28 C
Phnom Penh

លោក ឱម យ៉ិនទៀង​សរសើរ​គ្រូបង្រៀន ហើយក៏គំរាមពីការ​ជាប់ពន្ធនាគារដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយបាន​កោត​សរសើរ​ដល់​គ្រូវិទ្យាល័យទាំង​អស់ចំពោះការ​មើលការខុសត្រូវ​ការ​ប្រឡង​ថ្នាក់​ជាតិ​​​ដ៏ស្អាត​ស្អំ​បំផុត​ដែលមិន​ធ្លាប់មាន​កាលពី​ដើម​ខែ​នេះ​ ប៉ុន្តែ​បាន​ព្រមាន​​ថា ​​ពន្ធនាគារនៅ​រង់ចាំអ្នក​​ដែល​រក​ឃើញ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ការ​ប្រឡង​លើក​​ទី២​នៅ​ខែតុលា។

នៅ​ក្នុង​សុន្ទរ​កថា​រយៈ​ពេល​៩០​នាទី​ទៅ​កាន់​គ្រូបង្រៀន និង​មន្ត្រីអប់រំ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​រាជ​ធានី​ភ្នំពេញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​​​បានដាក់ចេញច្បាប់​សម្រាប់​ការ​ប្រឡង​លើក​ទី២ ដែល​ត្រូវ​បាន​ប្រកាស​បន្ទាប់ពី​គ្រូបង្រៀន និង​ក្រុ​ម​អ្នក​សង្កេត​ការណ៍​បាន​ព្យាករពី​អត្រា​ប្រឡង​ជាប់​ក្រោម​៣០​ភាគរយ។

លោក​បាន​មាន​ប្រសាសន៍​​ថា ក្នុង​ចំណោមគ្រូបង្រៀន​ជាង​១០.០០០​នាក់ ដែល​បានមើលការខុសត្រូវ​ការ​ប្រឡង​ គ្រូតិចជាង​៥០០​នាក់​ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កត់​សម្គាល់​ឃើញ​ថា មិន​បាន​បំពេញ​ការ​ងារ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវឡើយ​ មុនពេល​ព្រមាន​ថា នៅ​ការ​ប្រឡង​លើក​ទី២ ការ​ប្រព្រឹត្ត​អវិជ្ជមាន​ណាមួយ​នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា “នឹ​ង​មិនមាន​ការ​លើក​លែង​ទេ​នៅការ​ប្រឡង​លើក​ទី២។ នៅ​ពេល​នោះ យ៉ាង​ហោចណាស់​អ្នក​​​នឹង​​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​រយៈ​ពេល​មួយ​ខែ ដែល​យូរ​គ្រប់គ្រាន់នឹង​​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បើក​ប្រាក់​ខែ​”។ លោក​បាន​​បន្ថែម​ថា “អ្នក​ជា​គ្រូបង្រៀន ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ ឬ​បោក​ប្រាស់​សិស្ស​របស់​ខ្លួននោះ វាមិនខុស​ពី​ឪពុក​រំលោភ​កូនស្រី​របស់​ខ្លួន​ឡើយ”។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​សុំ​ឲ្យ​ជួយ​សង្កេត​ការណ៍​ការ​ប្រឡង​ថ្នាក់​ជាតិ​ បន្ទាប់ពី​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​បាន​​ប្រកាស​ថា វាជា​កត្តា​តែ​មួយ​គត់​ក្នុង​ការ​សម្រេច​អំពី​សមត្ថភាព​របស់សិស្ស​ចូល​រៀន​តាមសាកលវិទ្យាល័យ​។

មាន​ការមើលការខុសត្រូវទៅ​លើ​សិស្ស​ជាង​៩០​.០០០​នាក់​ ដែល​បាន​ធ្វើ​ការ​ប្រឡង​។ នៅក្រៅ​​មណ្ឌល​ប្រឡង​ សិស្សភាគច្រើន​មិន​យក​ចិត្ត​ទុក​ដាក់នឹង​ការ​ព្រមាន​របស់​ក្រសួង​ឡើយ។

ទោះជាយ៉ាង​ណា នៅពេលចាប់ផ្តើមកែ​កិច្ច​ការ​ប្រឡង​​ គ្រូបាន​ព្យាករ​ថា អត្រា​ប្រឡង​ជាប់​នឹ​ង​មាន​ពី​១០​ទៅ​៣០​ភាគរយ​តែប៉ុណ្ណោះ​ ដោយ​បណ្ដាល​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រឡងលើកទី២​។

កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​បាន​ប្រកាស​ថា ប្រាក់​ខែ​គោល​សម្រាប់​គ្រូបង្រៀន​នឹង​​ដំឡើង​ពី​១០៥​ដុល្លារ​ដល់​១៣៨​ដុល្លារ​ត្រឹម​ខែ​មេសា។ កាលពី​ម្សិលមិញ លោក ឱម យ៉ិនទៀង បាន​ជំរុញ​ឲ្យ​គ្រូបង្រៀន​​បង្ហាញ​ថា ពួកគេ​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ការ​ប្រឡង​ខែ​តុលា ពីព្រោះពួកគេ​ភាគ​ច្រើន​បាន​ធ្វើ​រួច​ហើយ​នៅ​ការ​ប្រឡង​លើក​ទី១។ លោក​បាន​មាន​ប្រសាសន៍​ថា ” គ្រូបង្រៀន​​គ្រប់រូប​បាន​ចូល​រួម​នៅ​ក្នុង​កំណែទម្រង់​ ដោយ​មិន​បាន​រង់ចាំ​ការ​ដំឡើង​ប្រាក់​ខែ​របស់ខ្លួន​ឡើយ។ យើង​មិន​​គិត​ថា គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​ធ្វើ​​បានល្អ​ដូច​នេះ​ឡើយ​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស