35 C
Phnom Penh

ក្នុង​របាយការណ៍​ចុងក្រោយប្រេសិត​អង្គការ​សហប្រជាជាតិ​មើល​ឃើញ​ការ​រីកចម្រើន​ខាង​សិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុរិយា​ ស៊ូបេឌី​ (Surya Subedi) ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជា​ជាតិ​​​​បាន​មាន​ប្រសាសន៍​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​លោក​ស្តី​អំពី​ប្រទេស​កម្ពុជា​ថា ​ទោះបី​ជា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ហិង្សា​ជា​ហូរហែ ដែល​ក្នុង​នោះ​​កង​កម្លាំង​រដ្ឋាភិបាល​បាន​បាញ់​ស្លាប់​មនុស្ស​៧​នាក់ ក្នុង​ពេល​កន្លង​មក​ក៏ដោយ ក៏​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ទិសដៅ​វិជ្ជមាន​ដែរ​។

របាយការណ៍​ផ្ញើជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នេះ ជា​របាយការណ៍​លើក​ទី​៦​របស់​លោក ចាប់តាំង​ពី​កាន់​តំណែង​នេះ​កាលពី​ឆ្នាំ​២០០៩ ហើយ​ក៏​ជា​របាយ​ការណ៍​ចុង​ក្រោយ​របស់​លោក​ដែរ។

Wan Hea-Lee តំណាង​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “អាណត្តិ​របស់​អ្នក​ធ្វើ​របាយការណ៍​ពិសេស​រូប​នេះ​បន្ត​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៥ ប៉ុន្តែ​ជា​លក្ខណ​ផ្ទាល់​ខ្លួន​ លោក​នឹង​បញ្ចប់​រយៈ​ពេល​៦​ឆ្នាំ​របស់​លោក​នៅ​ខែ​មីនា ដូច្នេះ ការ​ធ្វើ​ទស្សន​កិច្ច​បន្ទាប់​នេះ​នឹង​ជា​ទស្សន​កិច្ច​ចុងក្រោយ​របស់​លោក”។

ក្នុង​របាយការណ៍​នេះ លោក ស៊ូបេឌី មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​ក្នុង​ឆ្នាំ​កន្លង​មក បំរាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា និង​ការ​ចាប់​ដាក់​​ពន្ធនាគារ​ដោយ​បញ្ហា​នយោបាយ បាន​ដើរ​ផ្ទុយ​នឹង​និន្នាការ​ទូទៅ​នៃ​ការ​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​ប្រសើរ​ឡើង និង​បាន​មាន​ប្រសាសន៍​ថា ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​សព្វ​ថ្ងៃ​លើ​កំណែ​ទម្រង់​បោះឆ្នោត អាច​ឲ្យ​ប្រទេស​នេះ​ស្ថិត​លើ​មាគ៌ា​មាន​លទ្ធិ​ប្រជាធិប​តេយ្យ។

លោក ស៊ូបេឌី មាន​ប្រសាសន៍​ថា អំពើ​ហិង្សា និង​ការ​ប្រើ​កម្លាំង​ជ្រុល​​ហួសហេតុ​កើត​ឡើង​​ជា​ច្រើន​លើក​ចាប់​តាំងពី​ការ​បោះ​ឆ្នោត​មក ព្រមទាំង​ការ​បន្ត​ដាក់​បំរាម​មិន​ច្បាស់​លាស់​និង​ស្រេច​តែ​ចិត្ត​លើ​ការ​តវ៉ា​ដែល​មាន​រយៈ​ពេល​ជាង​៦​ខែ និង​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បទ​ចោទ​ប្រកាន់​​ធ្ងន់ធ្ងរ​ ដែល​ត្រូវ​គេ​ជឿ​ជា​ទូទៅ​ថា ជា​ហេតុផល​នយោបាយ​នោះ បាន​រត់​បញ្ច្រាស​នឹង​និន្នាការ​នេះ”។

សមាជិក​សភា​គណបក្ស​ប្រឆាំង​​៧​រូប​និង​សកម្មជន​បក្ស​៤​នាក់​ត្រូវ​គេ​ចាប់​ដាក់​​ពន្ធនាគារ និង​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ចាប់​តាំងពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​តាម​ផ្លូវ​នៅជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា ដែល​ព្រះរាជអាជ្ញា​បាន​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ការ​ចោទ​ប្រកាន់ពី​បទ​កុបកម្ម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស ដែល​នៅ​ជា​ធរមាន​នៅ​ឡើយ។

ប៉ុន្តែ​បើ​ទោះ​ជា​មាន​ស្ថានការណ៍​អាប់អួ​បែប​នេះ​ក្តី ក៏​លោក ស៊ូបេឌី សរសេរ ផ្អែក​លើ​ការ​ធ្វើ​ទស្សន​កិច្ច​របស់​លោក​កាលពី​ខែ​មករា​និង​ខែ​មិថុនា​ថា​ “ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ដែល​មើល​ឃើញ​តាម​ទស្សនៈ​យូរ​អង្វែង កំពុង​បោះ​ជំហាន​តាម​ទិសដៅ​វិជ្ជមាន​ជា​ទូទៅ។

លោក ស៊ូបេឌី មាន​ប្រសាសន៍​ថា ការ​នេះ​ “ភាគ​ច្រើន​ដោយសារ​ការ​ផុស​ផុល​របស់​ប្រជាពលរដ្ឋ​ច្រើន​កុះករ​ប្រកប​ដោយ​ទឹកចិត្ត​ក្លាហាន ដែល​ហ៊ាន​ចេញ​មក​សម្តែង​ទស្សន​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៣។ វា​បាន​បង្ហាញ​ចេញ​តាម​វិធី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​មាន​វិន័យ បើទោះ​ជា​មាន​ការ​គប់​​ដុំ​ថ្ម​និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​អ្នក​តវ៉ា​មួយ​ចំនួន និង​ការ​ដាក់​របាំង​ការពារ ហើយ​និង​វត្តមាន​កម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​ក្តី”។

ក្នុង​របាយការណ៍​លើក​មុន លោក ស៊ូបេឌី បាន​ព្រមាន​ជា​មុន​អំពី​ការ​កើត​ឡើង​នៃ​អំពើ​ហិង្សា ប្រសិនបើ​រដ្ឋា​ភិបាល​មិន​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កាន់​អំណាច អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ធ្លាក់​ចុះ​ការ​ជឿ​ទុក​ចិត្ត​ពី​សាធារណជន​ក្នុង​លទ្ធផល​បោះឆ្នោត។ លោក​បាន​សរសេរ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាចមាន​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ក្នុង​ការ​ធានា​ឲ្យ​កិច្ច​ប្រឹងប្រែង​កំណែ​ទម្រង់​ជា​បន្ត ឈាន​ដល់​ការ​បោះឆ្នោត​មួយ​ត្រឹមត្រូវ​នៅ​លើក​ក្រោយ។

លោក​បាន​សរសេរ​ថា “ដោយសារ​តែ​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​រដ្ឋាភិបាល​ខ្លួន​ឯង មាន​ការ​ទទួល​ខុសត្រូវ​ដើម្បី​បង្ហាញ​ភាព​បត់បែន​ជា​អតិបរមា ភាព​ដឹកនាំ​និង​ភាព​ម៉ឹង​ម៉ាត់ ហើយ​ទទួល​យក​ដោយ​ស្ម័គ្រ​ចិត្ត​នូវ​ការ​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់ ដើម្បី​ធានា​ដល់​ការ​ប្រព្រឹត្តទៅ​ល្អ​ប្រសើរ​នូវ​​លទ្ធិប្រជាធិបតេយ្យ​​​​ក្នុង​ប្រទេស​នេះ”។

លោក ស៊ូបេឌី បាន​សរសេរ​បន្ថែម​ដែល​ទំនង​សំដៅ​លើ​ពាក្យ​សម្តី​ដែល​ប្រើ​ជា​ញឹកញាប់​ប្រឆាំង​វៀតណាម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា “ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ គណបក្ស​ប្រឆាំង​ក៏​ត្រូវ​មាន​ហេតុ​ផល​ច្បាស់​លាស់​​ និង​ប្រាកដ​និយម ហើយ​ត្រូវ​មាន​ការ​អត់ឱន​និង​លើក​កម្ពស់​​ទំនាក់​ទំនង​ជាតិ​សាសន៍​សុខ​ដុម​ដែរ”។

លោក ស៊ូបេឌី ក៏​បាន​លើក​ឡើង​នូវ​កង្វល់​អំពី​កិច្ច​ព្រមព្រៀង​មួយ ដែល​នឹង​ឃើញ​ប្រទេស​អូស្ត្រាលី​ឲ្យ​ជន​ភៀសខ្លួន​ដែល​សព្វ​ថ្ងៃ​ជាប់​ឃុំ​នៅ​​ប្រទេស​ដែន​កោះ​ណូរូ នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក មក​តាំង​ទីលំនៅ​ជាថ្មី​នៅ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​​ត្រូវ​បាន​អនុម័ត​មែន កិច្ចព្រមព្រៀង​នោះ​នឹង​ក្លាយ”ជា​ការ​បោះបង់​ការ​ទទួល​ខុសត្រូវ​ពិតប្រាកដ​របស់​ប្រទេស​អូស្ត្រាលី” ពីព្រោះ​ប្រទេស​កម្ពុជា “មិន​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ប្រទេស​អូស្ត្រាលី​ក្នុង​ក្រប​ខណ្ឌ​សិទ្ធិ​ ឱកាស​ការងារ និង​បទ​ដ្ឋា​ន​អន្តរ​ជាតិ​ស្តី​ពី​ស​មាហរណ​កម្ម​​ទេ”។

លោក ស៊ូបេឌី​ ក៏​បាន​កត់​សម្គាល់​ដែរ​ថា ប្រទេស​កម្ពុជា​បាន​រំលោភ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ចំពោះ​ជន​ភៀស​ខ្លួន​ក្នុង​ពេល​កន្លង​មក ជា​ពិសេស​ការ​ប្រគល់​ទាំង​បង្ខំនូវ​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​វីហ្គួ ទៅ​ឲ្យ​ប្រទេស​ចិន​វិញ។ លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋ​ដែល​មិន​មាន​សេវា​ចាំបាច់​ គឺ​មិន​បាន​ត្រៀមខ្លួន ​ដើម្បី​ផ្តល់​ឲ្យ​ជន​ភៀសខ្លួន​នូវ​ការ​ស្នាក់​នៅ​អចិន្ត្រៃយ៍​តាម​រយៈ​ការ​តាំង​ទី​លំនៅ​ថ្មី​នេះ​ទេ”។

ការ​កែ​ទម្រង់​ផ្សេង​ទៀត ដែល​លោក ស៊ូបេឌី បាន​ជំរុញ​អំឡុង​ពេល​លោក​ជា​អ្នក​ធ្វើ​របាយការណ៍​នេះ​ដែរ គឺ​ការ​ព្រាង​និង​ការ​អនុម័ត​ច្បាប់​ចំនួន​៣​ស្តីពី​ប្រព័ន្ធ​តុលាការ។

នៅ​ទី​បញ្ចប់ ច្បាប់​ទាំង​បី​នេះ​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​កក្កដា ដោយ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងពី​ក្រុម​សិទ្ធិ​មនុស្ស​និង​ក្រុម​តស៊ូ​មតិ​ខាង​ផ្លូវ​ច្បាប់ ដែល​បាន​និយាយ​ថា វាជួយ​ពង្រឹង​​ចាក់​គ្រឹះ​អំណាច​អង្គនីតិ​ប្រតិបត្តិ​ទៅ​លើ​តុលាការ។

លោក ស៊ូបេឌី បាន​សរសេរ​ថា “ដោយ​បាន​ពិនិត្យ​អត្ថបទ​នោះ អ្នក​ធ្វើ​របាយការណ៍​ពិសេស​មាន​កង្វល់​ថា ច្បាប់​ទាំង​នេះ​អនុម័ត​ដោយ​សភា​មាន​ខ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​គោលការណ៍​នៃ​ការ​​ញែក​អំណាច​ឲ្យ​ដាច់​ពី​គ្នា​”។

លោក​បាន​បន្ថែម​ថា “កង្វះ​ភ័ស្តុ​តាង​ដែល​​ពាក់ព័ន្ធ” ចំពោះ​ការ​ចាប់​ខ្លួន​សមាជិក​សភា​បក្ស​ប្រឆាំង៧​រូប​កាលពី​ខែ​មុន គួប​ផ្សំ​នឹង​ការ​ដោះលែង​ឆាប់​រហ័ស ក្នុង​ពេល​ដែល​កិច្ច​ព្រមព្រៀង​នយោបាយ​ត្រូវ​យល់​ព្រម​​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ “បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​តុលាការ​បន្ត​ទទួល​រង​ឥទ្ធិពល​ពី​អង្គការ​​នីតិប្រតិបត្តិ”។ លោក ស៊ូបេឌី គ្រោង​នឹង​បង្ហាញ​របាយការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ក្រុង​ហ្សឺណែវ​នា​ខែ​ក្រោយ​នេះ៕​មានិត​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស