28 C
Phnom Penh

វិនិយោគិន​​តៃវ៉ាន់​មិន​បារម្ភ​នឹង​រឿង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ពា​ណិជ្ជ​កម្ម​​តៃវ៉ាន់​ជាច្រើន​ដែល​សម្លឹង​មើល​ឱកាស​​បោះ​ទុន​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា ហាក់ដូចជា​មិន​បារម្ភ​នឹង​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មុន ថា​នឹង​រារាំង​ផែនការ​របស់​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់​ក្នុង​ក្រុង​ភ្នំពេញ ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។

អំឡុង​ទស្សនកិច្ច បេសកកម្ម​ពាណិជ្ចកម្ម​តៃវ៉ាន់ប្រចាំ​ឆ្នាំ​លើក​ទី​៤​នៅ​កម្ពុជា នៅ​សណ្ឋាគារ​អិនធើខុនធីណិនថល​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ តំណាង​ក្រុមហ៊ុន​តៃវ៉ាន់ ដែល​មាន​ឯកទេស​ខាង​ឧបករណ៍​ឧស្សាហកម្ម​និង​គ្រឿង​បន្លាស់​ផ្សេងៗ​ បាន​និយាយ​ថា ពួកគាត់​មិន​រាថយ​ដោយសារតែ​ទំនាក់ទំនង​ជិតស្និទ្ធរវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​ឡើយ។

លោក ​Lin Horn-Tzer ម្ចាស់ក្រុមហ៊ុន Forever​​ Industries បាន​និយាយ​នៅ​ព្រឹត្តិ​ការណ៍​កាលពី​ម្សិលមិញ​ថា “ជំនួញ​គឺ​ជា​រឿង​មួយ នយោបាយ​ជារឿង​មួយ​ផ្សេង។ យើង​មិន​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​​នយោបាយ​ប្រទេស​ចិន​លើ​ប្រទេស​កម្ពុជា​ទេ ពីព្រោះ​ការ​ធ្វើ​ជំនួញ​គឺ​ជា​ការធ្វើ​ជំនួញ។ ខ្ញុំ​គិត​ថា ក្រុមហ៊ុន​ជំនួញ​តៃវ៉ាន់​នៅ​ទី​នេះ​កំពុង​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង”។

លោក Allen Yang តំណាង​នៅ​ក្រៅ​ប្រទេស​ឲ្យ​ក្រុមហ៊ុន Unelectra International Corp. ដែល​ផលិត​ត្រង់ស្វម៉ាទ័រ បាន​និយាយ​ថា បើទោះ​បី​​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​រឹង​មាំក៏​ដោយ ក៏​ថ្លៃ​ពលកម្ម​ទាប​នៅ​កម្ពុជា និង​អំពើ​ហិង្សា​ដែល​បាន​កើត​មាន​ឡើង​នៅ​ប្រទេស​វៀតណាម​កាលពី​ខែ​ឧសភា ​ដោយ​សារ​​ជម្លោះ​ទឹកដី​ជាមួយ​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​នៅ​ពេល​អនាគត។

លោក Yang បាន​និយាយ​ថា “យើង​បារម្ភ​អំពីដំណើរ​ការ​បើក​ក្រុមហ៊ុន​នៅ​ប្រទេស​វៀតណាម។ ម្ចាស់​ក្រុមហ៊ុន​ម្នាក់​របស់​យើង​បាន​លាក់​ខ្លួន​ក្នុង​សណ្ឋាគារ​​ពេល​មាន​​កុបកម្ម ហើយ​យើង​មិន​អាច​ទាក់ទងគាត់​បាន”។

“យើង​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​នយោបាយ​របស់​ប្រទេសចិន​​ទេ។ ដូច្នេះ​យើង​មិន​បារម្ភ​ពី​វត្តមាន​របស់​ចិន​នៅ​ទី​នេះ​ទេ យើង​ខ្វល់​តែ​អំពី​ការ​លក់ផលិតផល​របស់​យើង ហើយ​នឹង​ប្រកួត​ប្រជែង​ជាមួយ​គេ​ប៉ុណ្ណោះ ជាពិសេស​ផ្នែក​​គុណភាព​ផលិតផល”។

ការ​តាំង​ពិព័រ​ណ៍កាលពី​ម្សិលមិញ​បាន​ធ្វើ​ឡើង ទោះបី​ជា​មាន​ការ​ប្រកាស​របស់​លោក ហ៊ុន សែន អំឡុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៨​ខែកក្កដាថា ការ​បង្កើត​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យមាន​ និង​ក្នុង​ហេតុការណ៍​មួយ​កាលពី​ឆ្នាំ​២០១០ ដែល​ពេល​នោះ ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ដក​ទង់ជាតិ​តៃវ៉ាន់​ចេញពី​សន្និសីទ​ពាណិជ្ជកម្ម​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រីក៏ដោយ​។

លោក​ Larry​​ Kao អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​តៃវ៉ាន់​នៅ​កម្ពុជា បាន​និយាយ​ថា លោក​បាន​ឮ​ថា ស្ថានទូត​ចិន កាលពី​ម្សិលមិញ​បាន​ចាត់ទុក​ព្រឹត្តិការណ៍​កាលពី​ម្សិលមិញ ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តៃវ៉ាន់ ថា​ជា​ការ​ប្រមាថ​ចំពោះ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ហើយ​ចង់បញ្ឈប់​ព្រឹត្តិការណ៍​នោះ តែ​ក្រោយ​មក​បាន​ប្តូរ​ចិត្ត​ទៅ​វិញ។

លោក Kao បាន​និយាយ​ថា “ពួកគេ [មន្ត្រី​ស្ថានទូត​ចិន] យល់​ថា នេះ​ជា​ការ​ធ្វើ​ជំនួញ​សុទ្ធ​សាធ ហើយ​នេះ​ជា​ការធ្វើ​ជំនួញ​ជាមួយ​ប្រជាជន​ក្នុង​ស្រុក…។ ដូច្នេះ​គ្មាន​បញ្ហា​អ្វី​ទេ”។

លោក Cheng Hong Bo អ្នក​នាំពាក្យ​ស្ថានទូត​ចិន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹងអំពី​សំណើ​ណាមួយ​ពី​ស្ថានទូត​ឲ្យ​បញ្ឈប់​ពិធី​តាំង​ពិព័រណ៍​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​អំពី​រឿង​ហ្នឹង​ទេ។ តាម​ទស្សនៈ​​របស់​ខ្ញុំ យើង​មិន​បាន​ទាមទារ​អ្វី​ទេ…។ ការ​ធ្វើ​ពាណិជ្ជ​កម្ម​ធម្មតា​រវាង​តៃវ៉ាន់​និង​កម្ពុជា​គឺ​គ្មានបញ្ហា​អ្វី​ទេ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស