ក្រុមមន្ត្រីបាននិយាយថា គ្រូបឋមសិក្សាម្នាក់ និង ក្មេងជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ក្នុងខេត្ត ផ្សេងគ្នាកាលពីថ្ងៃច័ន្ទ។ យោងតាមលោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ កយ កុយ អាយុ១៦ឆ្នាំត្រូវរន្ទះបាញ់ស្លាប់ខណៈដែលកំពុងងូតទឹកស្រះចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះរបស់ខ្លួន ស្ថិតក្នុងស្រុកម៉ាឡៃ នៅម៉ោងប្រហែល៣ និង៤៥នាទីរសៀល។
លោក សៅ ប៊ុន បានមានប្រសាសន៍កាលពីម្សិលមិញថា “ក្មេងប្រុសរូបនេះកំពុងងូតទឹកស្រះអំឡុងភ្លៀងខ្លាំង ហើយបានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរន្ទះបាញ់”។
លោក ប្រាក់ សារឹម មេឃុំសាមគ្គី បានមានប្រសាសន៍ថា នៅក្នុងករណីដាច់ដោយឡែកមួយទៀត អ្នកស្រី មាស សារ៉ាន់ អាយុ៤២ឆ្នាំជាគ្រូបង្រៀនបឋមសិក្សាម្នាក់មកពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវរន្ទះបាញ់ស្លាប់អំឡុងពេលភ្លៀង។
លោក សារឹម បានមានប្រសាសន៍ថា “គាត់ខ្លាច ហើយបានរត់ទៅជ្រកផ្ទះអ្នកជិតខាង ហើយគាត់មិនបានកាន់អ្វីទេ ប៉ុន្តែ ត្រូវរន្ទះបាញ់ស្លាប់”។
លោក កែវ វី ប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា រដ្ឋាភិបាលព្យាយាមបង្រៀនប្រជាពលរដ្ឋឲ្យចេះប្រុងប្រយ័ត្នអំឡុងពេលភ្លៀងផ្គរ។ លោកបានមានប្រសាសន៍ថា “យើងបានអប់រំប្រជាពលរដ្ឋឲ្យរកកន្លែងសុវត្ថិភាពដើម្បីជ្រក ហើយថា នៅពេលមានផ្លេកបន្ទោរកុំកាន់វត្ថុដែលមានជាតិដែក ទូរស័ព្ទ ឬទៅវាលស្រែជាដើម”៕សារុន