កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ថា គណបក្សរាជានិយមបានសម្រេចផ្លាស់ប្ដូរទីស្នាក់ការកណ្ដាលរបស់ខ្លួន ដែលស្ថិតនៅក្នុងរាជធានីភុ្នំពេញ ពីទីតាំងសព្វថ្ងៃក្នុងខណ្ឌឫស្សីកែវ ទៅផ្លូវ ជា សុផារ៉ា ក្នុងខណ្ឌសែនសុខវិញ។
លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានបាត់បង់អាសនៈសភាចំនួនពីរចុងក្រោយរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំមុន កំពុងតែផ្លាស់ទីស្នាក់ការរបស់ខ្លួន ដើម្បីបង្កើន “ប្រសិទ្ធភាព និងទំនាក់ទំនង” នៅក្នុងគណបក្សដែលកំពុងតែចុះខ្សោយទៅៗ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ដោយបដិសេធមិនធ្វើអត្ថាធិប្បាយថា តើអគារចាស់កំពុងត្រូវបានលក់ឬក៏អត់ថា ” ខ្ញុំកំពុងផ្លាស់ប្ដូរទីតាំងដើម្បីរៀបចំទីតាំងថ្មី ហេតុដូច្នេះ ខ្ញុំមិនអាចនិយាយអ្វីអំពីអគារចាស់បានទេ។ សូមសួរប្រធានគណបក្សទៅ”។
ព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី ប្រធានគណបក្សនេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ទាក់ទងនឹងផែនការសម្រាប់ទីស្នាក់ការថ្មីថា ” យើងបានចាប់ផ្ដើមសាងសង់អគារចំនួនបីសម្រាប់ធ្វើការ ហើយវានឹងចំណាយប្រាក់ចន្លោះពី៤០.០០០ដុល្លារ ទៅ១០០.០០០ដុល្លារ។ វានឹងមានសាលប្រជុំមួយ និងមជ្ឈមណ្ឌលផ្ដល់វគ្គបណ្ដុះបណ្ដាលដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស”។
កាលពីខែកក្កដា ឆ្នាំ១៩៩៧ លោក ញឹក ប៊ុនឆៃ បានដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិចប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធ ដែលស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ដែលនៅពេលនោះ នាយករដ្ឋមន្ត្រីទី២ដោយនាំឲ្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវធ្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីទី១។
ទោះជាយ៉ាងណា នៅក្នុងទសវត្សរ៍ឆ្នាំ២០០០ លោក ញឹក ប៊ុនឆៃ បានក្លាយជាមេដឹកនាំក្រុមនៃគណបក្សរាជានិយម ដែលព្យាយាមឬចង់ធ្វើការយា៉ងស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋាភិបាល ហើយសព្វថ្ងៃលោក មានតំណែងនៅក្នុងរដ្ឋាភិបាលជាទីប្រឹក្សាមួយរូប ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ស៊ឹម ពិសិដ្ឋ ដែលធ្លាប់ជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សនេះត្រូវមេដឹកនាំគណបក្សដកចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតជាតិកាលពីឆ្នាំមុនបានឲ្យដឹងថា សមាជិកថ្នាក់កណ្ដាលមួយចំនួនរបស់គណបក្សកំពុងតែស្វះស្វែងឲ្យមានដីកាការពារលើរាល់ការទិញនិងលក់ដីណាមួយ។
លោក ពិសិដ្ឋ បានលើកឡើងថា ពាក្យបណ្ដឹងត្រូវបានដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ព្រោះដីនេះត្រូវបានលក់ដោយខុសច្បាប់ដើម្បីសងបំណុលចំនួន៨០០.០០០ដុល្លារ ដែលមេដឹកនាំគណបក្សបានខ្ចី។
លោក ពិសិដ្ឋ បានមានប្រសាសន៍ដោយសំដៅទៅលើលោក កែវ ពុទ្ធរស្មី អតីតប្រធានគណបក្សរាជានិយម ដែលក៏ជាស្វាមីរបស់ព្រះអង្គម្ចាស់ អរុណរស្មី ដែរនោះថា យើងបានស្នើឲ្យតុលាការកុំយល់ព្រមលើកិច្ចព្រមព្រៀងណាមួយដែលចុះហត្ថលេខាដោយលោក ញឹក ប៊ុនឆៃ និងលោក កែវ ពុទ្ធរស្មី។ យើងចង់ឲ្យអ្នកជំនាន់ក្រោយរបស់យើង ដែលគាំទ្រគណបក្សដឹងថា គណបក្សរបស់យើងមានដី និងកន្លែងសម្រាប់ធ្វើការ”។
លោក កែវ ពុទ្ធរស្មី ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានឡើយ៕ គឹមហឿន