កាលពីថ្ងៃសៅរ៍អាជ្ញាធរក្នុងខេត្តព្រះសីហនុ បានវាយកម្ទេចចោលអគារមួយ ដែលកំពុងត្រូវបានសាងសង់នៅលើតំបន់ហាមឃាត់តាមបណ្ដោយឆ្នេរអូត្រេះ ហើយបានព្រមានថា អគារផ្សេងៗទៀតដែលស្ថិតនៅលើដីរដ្ឋស្រដៀងគ្នានេះអាចជាអគារបន្ទាប់ដែលត្រូវវាយកម្ទេចចោល។
វិធានការនេះគឺជាវិធានការថ្មីបំផុតនៅក្នុងការខំប្រឹងប្រែងម្ដងមានម្ដងអត់របស់អាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រងការអភិវឌ្ឍតាមបណ្ដោយឆ្នេរដ៏ស្ងប់ស្ងាត់ ប៉ុន្តែកំពុងតែមានប្រជាប្រិយភាពកើនឡើងមួយនេះ ។
លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីរបស់លោកបានចេញការព្រមានដល់ម្ចាស់អគារប្រហែលពីរសប្ដាហ៍កន្លងមកហើយនៅការដ្ឋានសាងសង់ថា នឹងវាយកម្ទេចចោល។ ប៉ុន្តែលោកមិនទទួលបានការឆ្លើយតបទេ។
លោកបានមានប្រសាសន៍ទាក់ទិននឹងអគារដែលមានទំហំ១៣គុណ១៥ម៉ែត្រថា “យើងបានប្រើគ្រឿងចក្រទៅឈូសកម្ទេចអគារ ហើយម្ចាស់អគារមិនបានចេញមុខមកឲ្យបានទាន់ពេលវេលាឡើយ ប្រហែលជាពីព្រោះគាត់ដឹងថា អគាររបស់ខ្លួនកំពុងត្រូវបានសាងសង់ដោយខុសច្បាប់នៅលើឆ្នេររបស់រដ្ឋ”។
លោក ស្រ៊ុន ស្រ៊ន់ បានឲ្យដឹងថា លោកមានគម្រោងរៀបចំកិច្ចប្រជុំមួយជាមួយអ្នកដែលមានអគារនៅក្នុងតំបន់ហាមឃាត់។ ប៉ុន្តែលោកបានបដិសេធមិនពន្យល់ឲ្យបានពិតប្រាកដថា តើតំបន់ហាមឃាត់នោះនៅកន្លែងណា ឬថាតើអគារចំនួនប៉ុន្មានដែលអាចត្រូវប៉ះពាល់នោះឡើយ។
លោកបានមានប្រសាសន៍ថា ” យើងកំពុងតែត្រួតពិនិត្យរកមើលអគារដែលត្រូវបានសាងសង់ខុសច្បាប់បន្ថែមទៀត ប៉ុន្តែយើងបានចេញបទបញ្ជារួចហើយដល់ម្ចាស់អគារមួយចំនួនឲ្យបញ្ឈប់ការសាងសង់ ហើយមកទទួលយកឯកសារស្របច្បាប់។ ខ្ញុំនឹងរៀបចំកិច្ចប្រជុំមួយ ហើយខ្ញុំនឹងស្នើឲ្យពួកគាត់រើអគាររបស់ខ្លួនចេញ ប្រសិនបើពួកគេបានសង់អគារនៅតំបន់ហាមឃាត់”។
លោក ខាត់ ប៊ុណ្ណា អនុប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានលើកឡើងថា លោកបានទទួលការហៅទូរស័ព្ទពីលោក ស្រ៊ន់ កាលពីម្សិលមិញ ហើយលោកត្រូវបានប្រាប់ថា តំបន់ហាមឃាត់គឺចម្ងាយ២៥ម៉ែត្រពីមាត់ព្រែកទាំងសងខាង ដែលលាតសន្ធឹងតាមបណ្ដោយកំណាត់ផ្លូវប្រហែល២គីឡូម៉ែត្រពីឆ្នេរនេះទៅវត្តអូរត្រេះ។
លោកបានលើកឡើងទៀតថា លោកក៏ត្រូវបានប្រាប់ដែរថា អាជ្ញាធរខេត្តមានផែនការប្រែក្លាយតំបន់នេះឲ្យក្លាយទៅជាតំបន់ទាក់ទាញ និងមានការអភិវឌ្ឍដូចឆ្នេរអូរឈើទាលដែលនៅក្បែរនោះ ហើយថា ផ្ទះសំណាក់របស់លោកដែលនៅក្បែរព្រែកនោះ ប្រហែលជាអាចមានបញ្ហាដែរ។ លោក ប៊ុណ្ណា បានឲ្យដឹងថា ផ្ទះសំណាក់ផ្ទាល់ខ្លួនរបស់លោក ដែលបានសាងសង់កាលពីឆ្នាំ១៩៩៩ប្រហែលជាមានបញ្ហាដែរមើលទៅ។
លោកបានមានប្រសាសន៍ថា អភិបាលរងខេត្ត [លោក ស្រ៊ន់] បានប្រាប់ខ្ញុំថា គាត់នឹងបញ្ជូនអ្នកជំនាញរបស់គាត់មកត្រួតពិនិត្យផ្ទះសំណាក់ ហើយសិក្សាថា តើអគារនេះនៅក្នុងតំបន់ហាមឃាត់ឬក៏អត់”។
លោក ប៊ុណ្ណា បានឲ្យដឹងទៀតថា វាជាលើកទី១ហើយ ដែលលោកបានឮពីបម្រាមស្ដីពីការសាងសង់នៅតំបន់នេះ។ លោកបានលើកឡើងថា លោកនិងអ្នកផ្សេងៗទៀតមានអគារនៅតាមបណ្ដោយព្រែកមានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលគួរតែអាចផ្ដល់ការការពារខ្លះៗដល់ពួកគាត់។
លោកបានមានប្រសាសន៍ថា ” ខ្ញុំមិនព្រួយបារម្ភអំពីភូមិគ្រឹះរបស់ខ្ញុំ ដែលនឹងត្រូវវាយកម្ទេចចោលនោះទេ ហើយខ្ញុំគិតថា អាជ្ញាធរនឹងមិនកម្ទេចវាឡើយ ព្រោះខ្ញុំមានឯកសារស្របច្បាប់ និងប័ណ្ណកម្មសិទ្ធិដីធ្លីពីអភិបាលខេត្តមុន។ មនុស្សទាំងអស់ដែលរស់នៅតាមបណ្ដោយព្រែកមានប័ណ្ណកម្មសិទ្ធិដីធ្លី ហេតុដូច្នេះ អាជ្ញាធរនឹងមិនអាចបណ្ដេញពួកគេដោយគ្មានសំណងបានឡើយ”។
ប្រសិនបើអាជ្ញាធរខេត្តឥឡូវនេះកំណត់ថា អគារមួយចំនួនក្បែរឆ្នេរអូរត្រេះ គឺត្រូវបានសាងសង់ដោយខុសច្បាប់លើដីរដ្ឋនោះ លោក ជិន សារិន អភិបាលក្រុងព្រះសីហនុ បានលើកឡើងថា វាគឺជាកំហុសរបស់អាជ្ញាធរខេត្តមុន ដែលអគារត្រូវបានសាងសង់នៅទីនោះ។
លោក សារិន បានមានប្រសាសន៍ថា “នេះគឺជាកំហុសរបស់អាជ្ញាធររៀបចំដែនដី ព្រោះពួកគេគួរតែបានដឹងហើយថា ដីនេះគឺជាតំបន់ហាមឃាត់ ប៉ុន្តែនៅតែអនុញ្ញាតឲ្យគេសាងសង់លើដីនេះទៀត”។ អាជ្ញាធរបានធ្វើការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីឲ្យមានការរុះរើចេញវិញនូវអគារដែលមានស្រាប់ ដែលស្ថិតនៅតាមបណ្ដោយឆ្នេរអូរត្រេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីដើមឆ្នាំ២០១១ អាជ្ញាធរបានចេញបទបញ្ជាឲ្យភោជនីយដ្ឋាន រង្គសាល និងផ្ទះសំណាក់ ដែលស្ថិតនៅតាមបណ្ដោយឆ្នេរ រុះរើអចលនទ្រព្យរបស់ខ្លួនប្រហែលពាក់កណ្ដាល ដើម្បីបើកផ្លូវឲ្យមានការសាងសង់សួនសាធារណៈ។ មុននោះមួយឆ្នាំ អគារមួយចំនួនត្រូវបានឲ្យរុះរើចេញពីឆ្នេរមួយទៀត បន្ទាប់ពីម្ចាស់អគារត្រូវបានផ្ដល់ប្រាក់សំណង៕ គឹមហឿន