស់​នៅ​លើ​បឹង​ទន្លេសាប​។

លោក ចន្ធី បាន​មាន​ប្រសាសន៍​ថា “គាត់​បានចុះ​ទៅ​នៅ​ពេល​ព្រឹក​ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ជនជាតិ​វៀតណាម​​ ដែល​រស់​នៅ​លើ​បឹង​ទន្លេសាប”។ លោក​បាន​បន្ថែម​ថា ឧត្តម​សេនីយ៍​ សុខ ផល បាន​ធ្វើ​ដំណើរ​ទៅ​ឃុំ​កំពង់លួង ស្រុក​ក្រគរ។

លោក ចន្ធី ​បាន​ពន្យល់​ថា ការ​ជំរឿន​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ឧត្តម​សេនីយ៍​ សុខ ផល ជាមួយ​​នគរ​បាល​ខេត្ត​ទូទាំង​ប្រទេស។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ធ្វើ​ជំរឿន​នៅ​ទូទាំង​ប្រទេស​តែ​ម្ដង មិន​មែន​តែ​ក្នុង​ខេត្ត​ពោធិ៍សាត់​មួយ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​ជំរឿន​របស់​យើង ដើម្បី​រក​ឲ្យ​ឃើញ​​ថា តើ​ពួកគេ​រស់​នៅ​ស្រប​ច្បាប់​ ឬខុស​ច្បាប់”។

លោក ទឹម សារិន អភិបាល​ស្រុក​ក្រគរ ​បាន​មាន​ប្រសាសន៍​ថា ជំរឿន​មុនៗ​បាន​បង្ហាញ​ថា ជន​ជាតិ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​រស់​នៅ​ស្រដៀងគ្នា​នឹង​ជន​ជាតិ​ខ្មែរ​យើង​ដែរ​។ លោក សារិន បាន​មាន​ប្រសាសន៍​ថា ” ពួកគេ​ភាគ​​ច្រើន​រស់​នៅ​លើ​ទឹក ហើយពួកគេ​ធ្វើ​ការ​នៅ​តាម​​វិស័យ​ជំនួញផ្សេងៗ​ ដូច​ជា ការ​នេសាទ ការ​លក់​ដូរ​ទ្រង់ទ្រាយតូច និង​ការ​ងារ​ផ្សេងៗ​ទៀត។ ជីវភាព​រស់​នៅ​របស់​ពួកគេ​ស្រដៀង​​គ្នា​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ខ្មែរ​យើង”។

ឧត្តម​សេនីយ៍​ សុខ ផល បាន​មាន​ប្រសាសន៍​ថា លោក​មិនអាច​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ដំណើរ​របស់​លោក​ទៅ​កាន់​ឃុំ​កំពង់លួងបាន​ទេ​ ប៉ុន្តែ​លោក​ទំនង​ជា​បដិសេធ​ការដែលថា លោក​ទៅ​ទីនោះ​ដើម្បី​គ្រាន់តែ​មើល​ជនជាតិ​វៀតណាម​នោះ។

ឧត្តម​សេនីយ៍ សុខ ផល បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​បានក្រឡេកមើល​ពួកគេ​ទេ ប៉ុន្តែ​ពួកគេ​បាន​ក្រឡេក​មើល​មក​ខ្ញុំ​វិញ។ សូម​សួរ​នគរ​បាល​ខេត្ត​ពោធិ៍សាត់​ទៅ​”។ លោក​បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ​។

បន្ទាប់ពី​មាន​សំណើ​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​មាន​ប្រសាសន៍​នៅក្នុង​បទ​សម្ភាសន៍​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដាថា ក្រសួង​មហា​ផ្ទៃ​នឹង​ពិនិត្យ​មើល​ច្បាប់​អន្តោប្រវេសន៍ និង​ប៉ាន់​ប្រមាណ​អំពី​​ចំនួន​ជនជាតិ​​វៀតណាម ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ពេល​មុន​ថា គណបក្ស​ប្រឆាំង​នឹង​ស្វះ​ស្វែង​ដើម្បី​កំណត់​ចំនួន​ជន​បរទេស​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជាទាំង​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់ នៅ​ពេល​ដែល​គណបក្ស​ចូល​សភា។

នេះ​មិន​មែន​ជា​លើក​ទី១​ទេ ដែល​មាន​ការ​ធ្វើ​ជំរឿន​ជន​បរទេស​បែប​នេះ។ លោក ចន្ធី បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ជំរឿន​ម្ដង​កាលពី​ឆ្នាំ​២០១២​បង្ហាញ​ថា ជនជាតិ​វៀតណាម​ប្រហែល​១.០០០​នាក់​រស់​នៅ​លើ​បឹង​ទន្លេសាប​ស្ថិត​ក្នុង​ឃុំកំពង់​លួង។

ទោះ​ជាយ៉ាង​ណា លោក ឈួ ចាន់ឌឿន ​អភិបាល​​ខេត្ត​កំពង់ឆ្នាំង​ក្បែរ​នោះ ដែល​ជា​ខេត្ត​មាន​​ជនជាតិ​​វៀតណាម​មួយ​ចំនួន​ធំ​រស់​នៅ​លើ​បឹង​ទន្លេសាប​ដែរ​ បាន​មាន​ប្រសា​សន៍​ថា លោក​យល់​ថា ការ​ធ្វើ​ជំរឿន​នេះ​នឹង​ធំជាង​ពី​ធម្មតា​។

លោក​ ចាន់ឌឿន បាន​មាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍​ សុខ ផល​ បានចុះ​ធ្វើ​រឿង​នេះ​ដោយ​ខ្លួន​ឯង​ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​តែង​តាំង​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​មករា។

លោក​បានមាន​ប្រសាសន៍​ថា បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​បង្កើត​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ខ្ញុំ​បាន​ឮថា ក្រសួង​មហាផ្ទៃ​មាន​ផែន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ជំរឿន​លើ​ជន​បរទេស​​រួម​ទាំង​ជនជាតិ​វៀតណាម​ផង​​ដែរ”។

លោក ចាន់ឌឿន បាន​បន្ថែម​ថា “យើង​តែង​តែ​ធ្វើ​បច្ចុប្បន្ន​ភាព​ជំរឿន​នេះ​រាល់​ខែ។ ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​ផែន​ការ​ថ្មីទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា ជំរឿន​នេះ​នឹង​លម្អិត​ជាង​លើក​មុន​”។ លោក​បាន​មាន​ប្រសាសន៍​ថា ” វាជា​ការ​​សំខាន់​ណាស់ ទាក់​​ទង​ទៅ​នឹង​សុវត្ថិភាព សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ មិន​ថា​ជន​បរទេស​​ទាំង​នោះ​ល្អ​ឬអាក្រក់​ឡើយ​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស