កាលពីម្សិលមិញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានកោតសរសើរដល់គ្រូវិទ្យាល័យទាំងអស់ចំពោះការមើលការខុសត្រូវការប្រឡងថ្នាក់ជាតិដ៏ស្អាតស្អំបំផុតដែលមិនធ្លាប់មានកាលពីដើមខែនេះ ប៉ុន្តែបានព្រមានថា ពន្ធនាគារនៅរង់ចាំអ្នកដែលរកឃើញថា ប្រព្រឹត្តអំពើពុករលួយនៅការប្រឡងលើកទី២នៅខែតុលា។
នៅក្នុងសុន្ទរកថារយៈពេល៩០នាទីទៅកាន់គ្រូបង្រៀន និងមន្ត្រីអប់រំនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានដាក់ចេញច្បាប់សម្រាប់ការប្រឡងលើកទី២ ដែលត្រូវបានប្រកាសបន្ទាប់ពីគ្រូបង្រៀន និងក្រុមអ្នកសង្កេតការណ៍បានព្យាករពីអត្រាប្រឡងជាប់ក្រោម៣០ភាគរយ។
លោកបានមានប្រសាសន៍ថា ក្នុងចំណោមគ្រូបង្រៀនជាង១០.០០០នាក់ ដែលបានមើលការខុសត្រូវការប្រឡង គ្រូតិចជាង៥០០នាក់ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយកត់សម្គាល់ឃើញថា មិនបានបំពេញការងាររបស់ខ្លួនបានត្រឹមត្រូវឡើយ មុនពេលព្រមានថា នៅការប្រឡងលើកទី២ ការប្រព្រឹត្តអវិជ្ជមានណាមួយនឹងប្រឈមមុខផ្លូវច្បាប់។
លោកបានមានប្រសាសន៍ថា “នឹងមិនមានការលើកលែងទេនៅការប្រឡងលើកទី២។ នៅពេលនោះ យ៉ាងហោចណាស់អ្នកនឹងត្រូវឃុំខ្លួនបណ្ដោះអាសន្នរយៈពេលមួយខែ ដែលយូរគ្រប់គ្រាន់នឹងលុបឈ្មោះចេញពីបញ្ជីបើកប្រាក់ខែ”។ លោកបានបន្ថែមថា “អ្នកជាគ្រូបង្រៀន ប្រសិនបើអ្នកប្រព្រឹត្តមិនត្រឹមត្រូវ ឬបោកប្រាស់សិស្សរបស់ខ្លួននោះ វាមិនខុសពីឪពុករំលោភកូនស្រីរបស់ខ្លួនឡើយ”។
អង្គភាពប្រឆាំងអំពើពុករលួយត្រូវសុំឲ្យជួយសង្កេតការណ៍ការប្រឡងថ្នាក់ជាតិ បន្ទាប់ពីលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសថា វាជាកត្តាតែមួយគត់ក្នុងការសម្រេចអំពីសមត្ថភាពរបស់សិស្សចូលរៀនតាមសាកលវិទ្យាល័យ។
មានការមើលការខុសត្រូវទៅលើសិស្សជាង៩០.០០០នាក់ ដែលបានធ្វើការប្រឡង។ នៅក្រៅមណ្ឌលប្រឡង សិស្សភាគច្រើនមិនយកចិត្តទុកដាក់នឹងការព្រមានរបស់ក្រសួងឡើយ។
ទោះជាយ៉ាងណា នៅពេលចាប់ផ្តើមកែកិច្ចការប្រឡង គ្រូបានព្យាករថា អត្រាប្រឡងជាប់នឹងមានពី១០ទៅ៣០ភាគរយតែប៉ុណ្ណោះ ដោយបណ្ដាលឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យមានការប្រឡងលើកទី២។
កាលពីសប្ដាហ៍មុន រដ្ឋាភិបាលបានប្រកាសថា ប្រាក់ខែគោលសម្រាប់គ្រូបង្រៀននឹងដំឡើងពី១០៥ដុល្លារដល់១៣៨ដុល្លារត្រឹមខែមេសា។ កាលពីម្សិលមិញ លោក ឱម យ៉ិនទៀង បានជំរុញឲ្យគ្រូបង្រៀនបង្ហាញថា ពួកគេត្រូវធ្វើឲ្យបានល្អនៅការប្រឡងខែតុលា ពីព្រោះពួកគេភាគច្រើនបានធ្វើរួចហើយនៅការប្រឡងលើកទី១។ លោកបានមានប្រសាសន៍ថា ” គ្រូបង្រៀនគ្រប់រូបបានចូលរួមនៅក្នុងកំណែទម្រង់ ដោយមិនបានរង់ចាំការដំឡើងប្រាក់ខែរបស់ខ្លួនឡើយ។ យើងមិនគិតថា គ្រូបង្រៀននៅទូទាំងប្រទេសធ្វើបានល្អដូចនេះឡើយ”៕ សារុន