31 C
Phnom Penh

ជន​សង្ស័យ​បដិសេធ​បទចោទ​ជួញដូរ​មនុស្ស​នៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ជនជាតិ​ចិន​២​នាក់​និង​ស្ត្រី​ខ្មែរ​២​នាក់ ដែល​ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​ជួញ​ដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​ដើម្បី​លក់ផ្លូវ​ភេទ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​លើ​ពួកគាត់​អំឡុង​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​កាលពី​ម្សិលមិញ។

ជនជាតិ​ចិន ស៊ូ ឈីសេង អាយុ​៣៩​ឆ្នាំ ឈ្មោះ ស៊ូ ជីងឡុង​ អាយុ​៣៤​ឆ្នាំ និងជនជាតិ​ខ្មែរ ឈ្មោះ ឡាំ ណា អាយុ​៤៥​ឆ្នាំ និង សុខ បូរា អាយុ​២៥​ឆ្នាំ បាន​ជាប់​ឃុំ​រង់ចាំ​ការ​កាត់​ក្តី​តាំងពី​ខែ​កុម្ភៈ​មក។ ពួកគេ​ត្រូវ​ជាប់​ចោទ​ពីបទ​ជួញដូរ​មនុស្ស និង​ប្រឈម​ទោស​ជាប់​​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ ក្រោម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ ជនជាប់​ចោទ​ទាំង​នេះ​ក៏​ប្រឈម​បទ​ធ្វើ​ឯកសារ​ក្លែងក្លាយ​ដែរ។

ចៅក្រម កែវ មុនី បាន​ប្រាប់​ជន​សង្ស័យ​ក្នុង​តុលាការ​ថា “ក្នុងឯកសារ​​ប៉ូលីស​ អ្នក​បាន​សារភាព​គ្រប់យ៉ាង ប៉ុន្តែ​ឥឡូវ អ្នក​និយាយ​ថា អ្នក​មិន​ដឹង។ ដោយសារតែដំណើរ​រឿង​ស្មុគស្មាញ ហើយ​ដោយសារតែ​អវត្ត​មាន​ជន​រងគ្រោះ ការ​ជំនុំ​ជម្រះ​ក្តី នឹង​ត្រូវ​លើក​ពេល”។

ដំបូង​ឡើយ ចុងចោទ​បាន​សារភាព​ថា មាន​ផែនការជួញដូរ​ស្ត្រី​២​នាក់ ពី​ខេត្ត​តាកែវ​ទៅ​ប្រទេស​ចិន ក្រោម​ការ​ព្រមព្រៀង​ក្លែងក្លាយ​ឲ្យ​ពួកគេ​រៀបការ​ជាមួយ​បុរស​ចិន​អ្នក​មាន។ ផ្ទុយ​ទៅ​វិញ ជន​សង្ស័យ​បាន​និយាយ​ថា ពួកគេ​បាន​សម្រេច​លក់​ស្ត្រី​ទាំង​នោះ​ឲ្យ​ផ្ទះ​បនទៅ​វិញ​។

លោក ផាត ផល្លា អនុ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ក្នុង​តុលាការ​ថា ជន​រងគ្រោះ​ម្នាក់​ជាអនីតិជន ហើយ​ថា ជន​សង្ស័យ​បាន​កែប្រែ​ឯកសារ​សម្គាល់​ខ្លួន​របស់​ជនរងគ្រោះ​ជា​អនីតិជន​នេះ ដើម្បី​ប្តូរ​ទាំង​ឈ្មោះ​និង​អាយុ​របស់​នាង។

លោក ផល្លា មាន​ប្រសាសន៍​ថា “ក្មេង​ស្រី​ខ្មែរ​ទាំង​នោះ​មិន​ចង់​ទៅ​ប្រទេស​ចិន​ដើម្បី​រៀបការ​ទេ”។ លោក បាន​បន្ថែម​ថា ជន​រងគ្រោះ​ត្រូវ​បាន​គេ​សន្យា​ផ្តល់​ប្រាក់​១.៥០០​ដុល្លារ​។ កាល​បរិច្ឆេទ​សម្រាប់​សវនាការ​បន្ត​ទៀត​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយទេ។

កាលពី​ដើម​ខែ​នេះ ជន​ជួញ​ដូរ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​​៥​នាក់​ដែល​បាន​បញ្ជូន​ស្ត្រី​ខ្មែរ​យ៉ាងហោចណាស់​៦​នាក់​ទៅ​ប្រទេស​ចិន ដែល​នៅ​ទីនោះ​ស្ត្រី​ទាំង​នោះ​ត្រូវ​បាន​ប្តី​របស់​ខ្លួន​រំលោភ ឬ​លក់​ឲ្យ​ផ្ទះ​បន​នោះ ត្រូវ​បាន​កាត់ទោស​ក្រោម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ ជនជាតិ​ចិន​៣​នាក់ទទួល​ទោស​ជាប់​ពន្ធនាគារ​៧​ឆ្នាំ រីឯ​ស្ត្រី​ខ្មែរ​២​នាក់ ជា​មេ​ខ្យល់ មាន​ទោស​ជាប់ពន្ធនាគារ​២ឆ្នាំ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស