អ្នកភូមិប្រហែល១០០គ្រួសារមកពីភូមិមួយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានដាក់ញត្តិទៅមេឃុំរបស់ខ្លួនកាលពីសប្ដាហ៍មុន តវ៉ាចំពោះការតែងតាំងបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានលួចត្រីឲ្យធ្វើជាប្រធានភូមិរបស់ពួកគាត់។
លោក ហ៊ុយ វណ្ណថន អាយុ៤៦ឆ្នាំ ជាតំណាងអ្នកភូមិបាននិយាយថា ញត្តិដែលមានស្នាមមេដៃអ្នកភូមិ១១៩គ្រួសារត្រូវបានដាក់ជូនទៅសាលាឃុំមៀន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការតែងតាំងលោក ស៊ិន ហឿន ជាប្រធានភូមិកេស។
លោក វណ្ណថន ដែលបានបន្ថែមថា ក្រុមអ្នកភូមិបានប្រមូលផ្ដុំគ្នាកាលពីម្សិលមិញ ដើម្បីពិភាក្សាពីការតែងតាំងលោក ហឿន នោះបាននិយាយថា ”ភូមិចង់ឲ្យជ្រើសរើសប្រធានភូមិថ្មីឡើងវិញ ឃុំបានជំទាស់មិនព្រមធ្វើតាមសំណើរបស់អ្នកភូមិឡើយ” ។
លោក ធឹម ពឿ អាយុ៤៣ឆ្នាំជាអ្នកភូមិម្នាក់ទៀតបាននិយាយថា លោក ហឿន ត្រូវគេដឹងឮថា បានលួចត្រីជាច្រើនអំឡុងពេលដែលលោកធ្វើជាអ្នកសម្របសម្រួលសហគមន៍នេសាទក្នុងមូលដ្ឋាន។ លោក ពឿ បាននិយាយថា “ខ្ញុំស្គាល់លោក ហឿន ច្បាស់នៅពេលដែលគាត់ជាអតីតប្រធានសហគមន៍នេសាទ គាត់បានលួចត្រីជាច្រើនសម្រាប់ក្រុមគ្រួសាររបស់គាត់”។
លោកបានបន្ថែមថា “ខ្ញុំជឿថា លោក ហឿន មិនសមធ្វើជាប្រធានភូមិទេ ពីព្រោះនៅពេលគាត់ជាប្រធានសហគមន៍នេសាទ គាត់បានលួចត្រីជាច្រើន ហើយគាត់នឹងធ្វើសកម្មភាពធ្ងន់ធ្ងរជាងនេះទៅទៀតនៅពេលដែលគាត់ក្លាយជាប្រធានភូមិ”។
លោក ពឿ បាននិយាយថា ក្រុមអ្នកភូមិមិនទទួលយកលោក ហឿន ទេ ប្រសិនបើការតែងតាំងរូបគាត់មិនត្រូវបានផ្លាស់ប្ដូរទេនោះ ហើយបានអះអាងថា ប្រធានថ្មីនេះបានរំលោភតួនាទីរបស់ខ្លួនរួចទៅហើយ។ លោកបាននិយាយថា “លោក ហឿន បានគំរាមកំហែងអ្នកភូមិថា គាត់នឹងមិនចុះហត្ថលេខាឲ្យអ្នកភូមិណាដែលមិនគាំទ្រគាត់ឲ្យធ្វើជាប្រធានភូមិឡើយ។
លោក ហឿន បានមានប្រសាសន៍ថា លោកមិនដែលបានលួចត្រីខណៈដែលលោកធ្វើជាប្រធានសហគមន៍នេសាទឡើយ ហើយបានមានប្រសាសន៍ថា ការចោទប្រកាន់នេះគឺជារឿងប្រឌិត។ លោកបានមានប្រសាសន៍ថា “ក្រុមអ្នកភូមិទាំងនោះមិនគាំទ្រខ្ញុំ ពីព្រោះពួកគាត់បានធ្វើនេសាទខុសច្បាប់ ហើយខ្ញុំបានចាប់ខ្លួនពួកគាត់ពីរបីលើក ហើយដកហូតយកឧបករណ៍នេសាទរបស់ពួកគាត់”។ លោកបានបន្ថែមថា “នេះគឺគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ។ ពួកគាត់ច្រណែននឹងខ្ញុំ ពីព្រោះខ្ញុំមានការងារថ្មីជាប្រធានភូមិ”។
លោក អ៊ុន តារា មេឃុំមៀនបានមានប្រសាសន៍ថា ប្រធានភូមិថ្មីនេះត្រូវបានតែងតាំងរួចហើយ ហើយមិនអាចមានការផ្លាស់ប្ដូរបានទេ ពីព្រោះក្រុមប្រឹក្សាឃុំដែលត្រូវបានជ្រើសរើសរួចបានជួបពិភាក្សា និងអនុម័តរួចហើយ។
លោកបានមានប្រសាសន៍ថា “យើងដាក់បេក្ខជនបីនាក់សម្រាប់ការជ្រើសរើសជាប្រធានភូមិ រួមមានអតីតអនុប្រធានភូមិ សមាជិកភូមិ និងប្រធានសហគមន៍នេសាទ”។ លោក តារា បានពន្យល់ថា លោក សន សឿន អតីតមេភូមិបានស្លាប់ក្នុងអាយុ៦០ឆ្នាំកាលពីថ្ងៃទី១៤ ខែសីហា ហើយច្បាប់តម្រូវឲ្យជ្រើសរើសប្រធានភូមិថ្មីក្នុងរយៈពេលមួយសប្ដាហ៍។ លោកបានមានប្រសាសន៍ថា ដោយអនុវត្តតាមច្បាប់នេះ ក្រុមប្រឹក្សាឃុំបានជួបប្រជុំគ្នា និងជ្រើសរើសលោក ហឿន។
លោកបានមានប្រសាសន៍ថា “សមាជិកប្រាំបួនរូបមកពីគណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី និងគណបក្ស នរោត្តម រណឫទ្ធិ បានចូលរួមកិច្ចប្រជុំនោះ ប៉ុន្តែមានតែសមាជិកប្រាំរូបប៉ុណ្ណោះមកពីគណបក្សប្រជាជនកម្ពុជាគាំទ្រលោក ហឿន។ យើងមិនអាចផ្លាស់ប្ដូរទេ ពីព្រោះយើងបានសម្រេចរួចហើយ”៕ សារុន