31 C
Phnom Penh

អ្នកត​វ៉ាតំបន់​បឹងកក់​គប់ពងមាន់ដាក់​ស្ថានទូតសិង្ហបុរីនិង​រូបថតអតីតអភិបាល​រាជធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជនម​​​ក​​​ពី​​​សហ​​​គមន៍​​​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​តែង​តែ​មាន​គំនិត​ថ្មីៗ​បាន​យក​​​​ពងមាន់​​ប្រើ​​​សម្រាប់​​​ការ​តវ៉ា​ថ្មីបំផុតរបស់​ពួកគាត​់​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ ​កាលពី​ព្រឹក​ម្សិលមិញនេះ​ ​គប់ដាក់​ស្ថានទូត​សិង្ហបុរី និង​រូប​ថត​​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ​។front

អ្នក​តវ៉ា​តំបន់បឹង​កក់​ប្រហែល​៥០​នាក់​ បាន​​ផ្ដោត​គោលដៅ​លើ​ស្ថានទូត​សិង្ហបុរីដែល​ស្ថិត​នៅ​តាម​មហាវិថី​ព្រះនរោត្តម​ជា​លើក​ទី២ កាលពី​ម្សិលមិញ ដើម្បី​​​ឆ្លើយ​តប​ទៅនឹង​ផែន​ការ​ទិញ​ដី​មួយ​ក្បាលទំហំ​១,៣៥​ហិកតារបស់​ក្រុម​ហ៊ុន​​​មួយ​​​​ ដែល​មាន​មូលដ្ឋាន​នៅ​​សិង្ហបុរីនេះ​ ​​ពី​ក្រុម​ហ៊ុន​ស៊ូកាគូអុីន ដែល​បានបណ្ដេញអ្នក​ភូមិ​ប្រហែល​៣.០០០​គ្រួសារ​ចេញពី​ដីទំហំ​ប្រហែល​​១២០ហិកតា​។

ស៊ា ណារ៉េត អ្នក​តវ៉ា​ម្នាក់ក្នុង​ចំណោម​អ្នកតវ៉ាទាំងនោះ​បាន​និយាយ​ថា “យើង​សូមស្នើ​ឲ្យ​ស្ថានទូត​នេះ​​​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​រារាំង​ក្រុម​ហ៊ុន​នេះ​កុំ​ឲ្យ​ទិញ​ដី​នៅ​តំបន់​បឹង​កក់​ ពីព្រោះ​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ស៊ូកាគូ”។

ទោះជាយ៉ាងណា គ្មាន​តំណាង​ស្ថានទូត​​មក​ទទួល​យក​ញត្តិ​របស់អ្នក​តវ៉ាឡើយ ហើយ​ភ្លាមៗនោះ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​បាន​រុញ​ច្រាន​ក្រុមអ្នក​តវ៉ា​ឲ្យ​ចេញពីស្ថានទូត​។ គេ​ឃើញ​ផ្នែក​លឿង​នៃ​ពងមាន់​ជាប់​នៅ​ខ្លោង​ទ្វារ​មុខ​របស់​ស្ថានទូតនេះ​ បន្ទាប់បី​ពួកគាត់​បាន​​ចាក​ចេញ​។

នៅ​ពេល​ក្រុម​អ្នក​តវ៉ា​បាន​ផ្ដោត​គោល​ដៅ​ទៅ​លើ​អគារ​​​​ស្ថាន​​​ទូត​​​នេះ​​លើក​ដំបូង​កាលពី​ដើម​ខែ​នេះ ស្ថានទូត​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​អះអាង​ថា ខ្លួន​គ្មាន​តួនាទី​ធ្វើ​អន្តរាគមន៍​ ” នៅ​ក្នុង​វិវាទ​ទាក់ទងការ​ទិញលក់​​​ដី​​​ដូច​ដែល​បាន​រាយការណ៍​នេះ​ទេ”។ ក្រុម​ហ៊ុន​ HLH ដែល​​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​​​គឺ​​​ក្រុម​ហ៊ុន D’ Lotus Development ដែល​​​កំពុង​ត្រៀម​ទិញ​ដី​នៅ​តំបន់បឹង​កក់​នោះ លើក​ឡើង​ថា កិច្ចព្រមព្រៀង​​​នេះ​​កំពុង​រង់ចាំ​ការ​ពិនិត្យ​ឲ្យ​​​បាន​​​ពេញលេញតាម​ផ្លូវ​ច្បាប់​​។

បន្ទាប់ពី​ចាក​ចេញ​ពី​ស្ថានទូត​កាលពី​ម្សិលមិញ ក្រុម​អ្នក​តវ៉ា​បាន​ហែក្បួនទៅ​កាន់​រដ្ឋសភា ប៉ុន្តែ​ត្រូវ​បាន​​រារាំង​មិន​ឲ្យ​ចូលទៅ​ដល់​អគារ​រដ្ឋសភា​ឡើយ​ ដោយ​សារ​​មាន​ទ្វារ​ដែក និង​សន្តិសុខ​ជា​ច្រើន​នាក់។ ដោយ​មិន​រួញរា​ ក្រុមអ្នក​តវ៉ា​បាន​យកពង​មាន់គប់​​រូប​ថត​លោក កែប ជុតិមា អតីត​អភិបាល​រាជ​ធានី​ភ្នំពេញក្នុង​ចម្ងាយដ៏កៀក។

លោក កែប ជុតិមា ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ឆ្នាំ​មុននោះ ​បាន​ធ្វើជា​អភិបាល​រាជធានី​​អំឡុងឆ្នាំដែល​ក្រុម​ហ៊ុន​ស៊ូកាគូ និង​សាលា​រាជ​ធានី​បាន​បណ្ដេញ​អ្នក​ភូមិ​តំបន់​បឹង​កក់​ជាច្រើន​គ្រួសារ​ចេញ។

អ្នក​តវ៉ា​ម្នាក់ទៀតឈ្មោះ ចាន់ សារិន​ បាន​និយាយ​ថា យើង​បាន​គប់​ពងមាន់​ដាក់ផ្ទៃ​មុខ​លោក​ កែប ជុតិមា ពីព្រោះ​យើង​គ្មាន​ផ្ទះ​សំបែង​ដោយ​សារ​តែ​បុគ្គល​នេះ​ឯង​”។

ដោយ​ត្រូវ​បាន​រុញ​ច្រាន​ដោយ​សន្តិសុខ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​​​មក​​​ក្រុមអ្នក​តវ៉ា​បាន​ជួប​ជាមួយ​លោក អ៊ុំ សំអាត​ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សន្យា​លើក​ឡើង​នូវ​​​កង្វល់​របស់​ពួកគាត់​អំឡុង​សម័យ​ប្រជុំ​សភាក្រោយ​ៗ៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស