រដ្ឋសភានឹងកោះប្រជុំនៅព្រឹកនេះដើម្បីបោះឆ្នោតជ្រើសរើសសមាជិក និងប្រធានគណៈកម្មការសភាចំនួន១០ ដែលត្រូវបានបែងចែកស្មើគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តាមកិច្ចព្រមព្រៀងដែលគណបក្សទាំងពីរបានសម្រេចកាលពីខែមុន។
កាលពីថ្ងៃទី២២ ខែកក្កដាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទទួលយកកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការធ្វើពហិការមិនចូលសភារបស់គណបក្សប្រឆាំងជាថ្នូរនឹងសម្បទានមួយចំនួនពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងការគ្រប់គ្រងគណៈកម្មការចំនួនប្រាំផងដែរ។
ក្រោមកិច្ចព្រមព្រៀងនេះគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងគណៈកម្មការទាំងអស់អំឡុងអាណត្តិមុន ឥឡូវនេះនឹងគ្រប់គ្រងតែប្រាំប៉ុណ្ណោះ។ គណបក្សនីមួយៗនឹងមានសមាជិកប្រាំរូបនៅក្នុងគណៈកម្មការដែលខ្លួនគ្រប់គ្រង និងសមាជិកបួនរូបក្នុងគណៈកម្មការដែលខ្លួនមិនគ្រប់គ្រង។
លោក យែ៉ម បុញ្ញប្ញទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលឈរឈ្មោះឲ្យ គេបោះឆ្នោតជាប្រធានគណៈកម្មការអប់រំ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍បានមានប្រសាសន៍ថា សេនារីយោនេះនឹងបង្ហាញឲ្យឃើញថា សមាជិកសភាស្ទើរទាំង១០រូបរបស់គណបក្សនេះត្រូវបានជ្រើសរើសឲ្យកាន់តួនាទី។
លោកបានមានប្រសាសន៍ថា “សម្រាប់គណបក្សសង្គ្រោះជាតិ យើងមានសមាជិកសភាចំនួន៤៥រូបដែលត្រូវតែងតាំងសម្រាប់តួនាទីជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការ”។ លោក បុញ្ញប្ញទ្ធិ បានបន្ថែមថា “ការបោះឆ្នោតនៅថ្ងៃស្អែកនេះ នឹងជាការបោះឆ្នោតសម្ងាត់ដែលតម្រូវឲ្យមានសំឡេងឆ្នោតភាគច្រើនដាច់ខាតតាមរយៈរូបមន្ត៥០បូក១”។
លោក បុញ្ញប្ញទ្ធិ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិក៏នឹងតែងតាំងលោក អេង ឆៃអ៊ាង ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស លោក ប៉ុល ហំម ជាប្រធានគណៈកម្មការផែនការ វិនិយោគ និងកសិកម្ម លោកស្រី មូរ សុខហួរ ជាប្រធានគណៈកម្មការកិច្ចការសាធារណៈ សង្គមកិច្ច និងកិច្ចការនារី ហើយលោក យឹម សុវណ្ណ ជាប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ និងសើុបអង្កេតផងដែរ។
លោក ហ៊ុន សែន បានធានាជាសាធារណៈចំពោះគណបក្សសង្គ្រោះជាតិថា សមាជិកសភារបស់គណបក្សលោកទាំង៦៨រូបនឹងបោះឆ្នោតគាំទ្រការតែងតាំងសមាជិកគណបក្សប្រឆាំងដូចដែលបានព្រមព្រៀងតាមកិច្ចព្រមព្រៀងនយោបាយ ដែលបានសម្រេចកាលពីថ្ងៃទី២២ ខែកក្កដា។
គេមិនអាចទាក់ទងលោក ជាម យៀប អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ ប៉ុន្តែ គេរំពឹងថា ប្រធានគណៈកម្មការប្រាំរូបរបស់គណបក្សនេះពីអាណត្តិមុន នឹងទទួលបានតួនាទីរបស់ខ្លួនដដែលនៅក្នុងការបោះឆ្នោតនៅថ្ងៃេនះ។
បើគ្មានការផ្លាស់ប្តូរណាមួយចំពោះប្រធានគណៈកម្មការទាំងប្រាំដែលគណបក្សប្រជាជនកម្ពុជាធ្លាប់គ្រប់គ្រងទេនោះ លោក ជាម យៀប នឹងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ៊ុន ណេង នឹងជាប្រធានគណៈកម្មការមហាផ្ទៃ និងការពារជាតិ លោក ឈាង វុន នឹងជាប្រធានគណៈ កម្មការកិច្ចការបរទេស និងប្រព័ន្ធផ្សព្វផ្សាយ លោក បែ៉ន បញ្ញា នឹងជាប្រធានគណៈកម្មការច្បាប់ និងយុត្តិធម៌ និងលោក និន សាផុន នឹងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ និងរ៉ែ។
លោក ឈាង វុន ដែលក៏ជាអ្នកនាំពាក្យរដ្ឋសភាដែរនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះ។
ប្រធានគណៈកម្មការទាំង១០ នឹងបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍សភា ដែលគ្រប់គ្រងរបៀបវារៈច្បាប់ និងកំណត់បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា និងអនុប្រធានពីររូប ដែលមួយរូបក្នុងចំណោមនោះនឹងជាលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៕សារុន