32 C
Phnom Penh

មន្ត្រី​ខណ្ឌ​មាន​ដំណោះស្រាយទន់ភ្លន់ចំពោះ​អ្នក​ត​វ៉ាដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​មួយ​ឆ្នាំ​មុន​ មន្ត្រី​រាជ​ធានី​ភ្នំពេញ​បាន​បង្ហាញថា ជា​ក្រុម​ដ៏ម៉ឺងម៉ាត់​​​​ ហើយ​ក្រុម​សន្ដិសុខ​ដែល​ពាក់​មួយ​សុវត្ថិភាព និង​ដំបង​ឆក់​បាន​ធ្វើ​ការវាយទៅលើក្រុម​អ្នក​តវ៉ា​។

ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ​មន្ត្រី​ខណ្ឌ​ដូន​ពេញមាន​ដំណោះស្រាយទន់ភ្លន់នៅ​ពេល​ក្រុមអ្នកភូមិ​មក​ពីភូមិ​​ឡពាង ខេត្ត​កំពង់ឆ្នាំង ដែល​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ឲ្យ​មានការយកចិត្តទុកដាក់​ចំពោះ​វិវាទ​ដីធ្លីរបស់ពួកគាត់​​ជាមួយ​ក្រុម​ហ៊ុនខេឌីស៊ីនេះ បាន​ព្យាយាម​ហែក្បួន​ទៅ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដើម្បី​ដាក់​ញត្តិ​។

លោក គឹម វុត្ថា ប្រធាន​សន្តិសុខ​​ខណ្ឌ​បាន​ប្រាប់​​អ្នក​តវ៉ា​ថា “ខ្ញុំ​គ្រាន់​តែចង់​ប្រាប់​បង​ប្អូន​ថា មិនអនុញ្ញាត​ឲ្យ​បង​ប្អូន​ហែក្បួន​ទេ។ យើង​នឹង​ជួល​រ៉ឺម៉ក​ម៉ូតូកង់បី​ឲ្យ​បងប្អូន​ជិះ​។ ហេតុ​ដូច្នោះ​ហើយ​បង​ប្អូន​មិន​ត្រូវ​ហែក្បួន​ទេ ពីព្រោះ​វា​​នឹង​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​”។

សំណើ​នេះ​ត្រូវ​បាន​ទទួល​យក ហើយ​ក្រុម​អ្នក​ភូមិ​ដែល​ស្នាក់​នៅ​ក្នុង​តំបន់​បឹង​កក់ ក្បែរ​នោះ​ចាប់តាំង​ពី​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានី​ភ្នំពេញ​ដោយ​ថ្មើរ​ជើង​តាំង​ពី​ខេត្ត​កំពង់ឆ្នាំង​រយៈ​ពេល​ពីរ​សប្ដាហ៍​កន្លង​មកនោះ​ ត្រូវ​បាន​ដឹក​ទៅ​កាន់​សួន​មុខវត្តបទុម​ នៅ​ជិត​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដោយ​ឥតគិត​ថ្លៃ​។

អ្នកស្រី ខាត់ សារួន តំណាង​អ្នក​ភូមិ​ឡពាង​បាន​និយាយ​ថា “យើង​បានជួលរ៉ឺម៉កម៉ូតូកង់បី​១២​គ្រឿង ហើយ​ក្នុង​មួយគ្រឿងៗ​តម្លៃ​៣០.០០០​រៀល​។ កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ​បាន​រា៉ាប់​រង​ការ​ចំណាយ​នេះ​។

អ្នកស្រី​បាន​និយាយ​ថា ” យើងចង់ហែក្បួន ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា យើងមិន​អាច​ហែ​បានទេ ពីព្រោះ​វា​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​។ ពួកគេ​បាន​ជួល​រ៉ឺម៉កម៉ូតូកង់បី​ឲ្យ​ពួក​យើង​ជិះ ហើយ​យើង​បាន​យល់ព្រម​”។ អាជ្ញាធរ​រាជ​ធានី​​បាន​ផ្តល់កន្លែងស្នាក់នៅ​ស្រដៀង​គ្នា​នេះ​ដល់អ្នកភូមិ​មក​ពី​ខេត្ត​បាត់​ដំបង ដែល​បាន​ស្នាក់​នៅ​វត្ត​ចាស់ នៅ​ក្នុង​ខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ​។

អ្នក​ភូមិ​ឈ្មោះ ម៉ៅ ចាន់ ដែល​សហគមន៍​របស់​ខ្លួន​ជាប់​ពាក់​ព័ន្ធ​​ក្នុង​វិវាទ​ដីធ្លី​រយៈ​ពេល​មួយ​ទសវត្សរ៍​នោះ​បាន​និយាយ​ថា ” អភិបាល​រង​រាជ​ធានីភ្នំពេញ​បាន​មក​សួរសុខទុក្ខពួកយើង ហើយ​បាន​ផ្ដល់​អង្ករ​ប្រាំមួយបាវ ត្រីសាច់ និង​បន្លែបង្ការ”។

លោក​បាន​និយាយ​ថា “គាត់​បាន​ប្រាប់​ពួកយើង​ថា នៅ​ពេល​គាត់​បាន​ទទួល​ព័ត៌មាន​ថា យើង​មក​ដល់​រាជ​ធានី​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​វិវាទ​ដីធ្លី​របស់​​យើង​នោះ គាត់​បាន​សុំ​ព្រះគ្រូចៅអធិការវត្ត​ ដើម្បី​អនុញ្ញាត​ឲ្យ​​ពួក​យើង​ស្នាក់​នៅ​ទីនោះ ប៉ុន្តែ​បាន​ប្រាប់​ពួក​យើង​កុំឲ្យ​ពាក់​ព័ន្ធ​នឹង​នយោបាយ​”។

អ្នកភូមិ​ខេត្ត​បាត់ដំបង​លើក​ឡើង​ថា ការ​សុំជំនួយ​របស់​ពួកគាត់​មិន​ត្រូវ​បាន​លោក ច័ន្ទ សុផល អភិ​បាល​ខេត្ត​ ​យក​ចិត្តទុក​ដាក់ទេ ដែល​លោក​បាន​សុំ​កុំ​ឲ្យ​ពួក​យើង​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញទៀត។

លោក ម៉ៅ ចាន់ បាន​និយាយ​ថា “យើង​មិន​ជឿ​ការ​សន្យា​ជួយ​​របស់​លោក សុផល ទេ ហើយ​យើង​បានទទួល​ព័ត៌មាន​ថា អាជ្ញាធរ​បាន​និយាយ​ដូច​នេះ​១០​ឆ្នាំ​​ហើយ ហើយ​យើង​នៅ​តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ដដែល​”។ លោក​បាន​បន្ថែម​ថា បន្ថែម​ពីលើ​​អាហារហូបចុក លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ផ្ដល់​ប្រាក់​ដល់​អ្នកភូមិ​ម្នាក់​ៗ​២០.០០០រៀល​។

លោក គង់ ចំរើន លេខាម្នាក់​នៅ​ខុទ្ទកាល័យ​​របស់​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​នឹង​មិន​ប្រគល់​ញត្តិ​ដោយ​ផ្ទាល់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ទេ ប៉ុន្តែ​​ប្រគល់​ទៅ​ ” គណៈកម្មាធិការ​វិញ​ ហើយ​គណៈកម្មាធិការ​នេះនឹង​ដោះ​ស្រាយរឿង​នោះ​។ វា​អាស្រ័យ​លើ​ពួកគេ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “មាន​អ្នក​ដែល​លាក់​ញត្តិទាំងនោះ ​ ខ្ញុំ​មិន​លាក់​​ទេ”៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស