35 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​មនុស្ស​១៦នាក់​នៅក្នុង​ការ​ឆ្មក់ចាប់​គ្រឿង​ញៀន​ក្នុងក្រុងស្ទឹងត្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​រាជ​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​មនុស្ស​១៦​នាក់ និង​ដក​ហូត​​ថ្នាំ​​មេតំហ្វេតាមីន​ជាង​៣.០០០​គ្រាប់ អំឡុង​ការ​ឆ្មក់​ចាប់​គ្រឿង​ញៀន​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​​កាលពី​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ម្សិលមិញ។

លោក អៀង វណ្ឌី ​​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ការ​ឆ្មក់​ចាប់រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង នេះ​ដក​ហូត​បាន​ថ្នាំ​ញៀន​សរុប​៣.៤៥០​គ្រាប់​ ព្រម​ទាំងប្រភេទ​ថ្នាំ​ញៀន​ផ្សេងៗ​ទៀត​។

វរសេនីយ៍ឯក វណ្ឌី បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំមួយ​នាក់​កាលពី​ថ្ងៃ​ច័ន្ទ និង​​១០​នាក់​ទៀត​រួម​មានស្ត្រី​បី​នាក់​ផង​នៅ​ក្នុង​​​កន្លែង​ដាច់​ដោយ​ឡែក​ពីគ្នា​នៅក្នុង​​សង្កាត់តែមួួយ​នេះ​”។

លោក ខេង ទីតូ អ្នក​នាំ​​​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​បាន​មាន​ប្រសាសន៍​ថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​នោះ​ រួម​មាន​​​ទាំង​​​អ្នក​​​ជួញដូរ និង​​​អ្នក​ប្រើ​ប្រាស់​ថ្នាំ​មេតំហ្វេតាមីន ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​សាក​សួរ​នៅ​ថ្ងៃ​ស្អែក។ ឧត្តម​សេនីយ៍ត្រី ខេង​ ទីតូ បាន​មាន​ប្រសាសន៍​ថា “អ្នក​ទាំង​អស់​នេះ​ជាប់​​​ពាក់​​ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន ហើយ​វា​អាស្រ័យ​លើ​ព្រះរាជ​អាជ្ញា​ដើម្បី​វិនិច្ឆ័យ​​​ថា ​អ្នកណា​ជាប់​ពាក់​ព័ន្ធ​តិច​ឬ​​​ច្រើន​​នោះ”។ លោក​បាន​បន្ថែម​ថា ថ្នាំញៀន និង​វត្ថុតាង​​​ផ្សេង​ទៀត​ដែល​ដកហូត​បាន​នឹង​ត្រូវ​​​ប្រគល់​ទៅ​ឲ្យ​​​មន្ត្រី​តុលាការ​។

ខេត្ត​ស្ទឹង​ត្រែង​គឺ​ជា​ច្រក​ឆ្លង​​​កាត​់​យូរ​​​មក​​​ហើយ​សម្រាប់​ការ​ជួញដូរ​ថ្នាំ​ញៀន​ខុស​ច្បាប់​ចូល​​​ក្នុង​​​ប្រទេស​កម្ពុជា​ ពី​តំបន់​ត្រី​​​កោណ​​​មាស ហើយ​​​ចុង​​​ក្រោយនេះ​ជា​ច្រក​សម្រាប់​​​ការ​ជួញដូរ​ថ្នាំ​មេតំ​​​ហ្វេតាមីន ដែល​មាន​ប្រភព​នៅ​ក្នុង​​​ប្រទេស​ឡាវ។

កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា នគរ​បាល​ប្រឆាំង​គ្រឿងញៀន​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ឡាវ​អាយុ​៣៩​ឆ្នាំ​ម្នាក់​ពីបទ​ជួញដូរ​ថ្នាំ​មេតំហ្វេតាមីន​ទម្ងន់​ជិត​១​គីឡូក្រាម​ ចូលក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹង​ត្រែង​។

យោង​តាម​របាយការណ៍ដែល​ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា ដោយ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​បទ​ឧក្រិដ្ឋ​បាន​ឲ្យ​ដឹង​ថា “ក្រុ​ម​ជួញដូរ​ថ្នាំ​ញៀន​អន្តរ​ប្រទេស​ និង​តំបន់អាស៊ី​បន្ត​ផ្តោតគោលដៅ​លើ​ប្រទេស​កម្ពុជា​ថា ជា​ប្រភព​ ជា​ច្រក​ឆ្លង​កាត់ និង​ជាទិស​ដៅ​សម្រាប់​ការ​ជួញដូរ​ថ្នាំ​អំហ្វេតាមីន និង​ថ្នាំ​ញៀនខុស​ច្បាប់​ដទៃ​ទៀត”។

​យោង​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​​គ្រឿង​ញៀន​បានឲ្យ​ដឹង​ថា ថ្នាំ​មេតំហ្វេតាមីន​គឺ​ជា​ប្រភេទ​ថ្នាំ​ញៀន​ ដែល​រឹប​អូស​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣​។ តួលេខ​របស់​អាជ្ញាធរជាត​ិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​បង្ហាញ​ថា នគរ​បាល​ដក​ហូត​បាន​ថ្នាំ​ញៀន​មេតំ​ហ្វេតាមីនគ្រាប់​ចំនួន​​១៧,៣​គីឡូក្រាម​ និង​ថ្នាំ​មេតំហ្វេតាមីនប្រភេទ​ម្សៅ​ចំនួន​៣២,៤​គីឡូក្រាម​កាលពី​ឆ្នាំ​មុន​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស