27.5 C
Phnom Penh

វិវាទដីធ្លី​ក្នុង​​ខេត្ត​ក្រចេះ​នៅតែគ្មាន​ដំណោះស្រាយ​បន្ទាប់ពី​ការ​ពិភាក្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី ជាមួយ​​​ក្រុមហ៊ុន​​​កសិ​​​ពាណិជ្ជកម្ម​​​មួ​​​យ​​​បាន​​​និយាយ​​​ថា ការ​​​ពិភាក្សា​​​ជាមួយ​​​​​​មន្ត្រី​​​រៀប​​​ចំ​​​ដែន​​​ដី​​​ និង​​​មន្ត្រី​​​ខេត្ត​​​នៅ​​​សាលា​​​ស្រុក​​​ស្នួល​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បញ្ចប់​​​ដោយ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​អ្វី​​​ឡើយ​​​។

តាម​​​ព័ត៌មាន​ថា អាជ្ញាធរ​​​បាន​​​ប្រមូល​​​ឯកសារ​​​ និង​​​គ្រោង​​​ធ្វើ​​​ការ​​​ពិភាក្សា​​​បន្ត​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កញ្ញា​​​ហើយ​នៅ​​​ពេល​​​មួយ​​​ពួក​​​បាន​​​អះ​​​អាង​​​ប្រាប់​​​ក្រុម​​​អ្នក​​​ភូមិ​​​ថា ពួក​​​គេ​​​នឹង​​​សម្រេច​​​ថា តើ​​​នរណា​​​​​​មាន​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី របស់​​​ខ្លួន។

លោក សួន​​​ វិច្ឆិកា តំណាង​​​អ្នក​​​ភូមិ​​​៣២៩​​​គ្រួសារ​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​ស្នួល​​​បាន​​​និយាយ​​​ថា “យើង​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​ឆាប់​​​សម្រាប់​​​អ្នក​​​ភូមិ​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ពួក គេ​​​ត្រូវ​​​តែប្រគល់​​​ដី ឲ្យពួក​​​យើង​​​វិញ​​​”។

សមាជិក​​​សហគមន៍​​​ប្រហែល​​​១០០នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅខាង​​ក្រៅ​​​សាលា​​​ស្រុក​​​ ពី​​​ព្រោះ​​​ក្រុម​​​អ្នក​​​ភូមិ និង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ត្រូវ​​​បាន​​​រា​​​រាំង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​អគារ​​​នោះ​​​អំឡុង​​​ការ​​​ពិភាក្សា​​​ ប៉ុន្តែ ទី​​​បំផុត​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ពីរ​​​បី​​​នាក់​​​ត្រូ​​​វបាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​។

អ្នក​​​ភូមិ​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​សន្យា​​​ផ្តល់​​​ប័ណ្ណកម្ម​​​សិទ្ធិ​​​ដី​​​ត្រូវ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន ​​​​បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​ Horizon Agricultural Development ដែល​​​លើក​​​ឡើ​​​ងថា ក្រុមហ៊ុន​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ដើម្បី​​​ដាំ​​​ដំឡូង​​​មី និង​​​ម្រេច​​​នៅ​​​លើ​​​ដី​​​នេះ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨​​​ ខែ​​​សីហា​​​ ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ប៉ះទង្គិច​​​ជា​​​មួយ​​​នគរ​​​បាលនៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ខណៈ​​​ដែល​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​នៅ​ភូមិគ្រឹះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន  ដើម្បី​​​សុំ​​​ជំនួយ​​​។ នៅ​​​ព្រឹក​​​ថ្ងៃ​​​ដដែល​​​នោះ​​​លោក​​​ ហ៊ុន សែន បាន​​​រិះ​​​គន់​​​លោក អឹុម ឈុន​​​លឹម រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ ​​​នគរ​​​ូប​​​នីយកម្ម និង​​​សំណង់​​​ និង​​​លោក ស ចំរុង អភិបាល​​​ខេត្ត​​​ក្រចេះ​​​​​​នៅ​​​ក្នុង​​​សុន្ទរកថា​​​មួយ​​​ ចំពោះ​​​ការ​​​មិន​​​រក​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​វិវាទ​​​ដី​​​ធ្លី​​​​​​។

លោក កៅ ម៉ាលី​​​ឡែន ប្រធាន​​​មន្ទីរ​​​រៀប​​​ចំ​​​ដែន​​​ដី​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ព​​ី​​​ម្សិល​មិញ​​​ថា គណៈកម្មាធិការ​​​សុរិយោ​​​ដី​​​​​​ថ្នាក់​​​ជាតិ​​​បាន​​​មក​​​ស្រង់​​​ទិន្នន័យ​​​អំពី​​​ករណី​​​នេះ ហើយ​​​បាន​​​និយាយ​​​ថា ​​​លោក​​​នឹង​​​រាយការណ៍​​​ទៅ​​​លោក​​​ អឹុម ឈុន​​​លឹម ឲ្យ​​​បាន​​​ទាន់​​​ពេល​​​វេលា​​​សម្រាប់​​​ការ​​​ប្រជុំ​​​នៅ​​​ខែ​​​កញ្ញា។

លោក ម៉ាលីឡែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​”អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​បាន​​​ស្នើសុំ​​​ឲ្យ​​​​​​មាន​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​ឆាប់​​​ ប៉ុន្តែ សំណើ​​​នេះ​​​មិន​​​អាច​​​ទទួលយក​​​បាន​​​ទេ​​​ ពីព្រោះ​​​ពួក​​​គាត់​​គ្រាន់តែ​​ជា​​​ភាគី​​​ម្ខាង​​​ប៉ុណ្ណោះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​សង្ឃឹម​​​ថា តំណាង​​​ក្រុម​​​ហ៊ុន​​​នឹង​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​លើក​​​ក្រោយ​​​។

លោក វិច្ឆិកា បាន​​​និយាយ​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​នឹង​​​មិន​​​ទទួល​​​យក​​​អ្វី​​​ឡើយ​​​ក្រៅ​​​តែពី​​​​​ការ​​​ទទួល​​​បាន​​​ដី ដែល​​​មាន​​​វិវាទ​​​នៅ​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កញ្ញា​​​មក​​​វិញ​​​។ លោក​​​បាន​​​និយាយ​​​ថា “យើង​​​នឹង​​​បន្ត​​​ធ្វើការ​​​តវ៉ា​​​ទៀត​​​ ប្រសិន​​​បើ​​​ពួកគេ​​​សម្រេច​​​ឲ្យ​​​ក្រុមហ៊ុន​​​ឈ្នះ​​​នោះ​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស