33 C
Phnom Penh

អ្នក​ភូមិ​ឡពាង​ដើរ​ហែ​ទៅ​ក្រសួង​យុត្តិធម៌​និង​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រុក​កំពង់​ឆ្នាំង​មួយ​ក្រុម​ដែល​​តស៊ូ​ដើម្បី​ដីធ្លី​ជាមួយ​ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បាន​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិ​ធម៌ និង​សភា​ជាតិ​កាលពី​ម្សិល​មិញ។ នេះ​ជា​សហគមន៍​មួយ​ក្នុង​ចំណោម​សហគមន៍​៥​នៅ​ទូទាំង​ប្រទេស​ដែល​ថ្មីៗ​នេះ​បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ជំនួយ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ដែល​កើត​មាន​ជាយូរ​មក​ហើយ។protesters

អ្នក​ភូមិ​ឡពាង​ប្រហែល៧០​នាក់​មាន​ជម្លោះ​តាំងពី​ឆ្នាំ​២០០៧ទាក់ទង​នឹងដី​​ស្រែ​ជាង​១៤៥​ហិកតា​ជាមួយ​ក្រុមហ៊ុន​ KDC របស់​លោក​ស្រី ជា ខេង ជា​ភរិយា​របស់​លោក ស៊ុយ សែម។ ពួកគាត់​អំពាវនាវ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ដើម្បី​បាន​ដី​មក​វិញ និង​សុំ​ឲ្យ​ដោះលែង​អ្នក​ភូមិ​៥​នាក់ ដែល​ជាប់​ឃុំ​រង់​ចាំ​ការ​កាត់​ក្តី​ចាប់តាំង​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុមហ៊ុន KDC កាលពី​ខែ​កក្កដា។

បើទោះជា​អ្នក​ភូមិ​ខេត្ត​កំពង់​ឆ្នាំង​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ​អំឡុង​ពេល​ថ្មីៗ​ក្នុង​ការ​ប៉ុនប៉ង​ដាក់​ញត្តិ​ក្តី ក៏​ពួកគាត់​បាន​ដើរ​ហែ​កាត់​ក្រុង​ដោយ​គ្មាន​ការ​រំខាន​​ទេ​កាលពី​ម្សិលមិញ។

ក្រុម​អ្នកភូមិ​ប្រហែល​៦០​នាក់​ផ្សេង​ទៀត​ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​៤​ផ្សេង​ទៀត​មិន​មាន​សំណាង​បែប​នេះ​ទេ។

ក្រុម​អ្នក​ភូមិ មកពី​ខេត្ត​បាត់ដំបង បន្ទាយ​មាន​ជ័យ ក្រចេះ និង​ខេត្ត​ប៉ៃលិន ​សង្ឃឹម​ថា​នឹង​ដើរ​ហែ​ដាក់​ញត្តិ​ទៅ​សភា​ជាតិ និង​ភូមិ​គ្រឹះ​នៅ​ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​នៅ​ពេល​ក្រុមនេះ​ប្រុង​ប្រៀប​ចាកចេញ​ពី​វត្ត​សាមគ្គី​រង្សី​ក្នុង​ខណ្ឌ​មាន​ជ័យ ជា​កន្លែង​ដែល​ពួកគាត់​ស្នាក់​នៅ នគរបាល​និង​សន្តិ​សុខ​ខណ្ឌ​បាន​មក​ដល់​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ ហើយរារាំង​ផ្លូវ​ពួកគាត់​មិន​ឲ្យ​ចាក​​ចេញ។

លោក ហៀង ចាន់លៀង អភិបាល​រង​ខណ្ឌ បាន​ប្រាប់​អ្នក​ភូមិ​ថា “សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​ដើរ​ហែ​ទេ ពីព្រោះវា​នឹង​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​។ ខ្ញុំ​មក​តំណាង​ឲ្យ​សាលា​រាជធានី​ទទួល​យកញត្តិ​របស់​បង​ប្អូន ដូច្នេះសូម​បងប្អូន កុំ​ឲ្យ​ពិបាក​ដើរ​ហែ​អី។ ញត្តិ​នេះ​នឹង​ទៅ​ដល់គោលដៅ​របស់​វា”។

ដំបូង អ្នកភូមិ​មាន​ភាព​ស្ទាក់ស្ទើរ​មិន​ចង់​បញ្ឈប់​ការ​ដើរ​ហែ​របស់​ខ្លួន​ទេ។ អ៊ំ សំអុល ជា​អ្នក​ភូមិ​ម្នាក់​មកពី​ខេត្ត​ប៉ៃលិន ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​តាំងពី​ឆ្នាំ​២០១០ បាន​និយាយ​ថា “យើង​ធ្លាប់​បាន​ឃើញ​អាជ្ញាធរ​ទទួល​ញត្តិ​របស់​យើង​ហើយ​មិន​ដែល​ឆ្លើយ​តប​មក​វិញ​ទេ ដូច្នេះ​ហើយ​យើង​ចង់​ដើរ​ហែ​និង​ប្រគល់​ញត្តិ​របស់​យើង​ដោយ​ខ្លួន​ឯង”។

បន្ទាប់ពី​ការចរចា​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ព្រះសង្ឃ​ផង ក្រុម​អ្នកភូមិ​បាន​យល់​ព្រម​មិន​ដើរ​ហែ ហើយ​ទុក​ញត្តិ​ជាមួយ​លោក ចាន់​លៀង។

អ្នក​ភូមិ​មួយ​ចំនួន​​បាន​និយាយ​ថា ពួកគាត់​មក​ភ្នំពេញ​បន្ទាប់ពី​បាន​ឮ​ថា លោក ហ៊ុន សែន បាន​បង្កើត​គណកម្មាធិការ​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី។

កាលពី​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បង្កើត​គណកម្មាធិការ​អន្តរ​ក្រសួង​ថ្មី​មួយ​ដើម្បី​ស៊ើប​អង្កេត ថាតើ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ត្រូវ​គេ​បន្ទោស​ចំពោះ​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ទាំង​បង្ខំ​ភាគ​ច្រើន នៅ​ប្រទេស​កម្ពុជា​នោះ អនុវត្ត​តាម​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ឬ​ទេ។

កាលពី​ថ្ងៃ​សុក្រ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​និង​អភិបាល​ខេត្ត​ជាច្រើន​រូប​ដែរ ដើម្បី​ពិភាក្សា​អំពី​ញត្តិ​ជា​ច្រើន ​ដែល​ខុទ្ទកាល័យ​របស់​លោក​ទទួល​ជា​ទៀងទាត់​ពី​សហគមន៍​នានា ដែល​ធ្វើ​ដំ​ណើរ​មក​រាជធានី​ភ្នំពេញ។មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស