30 C
Phnom Penh

នគរ​បាល​អន្តរជាតិ​អាំង​ទែប៉ូល​ចូល​រួម​ស៊ើប​អង្កេត​​ជនជាតិ​ជប៉ុន​​ម្នាក់​ដែល​​ជាប់​សង្ស័យ​ពីបទ​​ជួញដូរ​ក្មេងៗ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយការណ៍​ថា នគរ​បាល​អន្តរជាតិ​​អាំងទែប៉ូល​ កំពុង​តែ​ស៊ើប​អង្កេត​លើ​​ករណី​បុរស​ជនជាតិ​​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​​សង្ស័យ​​ថា ជា​មេខ្លោង​​​ជួញដូរ​ក្មេង​ៗ ដោយ​បាន​បើក​ការ​ស៊ើប​អង្កេត​​នៅ​ក្នុងប្រទេស​ចំនួន​បួន រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។

កាលពី​សប្ដាហ៍​មុន​ នាយកដ្ឋាន​នគរ​បាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​រាជធានីភុ្នំពេញ​បាន​បញ្ជាក់​ថា ខ្លួន​កំពុងស៊ើប​អង្កេត​លើ​ករណី​របស់​លោក Mitsutoki Shigeta អាយុ​២៤​ឆ្នាំ​ ជនជាតិ​ជប៉ុន ដែល​ធ្វើ​ជា​ឪពុក​លើ​ក្មេង​ៗ​យ៉ាង​តិច​ចំនួន​១៦​នាក់​ ក្នុង​នោះ​បួន​នាក់​ត្រូវ​បាន​គេ​ជឿជាក់​ថា ​ស្ថិត​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ដោយឲ្យស្ត្រី​នៅ​ក្នុង​ប្រទេស​ថៃ​ព​ពោះ​ឲ្យ​។

​យោង​តាម​កាសែត​ Associated Press (AP)បាន​ឲ្យ​ដឹង​ថា ទោះបី​ជា​លោក Shigeta ដែល​គេ​មិន​ដឹង​ថា នៅ​កន្លែង​ណា​នោះ​មិនទាន់​​ត្រូវ​បាន​ចោទ​ប្រកាន់​ក៏ដោយ តែ​នគរ​បាល​ថៃ​បាន​សង្ស័យ​​ជនជាតិ​ជប៉ុន​រូប​នេះ​ថា មានជាប់ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ជួញដូរ​មនុស្ស​ឬកេង​​យក​ផល​ចំណេញ​ពី​កុមារ។

ដោយ​ដក​ស្រង់​សម្ដី​របស់​ប្រធាន​នគរ​បាល​​អន្តរជាតិ​អំាងទែប៉ូល​នៅ​ក្នុង​ប្រទេស​ថៃ កាសែត​ AP បាន​រាយការណ៍​​កាល​ពី​ចុង​សប្ដាហ៍​ថា មន្ត្រី​នគរ​បាល​អន្តរជាតិ​អាំង​ទែប៉ូល​កំពុង​តែ​ចូល​រួម​នៅក្នុង​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ចំនួន​បី​ផ្សេង​ទៀតដូច​ជា​ប្រទេស​កម្ពុជា ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​ជាដើម​ ដែល​លោក​ Shigeta ត្រូវ​បានគេ​ជឿជាក់​ថា បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​​ ឬចុះ​បញ្ជី​លំនៅ​ដ្ឋាន​។

​យោង​តាមរបាយការណ៍​របស់​​ក្រសួងពាណិជ្ជកម្ម​ លោក Shigeta បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​​ចំនួន​ប្រាំ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​តែមួយ​គត់។ នាយក​ដ្ឋាន​លិខិត​ឆ្លង​ដែន​នៅ​ក្រសួង​មហាផ្ទៃ​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក Shigeta មាន​សញ្ជាតិ​កម្ពុជា​ ដោយ​យោង​តាម​​ព្រះ​រាជក្រឹត្យ​ឆ្នាំ​២០១២។

លោក កែវ ធា នាយ​នគរ​បាល​ប្រឆាំង​ការជួញដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​កំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ​បាន​បដិសេធ​មិន​រៀប​រាប់​ពី​ការ​ស៊ើប​អង្កេត​ដែល​​កំពុង​តែ​មាន​ដំណើរ​វិវឌ្ឍ​របស់​លោក​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិនអាច​និយាយ​បាន​ទេ​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ពេល​ដែល​ខ្ញុំ​អាច​និយាយ​ប្រាប់​បាន ​ខ្ញុំ​នឹង​និយាយ​ប្រាប់​”។

ទាំង​ការិយាល័យ​នគរ​បាល​អន្តរជាតិ​អាំងទែប៉ូល​របស់​ប្រទេស​កម្ពុជា និង​លោក សុខ ផល អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ក្រសួង​មហាផ្ទៃ​ មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ​។ លោក កែវ វណ្ណថន ដែល​ជា​អគ្គនាយករង​ក្រោម​​បង្គាប់​របស់​លោក សុខ ផល និង​ដែល​ធ្លាប់​គ្រប់​គ្រង​ការិយាល័យ​នគរ​បាល​អន្តរជាតិ​អាំងទែប៉ូលបាន​លើក​​ឡើង​ថា លោក​មិន​ដឹង​អំពី​ករណី​នេះ​ឡើយ​។

យោ​ងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នៅ​ក្នុង​ប្រទេស​​ថៃ និង​​ប្រទេស​អូស្ត្រាលី លោក Shigeta បាន​ប្រើ​លិខិត​ឆ្លង​ដែន​កម្ពុជា​ ដើម្បី​ចូល​​ក្នុង​ប្រទេស​​កម្ពុជា​ពី​ប្រទេស​ថៃមក​ជា​ច្រើន​លើក​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​​បី​លើក​​មាន​​​ក្មេង​មក​ជាមួយ​​ផ្សេងៗ​គ្នា​ ដែល​​ប្រើ​នាម​ត្រកូល​របស់​លោក​​​។ ក្រោយ​មក​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ប្រទេស​ថៃ​​បាន​រាយការណ៍​ថា ក្មេងៗ​ចំនួន​បួន​នាក់​​ដែល​គេ​សង្ស័យ​ថា លោក Shigeta បានធ្វើ​ជា​ឪពុក​នោះ​ ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា នគរ​បាល​ថៃ​មាន​គម្រោង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ ដើម្បី​មក​មើល​ក្មេងៗ​ទាំង​នេះ​៕ គឹមហឿន​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស