30 C
Phnom Penh

អ្នកភូមិ​ប្រទះ​ឃើញ​សាកសព​ស្ត្រីម្នាក់​សង្ស័យ​ថាត្រូវរំលោភបូក​ហើយ​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អធិការ​នគរ​បាល​ស្រុក​ភ្នំក្រវាញបាន​ឲ្យ​ដឹង​ថា សាក​សព​ស្ត្រី​អ្នក​បម្រើ​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅជិត​ផ្ទះ​ដែល​គាត់​បាន​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​​កាលពី​ថ្ងៃ​សៅរ៍ ដោយ​សង្ស័យ​ត្រូវ​បាន​រំលោភ​បូក​ហើយ​សម្លាប់។

លោក ញ៉ែម មី មេឃុំ​បាន​មាន​ប្រសាសន៍​ថា សាក​សព​ស្ត្រី​ឈ្មោះ ផុន សុភី អាយុ​៣៤​ឆ្នាំ​ត្រូវ​បាន​អ្នក​ភូមិ​ម្នាក់​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​តំបន់​ព្រៃ​មួយ​ចម្ងាយ​២០០​ម៉ែត្រ​ពី​ផ្ទះដែល​គាត់​ធ្វើ​ការ​ស្ថិត​ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ បន្ទាប់​ពី​បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​សុក្រ​។

លោក ញ៉ែម មី ​ដែល​បាន​លើកឡើង​​ថា​ គាត់​សង្ស័យ​ថា មាន​ជន​ល្មើស​​លើស​ពី​ម្នាក់​នោះ បាន​មាន​ប្រសាសន៍​ថា “គាត់​ដេក​នៅ​លើ​ដី​នៅ​ពេល​អ្នក​ភូមិ​បានប្រទះ​ឃើញ​ ​ហើយ​សាក​សព​ជន​រងគ្រោះ​ត្រូវ​បាន​រងការ​វាយ​ត្រង់​ក និង​ដៃ”។

យោង​តាម​លោក វង្ស សាវេ៉ត អធិការ​នគរ​បាល​ស្រុក​បាន​ឲ្យ​ដឹង​ថា បុរស​បួន​នាក់​ រួម​មាន​​ម្នាក់​ស្ថិត​ក្នុង​ចំណោម​​សមាជិក​គ្រួសារ​​ដែលជន​រងគ្រោះ​ទៅ​ស្នាក់​នៅ​ជាមួយ​ឈ្មោះ ប៊ុន សំអាត អាយុ​៥២​ឆ្នាំ​ត្រូវ​បាន​សាក​សួរ​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ បន្ទាប់ពី​សាក​សព​ស្ត្រី​ឈ្មោះ​ សុភី ត្រូវ​បាន​រក​ឃើញ​ ប៉ុន្តែ​អ្នក​ទំាង​អស់​នោះ​ត្រូវ​បាន​ដោះ​លែង​វិញ ហើយ​មិន​ទាន់​រក​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​ករណី​នេះ​ទេ​។

លោក សាវេ៉ត បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​បាន​កោះ​ហៅ​បុរស​បួន​នាក់​​អាយុ​ពី​៣២​ឆ្នាំ ដល់​៥០​ឆ្នាំ​មក​សាក​សួរ ហើយពួកគេ​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​សាក​សួរ​ពេញ​មួយ​​ថ្ងៃ​”។

លោក​បាន​មាន​ប្រសាសន៍​ថា បុរស​ទាំង​បួន​នាក់​នេះ ឈ្មោះ រ៉ាម េរ៉ន អាយុ​៣២​ឆ្នាំ ហាវ ពិសិដ្ឋ អាយុ​៣៨​ឆ្នាំ សួស សំណាង អាយុ​៤៣​ឆ្នាំ និង​ សំអាត ​ត្រូវ​បាន​កោះ​ហៅ​ក្នុង​នាម​ជា​សាក្សី​តែ​ប៉ុណ្ណោះ​ ពីព្រោះ​ពួកគាត់​បាន​ឃើញ​អ្នកស្រី សុភី នៅ​យប់​ដែល​គាត់​បានបាត់​ខ្លួន​។ លោក​បានមាន​ប្រសាសន៍​ថា ” នគរ​បាល​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​វិញ ពីព្រោះ​ពួកគេ​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​មនុស្ស​ឃាត​នេះ​ទេ”។

តាម​ព័ត៌មាន​ថា លោក សំអាត បាន​​ចាប់​ផ្ដើម​ដើរ​រក​អ្នកស្រី សុភី កាលពី​យប់ថ្ងៃ​សុក្រ បន្ទាប់​ពី​គាត់​មិន​បាន​ត្រឡប់​មក​ផ្ទះ​របស់​គ្រួសារ​ ដែល​គាត់​បាន​ធ្វើ​ការ​រយៈ​ពេលពីរ​ខែមកនេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “អាជ្ញាធរ​សង្ស័យ​ថា អ្នកស្រី​ សុភី ត្រូវ​បាន​រំលោភ​ ហើយ​សម្លាប់​ ប៉ុន្តែ​នគរ​បាល​​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ករណី​នេះ​នៅ​ឡើយ”។

អ្នកស្រី​ សុភី ដែល​មាន​កូន​បីនាក់​ និង​​ដែល​បាន​​លែង​លះ​គ្នា​ គឺ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ប៉ុន្តែ​ទើប​តែ​​បាន​ផ្លាស់​មក​​ធ្វើ​ការ​នៅ​ខេត្ត​ពោធិ៍​សាត់​នេះប៉ុណ្ណោះ។ ក្រុម​គ្រួសារ​របស់​គាត់​បាន​មក​ដឹក​សាក​សព​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​កាលពី​ម្សិលមិញ​។

លោក សាវ៉េត បាន​មាន​ប្រសាសន៍​ថា យើង​​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​បាន​​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ​ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​ករណី​នេះ​កំពុង​តែបន្ត​៕ សារុន​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស