38.1 C
Phnom Penh

អគារ​ក្បែរ​ឆ្នេរ​ក្រុង​ព្រះសីហនុ​​ប្រឈម​នឹង​ការ​វាយ​កម្ទេច​ចោល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍​អាជ្ញាធរ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​វាយ​កម្ទេច​ចោល​អគារ​មួយ​ ដែល​កំពុង​ត្រូវ​បាន​សាង​សង់​នៅ​លើ​តំបន់​ហាម​ឃាត់​​តាម​បណ្ដោយ​ឆ្នេរ​អូត្រេះ ហើយ​បាន​ព្រមាន​ថា ​អគារ​ផ្សេង​ៗ​ទៀត​ដែល​ស្ថិត​នៅលើ​ដី​រដ្ឋស្រដៀង​គ្នា​នេះ​អាច​ជា​អគារ​បន្ទាប់​​​ដែល​ត្រូវ​វាយ​កម្ទេច​ចោល​។

វិធាន​ការ​នេះ​គឺ​ជា​វិធានការ​ថ្មីបំផុត​នៅ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​ម្ដង​មាន​ម្ដង​អត់​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​គ្រប់​គ្រង​ការ​អភិវឌ្ឍ​​តាម​បណ្ដោយ​ឆ្នេរ​ដ៏​​​ស្ងប់​ស្ងាត់​ ប៉ុន្តែ​កំពុង​តែ​មាន​ប្រជា​ប្រិយភាព​កើនឡើង​មួយ​នេះ ។

លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បានលើក​ឡើង​កាលពី​ម្សិលមិញ​ថា មន្ត្រី​របស់​លោក​បាន​ចេញ​ការ​ព្រមាន​ដល់​ម្ចាស់​អគារ​ប្រហែល​ពីរ​សប្ដាហ៍​កន្លង​មក​ហើយ​នៅ​ការដ្ឋាន​សាងសង់​​ថា នឹង​វាយ​កម្ទេច​​​ចោល​។ ប៉ុន្តែ​លោក​មិន​ទទួល​បាន​ការ​ឆ្លើយ​តបទេ។

លោក​បាន​មាន​​ប្រសាសន៍​ទាក់​ទិន​នឹង​អគារ​ដែល​មាន​ទំហំ​១៣គុណ១៥ម៉ែត្រ​ថា “យើង​បាន​ប្រើ​គ្រឿង​ចក្រ​ទៅ​ឈូស​​កម្ទេច​អគារ​ ហើយ​ម្ចាស់​អគារ​មិន​បាន​​ចេញ​មុខ​មក​ឲ្យ​បាន​ទាន់​ពេល​វេលា​ឡើយ ប្រហែល​ជា​ពីព្រោះ​គាត់​ដឹង​ថា អគារ​របស់​ខ្លួន​កំពុង​ត្រូវ​បាន​សាង​សង់​ដោយ​ខុស​ច្បាប់​នៅ​លើ​ឆ្នេរ​​របស់​រដ្ឋ”។

លោក ស្រ៊ុន ស្រ៊ន់ បាន​ឲ្យ​ដឹង​ថា លោក​មាន​គម្រោង​រៀបចំ​​កិច្ច​ប្រជុំ​មួយ​ជាមួយ​អ្នក​​ដែល​មានអគារ​នៅក្នុង​តំបន់​ហាម​ឃាត់​។ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ពន្យល់​ឲ្យ​បាន​ពិត​ប្រាកដ​ថា តើ​តំបន់​ហាម​ឃាត់​នោះ​នៅ​​កន្លែង​ណា​ ឬថាតើ​អគារ​ចំនួន​ប៉ុន្មាន​ដែល​អាច​​​ត្រូវ​ប៉ះពាល់​នោះឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​កំពុង​តែ​​ត្រួត​ពិនិត្យ​រក​មើល​អគារ​​ដែល​ត្រូវ​បាន​សាង​សង់​ខុស​ច្បាប់​បន្ថែម​ទៀត​ ប៉ុន្តែ​យើង​បាន​ចេញ​បទ​បញ្ជា​រួច​ហើយ​ដល់​ម្ចាស់​អគារ​មួយ​ចំនួន​ឲ្យ​បញ្ឈប់​ការ​សាង​សង់ ហើយ​មក​ទទួល​យក​ឯកសារ​ស្រប​ច្បាប់​។ ខ្ញុំ​នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ ហើយ​ខ្ញុំ​នឹង​ស្នើ​ឲ្យ​ពួកគាត់​រើ​អគារ​របស់​ខ្លួន​​ចេញ​ ប្រសិន​បើ​ពួកគេ​បាន​សង់​អគារ​នៅ​​តំបន់​ហាម​ឃាត់​”។

លោក ខាត់ ប៊ុណ្ណា អនុប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ថា លោក​បានទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​លោក​ ស្រ៊ន់ កាលពី​ម្សិលមិញ ហើយ​លោក​ត្រូវ​បាន​ប្រាប់​ថា ​តំបន់​ហាម​ឃាត់​​គឺ​ចម្ងាយ​​២៥​ម៉ែត្រ​​ពី​មាត់​ព្រែក​ទាំង​សង​ខាង​ ដែល​លាត​សន្ធឹង​តាម​បណ្ដោយកំណាត់​​ផ្លូវ​ប្រហែល​២គីឡូម៉ែត្រ​​ពី​ឆ្នេរ​នេះ​​ទៅ​វត្ត​អូរត្រេះ។

លោក​បាន​លើក​ឡើង​ទៀត​ថា លោក​ក៏​ត្រូវ​បាន​ប្រាប់​ដែរ​ថា អាជ្ញាធរ​ខេត្ត​មាន​ផែន​ការ​ប្រែក្លាយ​តំបន់​នេះ​​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​​ទាក់​ទាញ​ និង​មាន​ការ​អភិវឌ្ឍដូច​​ឆ្នេរ​អូរឈើទាល​​ដែល​នៅ​ក្បែរ​នោះ​ ហើយ​ថា ផ្ទះ​សំណាក់​របស់​លោក​ដែល​នៅ​ក្បែរ​ព្រែក​​នោះ ប្រហែលជា​អាច​​មាន​បញ្ហា​​ដែរ​។ លោក ប៊ុណ្ណា បាន​​ឲ្យ​ដឹង​ថា ផ្ទះ​សំណាក់​ផ្ទាល់​ខ្លួន​របស់​លោក​ ដែល​បាន​សាង​សង់​កាលពី​ឆ្នាំ​១៩៩៩​ប្រហែល​ជា​មាន​បញ្ហា​ដែរ​​មើល​ទៅ​។

លោក​បាន​មាន​ប្រសាសន៍​ថា អភិបាល​រង​ខេត្ត​ [លោក ស្រ៊ន់] បាន​ប្រាប់​​ខ្ញុំ​ថា គាត់​នឹង​បញ្ជូនអ្នក​ជំនាញ​របស់​គាត់​មក​ត្រួត​ពិនិត្យ​ផ្ទះ​សំណាក់ ហើយ​សិក្សា​ថា តើ​អគារ​នេះ​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ឬក៏អត់​”។

លោក ប៊ុណ្ណា បាន​ឲ្យ​ដឹង​ទៀត​ថា វា​ជា​លើក​ទី១​ហើយ ដែល​លោក​បាន​ឮ​ពី​បម្រាម​ស្ដីពី​ការ​សាងសង់​នៅ​តំបន់​នេះ​។ លោក​បាន​លើក​ឡើង​ថា លោក​និង​អ្នក​ផ្សេង​ៗ​ទៀត​មានអគារ​នៅ​តាម​បណ្ដោយ​ព្រែក​​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ដែល​​គួរ​តែ​អាច​ផ្ដល់​ការ​ការ​ពារ​ខ្លះ​ៗ​ដល់​ពួក​គាត់​។

លោក​បានមាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​ព្រួយ​បារម្ភ​អំពី​ភូមិគ្រឹះ​​របស់​ខ្ញុំ​ ដែល​នឹង​ត្រូវ​វា​យ​កម្ទេច​ចោល​នោះ​ទេ ហើយ​ខ្ញុំ​គិត​ថា អាជ្ញាធរ​នឹង​មិន​កម្ទេច​វា​ឡើយ​ ព្រោះ​ខ្ញុំ​មាន​​ឯកសារ​ស្រប​ច្បាប់ និង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពី​អភិបាល​​ខេត្ត​មុន​។ ​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រែក​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ហេតុដូច្នេះ អាជ្ញាធរ​នឹង​មិន​អាច​បណ្ដេញ​ពួកគេ​ដោយ​គ្មាន​សំណង​បាន​ឡើយ​”។

ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ឥឡូវ​នេះ​កំណត់​ថា អគារ​មួយ​ចំនួន​ក្បែរ​ឆ្នេរ​អូរ​ត្រេះ គឺ​ត្រូវ​បាន​សាង​សង់​ដោយ​ខុស​ច្បាប់​លើ​ដីរដ្ឋ​នោះ លោក ជិន សារិន អភិបាល​ក្រុង​ព្រះសីហនុ បាន​លើក​ឡើង​ថា វាគឺ​ជា​កំហុស​​របស់​អាជ្ញាធរ​ខេត្ត​មុន​ ដែល​អគារ​ត្រូវ​បាន​សាង​សង់​នៅ​ទីនោះ។

លោក សារិន បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​កំហុស​របស់​អាជ្ញាធរ​រៀបចំ​ដែន​ដី ព្រោះ​​ពួក​គេ​គួរ​តែ​បាន​ដឹង​ហើយ​ថា ដីនេះ​គឺ​ជា​តំបន​់​ហាម​ឃាត់ ប៉ុន្តែ​នៅ​តែ​អនុញ្ញាត​ឲ្យ​គេ​សាង​សង់​លើ​ដីនេះ​ទៀត”។ អាជ្ញាធរ​​បានធ្វើ​ការ​​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ ដើម្បី​ឲ្យ​មាន​ការ​រុះ​រើ​ចេញ​វិញ​នូវ​អគារ​ដែល​មាន​ស្រាប់ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរអូរត្រេះ​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​។

កាលពី​ដើម​ឆ្នាំ​​២០១១ អាជ្ញាធរ​បាន​ចេញ​​បទ​បញ្ជា​ឲ្យ​ភោជនីយដ្ឋាន រង្គសាល និង​ផ្ទះ​សំណាក់​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរ រុះ​​រើ​អចលនទ្រព្យ​​របស់​ខ្លួន​ប្រហែល​ពាក់​កណ្ដាល​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាង​សង់​សួន​សាធារណៈ។ មុន​នោះ​មួយ​ឆ្នាំ​ ​អគារ​មួយ​ចំនួន​ត្រូវ​បាន​ឲ្យ​រុះ​រើ​ចេញ​ពី​ឆ្នេរ​មួយ​ទៀត បន្ទាប់​ពី​ម្ចាស់​អគារ​ត្រូវ​បាន​ផ្ដល់​ប្រាក់​សំណង​៕ គឹមហឿន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស