34 C
Phnom Penh

អ្នកភូមិ​ខេត្ត​បាត​់​ដំបង​ធ្វើដំណើរមក​រាជធានីភ្នំពេញ​ដាក់ញត្តិទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​​​ភូមិ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួយ​​​ពាណិជ្ជករ​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​​​​នឹង​​​ដាក់​​​ញត្តិ​​​ទៅ​​​រដ្ឋ​​​សភា និង​​​ខុទ្ទកាល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន  ដើម្បី​​​សុំ​​​​​​អន្តរា​គមន៍​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​។

អ្នក​​​ភូមិ​​​ជាង​​​៣០០​​​គ្រួសារ​​​មក​​​ពី​​​ឃុំ​​​បឹង​​​ប្រាំ​​​ ស្រុក​​​បវេល​​​​​​អះ​​​អាង​​​ថា ពាណិជ្ជ​​​ករ​​​ ឈ្មោះ​​​ សង ថន បាន​​​អះ​​​អាង​​​កាន់​​​កាប់​​​ដីស្រែ​​​របស់​​​ពួក​​​គាត់​​​ទំហំ​​​៦១២ហិកតា​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​។

អ្នក​​​ភូមិ​​​ឈ្មោះ ​​​ឈុត ម៉ៅ អាយុ​​​៦៨​​​ឆ្នាំ​​​​​​ ជា​​​អ្នក​ភូមិ​​​ម្នាក់​ក្នុង​ចំណោម​អ្នកភូមិ​រាប់​រយ​​​នាក់​​ដែល​​​បារម្ភ​​​ថា អាជ្ញាធរ​​​អាច​​​​បណ្ដេញ​​​ពួក​​​គាត់​​​ចេញ​​​នោះ​​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​​មក​​​រាន​​​ដី​​​នេះ​​​ដែល​​​យើង​​​បាន​​​រស់​​​នៅ​​​ចាប់​​​តាំង​​​​​​ពីរ​​​ឆ្នាំ​​​២០០៤មកម៉្លេះ”។

លោក​​​ ម៉ៅ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ ងួន​​​ រតនៈ អភិបាល​​​រង​​​ខេត្ត​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​​សុំ​​​ឲ្យ​ជួយ​​​រក​​​យុត្តិ​ធម៌​​​ដល់​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ ហើយ​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្វើដំណើរ​មក​​​​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​មិន​​​អាច​​​រក​​​ដំណោះ​ស្រាយ​​​នៅ​​​ថ្នាក់​​​ខេត្ត​​​បាន​​​។

លោក​​​ ម៉ៅ បាន​​​និយាយ​​​ថា “[លោក ងួន រតនៈ] បាន​​​ប្រាប់​​​យើង​​​ថា លោក​​​មិន​​​អាច​​​ជួយ​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​វា​​​ជា​​​កិច្ច​ការ​​​​របស់​​​តុលាការ​​​។ យើង​​​នឹង​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​រដ្ឋ​​​សភា និង​​​ខុទ្ទកាល័យ​​​សម្ដេច​​​ ហ៊ុន សែន ដើម្បី​​​សុំ​​​ជំនួយ”។

លោក សង ថន ទទួល​​​បាន​​​ដីកា​​​រក្សា​​​ការពារ​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១២ ដោយ​​​បង្គាប់​​​ឲ្យ​​​អ្នក​​​ភូមិ​​​ឈប់​​​រស់​​​នៅ​​​ និង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​ដែល​​​មាន​​​វិវាទ​​​នេះ​​​។ សាលាឧទ្ធរណ៍​​​បាន​​​បើក​​​សវនា​​​​​​ការ​​​ជំនុំជម្រះ​​​​​​រឿង​​​ក្តី​​​នេះ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ហើយ​​​ក៏​​​បាន​​​សម្រេច​​​ជំទាស់​​​នឹង​​​ក្រុម​​​អ្នក​​​ភូមិ​​​​​​។

លោក រតនៈ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​​​​ភូមិ​​​ថា ឥឡូវនេះ​រឿង​​​ក្តី​​​នេះ​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ដៃ​​​របស់​​​លោក​​​ទេ ដោយសារ​​​សេចក្ដី​​​សម្រេច​​​របស់​តុលាការ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​[លោក ប្រាជ្ញ ច័ន្ទ] អតីត​​​អភិបាល​​​ខេត្ត​​​បាន​​​ដកហូត​​​​ដី​​​នេះ​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​ទុក​​​ជា​​ទ្រព្យសម្បត្តិ​​​​​រដ្ឋ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៦​​​ ពីព្រោះ​​​ពួក​​​គាត់​​​បាន​​​មក​​​ចាប់​​យក​​​ដី​​​របស់​​​រដ្ឋ​​​”។

អភិបាល​​​រង​​​រូប​​​​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​លោក​​​ សង ថន ទទួល​​​បាន​​​កម្ម​​​សិទ្ធិ​​​ដី​​​នេះ​​​ដោយ​​​របៀប​​​ណា​​​ ឬ​​​នៅ​​​ពេល​​​ណា​​​នោះ​​​ទេ។

លោក​​​ ប្រាជ្ញ ច័ន្ទ អតីត​​​អភិបាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ទៅ​​​សួរ​លោក​​​ រតនៈ វិញ។ លោក​​​បាន​​​​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​​​​គ្រាន់​​​តែ​​​ចុះ​​​ហត្ថលេខា​​​តាម​​​សំណើ​​​របស់​​​លោក​​​អភិបាល​​​រង​​​ រតនៈ ឲ្យ​​​ដកហូត​​​​​ដី​​​នេះ​​​ទុក​​​ជា​​​ទ្រព្យសម្បត្តិរដ្ឋ។​​​សូម​​​សួរ​​​គាត់​​​ចុះ គាត់​​​ដឹង​​​ច្រើន​​​ជាង​​​ខ្ញុំ​​​”។

លោក ទឹម​​​ ដារ៉េត អភិបាល​​​ស្រុក​​​ បវេល បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ សង ថន បាន​​​ទិញ​​​ដី​​​នេះ កាល​​​ពី​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​មុន​​​ពេល​​​អ្នក​​​ភូមិ​​​បាន​​​មក​​​រាន​​​ និង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​នេះ​​​កាល​​​ពី​​​ពាក់​​​កណ្ដាល​​​ទសវត្សរ៍ឆ្នាំ២០០០​​​។

លោក ដារ៉េត​​​ បាន​​​និយាយ​​​ថា ដំបូង​វា​​​ជា​​​ដី​​​ដែល​​​លោក ប្រាជ្ញ ច័ន្ទ បាន​ដក​​​ហូត​​​​​​ពី​​​អ្នក​ភូមិ​​​ដែល​​​មក​ចាប់​យក​​​ដី​​​ដោយ​​​ខុស​​​ច្បាប់ ហើយ​​​ប្រគល់​​​ឲ្យ​​​លោក​​​ សង ថន វិញ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក សង ថន ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បា​​​ន​​​ទេ​​​៕ សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស