28 C
Phnom Penh

អ្នក​ភូមិ​ត្រូវ​គេ​រុញ​ច្រាន​ចេញ​ពី​ភូមិគ្រឹះ​​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ប្រហែល​៧០​នាក់​មកពី​ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​បាន​រារាំង​កាលពី​ថ្ងៃ​សៅរ៍​មិន​ឲ្យ​ដើរ​ហែ​ទៅ​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ក្រុង​ភ្នំពេញ ដែល​ពួកគេ​មាន​ផែន​ការ​អំពាវនាវ​សុំ​ការ​គាំទ្រ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​កើត​មាន​យូរឆ្នាំ​​មក​ហើយ។

អ្នក​ភូមិ​ទាំង​នោះ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៣៤​គ្រួសារ មកពី​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​ឈ្វាំង និង​ភូមិ​មួយ​នៅ​ឃុំ​ជ្រៃលាស់ ដែលមាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជំុវិញ​ដី​១៥៥​ហិកតា​តាំងពី​ឆ្នាំ​២០០៨​មក។

អាជ្ញាធរ​បាន​រារាំង​អ្នក​ភូមិ នៅពេល​ដែល​ពួកគាត់​ដើរ​ទៅជិត​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី និង​បាន​រុញ​ច្រាន​អ្នកភូមិ​ទាំង​នោះ​ទៅ​សួន​​វត្ត​បទុម​នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​លោក ប៉ាល់ ចាន់ដារ៉ា តំណាង​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន បាន​ទទួល​ញត្តិ​នៅទី​នោះ ។

លោក គុយ ចាន់ថន តំណាង​អ្នកភូមិ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា “មូលហេតុ​ដែល​យើង​មក​ដាក់​ញត្តិ​ទៅ សម្តេច ហ៊ុន សែន គឺ​ដោយសារតែ​យើង​បាន​ស្តាប់​វិទ្យុ ហើយ​បាន​ស្តាប់​ឮ​ថា គាត់​មិន​ដែល​បាន​ទទួល​ញត្តិ​របស់​យើង​ពីមុន​មកទេ ដូច្នេះ​យើង​ចង់​ឲ្យ​គាត់​ឃើញ​ញត្តិ​នេះ”។ លោក​បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​អ្នកភូមិ​បាន​ដាក់​ញត្តិ។

លោក ហ៊ុន សែន កាលពី​សប្តាហ៍​មុន បាន​ស្តី​បន្ទោស​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់ ព្រោះ​បាន​និយាយ​តាម​វិទ្យុ​ផ្សាយ​សំឡេង​អាមរិក វីអូអេ ថា នាយក​រដ្ឋមន្ត្រី​មិន​បាន​ដឹង​ជម្លោះ​ដី​ធ្លី​នៅ​ទូទាំង​ប្រទេស​ទេ​ ពីព្រោះ​គាត់​មិន​បានយក​ចិត្ត​ទុកដាក់​នឹង​ព័ត៌មាន​នេះ។

ការ​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ឡើង​មុន​ការ​ឡើង​តុលាការ ដែល​គ្រោងធ្វើ​នៅ​ថ្ងៃ​នេះ​និង​ថ្ងៃ​អង្គារ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​៦​គ្រួសារនឹង​ត្រូវ​តុលាការ​សាកសួរ​ពីបទ​សង្ស័យ​ថា​លក់​ដី​របស់​ពាណិជ្ជករ លឹម គា ដោយ​ខុស​ច្បាប់។

អ្នក​ស្រី លឹម គា និយាយថា អ្នកស្រី​បាន​ទិញ​ដី​តម្លៃ​៤០០​ដុល្លារ​ក្នុង​មួយ​ហិកតា​កាលពី​ឆ្នាំ​១៩៩៧ មុន​ពេល​លក់​វា​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​សុរាគារ SKD តម្លៃ​៨០០​ដុល្លារ​ក្នុង​មួយ​ហិកតា។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ប្រគល់​ដី​នោះ​ទៅ​អ្នកភូមិ​វិញ​កាលពី​ឆ្នាំ​២០០៨។ ប៉ុន្តែ អ្នក​ស្រី លឹម គា និយាយ​ថា ដោយសារតែ​អ្នក​ស្រី​ត្រូវ​សង​ក្រុមហ៊ុន SKD បន្ទាប់ពី​មាន​បទ​បញ្ជា​នេះ ឥឡូវ​នេះ​អ្នកស្រី​ជា​ម្ចាស់​ដី​នេះ។

លោក ចាន់ថន តំណាង​របស់​អ្នកភូមិ បាន​និយាយ​ថា បើទោះជា​ប្រធាន​ភូមិ​ធ្លាប់​បាន​សន្យា​ឲ្យ​លុយ​ពួកគាត់​សម្រាប់​ថ្លៃ​ដី​នេះ​ក៏ដោយ ក៏​ពួកគាត់​មិន​ដែល​បាន​លក់​ដី​នោះ​ទេ។​ លោក​បាន​និយាយ​ថា “មិន​ពិត​ទេ ពីព្រោះយើង​មិន​ដែល​បាន​លក់​ដីដែល​យើង​រស់​នៅ​នេះ​ទេ។ យើង​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នេះ​តាំងពី​ឆ្នាំ១៩៨២​មក​ម៉្លេះ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស