កាលពីម្សិលមិញ ពលករចំណាកស្រុក៥០នាក់បានតវ៉ានៅខាងក្រៅសាខារបស់ក្រុមហ៊ុនជ្រើសរើសពលករមួយ ក្នុងខណ្ឌសែន សុខ រាជធានីភ្នំពេញ ដែលពួកគាត់បាននិយាយថា ក្រុមហ៊ុនបានបោកពួកគាត់ម្នាក់ៗអស់ប្រាក់២៦០ដុល្លារ ដែលបង់សម្រាប់ការធានារកការងារឲ្យធ្វើនៅប្រទេសថៃ។
ពលករ៥០នាក់ ក្នុងចំណោមពលករ១៨៧នាក់ដែលបានធ្វើដំណើរទៅប្រទេសថៃកាលពីថ្ងៃទី១៨សីហា បានទាមទារឲ្យទីភ្នាក់ងារ APTSE & C (Cambodia) Resources សងប្រាក់ពួកគាត់វិញគ្រប់ចំនួន ដោយសារតែពួកគាត់ទទួលបានឯកសារក្លែងក្លាយនិងការសន្យាមិនពិត។
នៅពេលដែលក្រុមហ៊ុន APTSE & C ដឹកពលករជិត២០០នាក់ទៅប្រទេសថៃកាលពីថ្ងៃទី១៨ខែសីហា តម្រួតយោធាថៃបានចាប់ពួកគាត់ និងប្រាប់ពួកគាត់ថា ឯកសារធ្វើការរបស់ពួកគាត់ក្លែងក្លាយ ហើយបានបញ្ជូនពួកគាត់ត្រឡប់មកប្រទេសកម្ពុជាវិញកាលពីថ្ងៃច័ន្ទ។
ខេង ចាន់ អាយុ៣០ឆ្នាំ ជាពលករចំណាកស្រុកម្នាក់ បាននិយាយថា “យើងតវ៉ាទាមទារឲ្យក្រុមហ៊ុននេះប្រឈមនឹងច្បាប់ ពីព្រោះពួកគេបោកយើង។ ពួកគេបានយកលុយរបស់យើង ប៉ុន្តែបានកុហកយើង”។
ក្រុមហ៊ុន APTSE & C ដែលមានការិយាល័យធំនៅខណ្ឌមានជ័យ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជិត៥០ ដែលទទួលសិទ្ធិពីក្រសួងការងារ ដើម្បីជួយពលករចំណាកស្រុកខុសច្បាប់ ដែលបានភៀសខ្លួនចេញពីរដ្ឋាភិបាលយោធាថៃកាលពិខែមិថុនា ឲ្យបានត្រឡប់ទៅធ្វើការវិញដោយមានឯកសារត្រឹមត្រូវ គឺជានីតិវិធីមួយដែលត្រូវចំណាយតែ៤៩ដុល្លារប៉ុណ្ណោះ។
ប៉ុន្តែក្រសួងបានទទួលស្គាល់ថា ខ្លួនមិនបានពិនិត្យក្រុមហ៊ុនដែលទទួលបានសិទ្ធិទាំងនេះដិតដល់ទេ ហើយចាត់វិធានការតែពេលណាមានពាក្យបណ្តឹងប៉ុណ្ណោះ។ ក្នុងពេល២ខែកន្លងមក ក្រុមហ៊ុនជាច្រើនត្រូវបានគេរកឃើញថា យកលើសតម្លៃពីពលករដែលរកការធ្វើនៅប្រទេសថៃ និងអនុញ្ញាតឲ្យអ្នកម៉ៅការបន្តជ្រើសរើសពលករដោយប្រើឈ្មោះក្រុមហ៊ុនរបស់ខ្លួន។
លោក សេង សិទ្ធិជ័យ ដែលត្រូវតែងតាំងជាមន្ត្រីទំនាក់ទំនងរបស់ក្រុមហ៊ុន APTSE & C ដោយក្រសួងការងារនោះ មិនអាចទាក់ទងសុំការពន្យល់បានទេ។
ប៉ុន្តែ លោក យឹម ឧត្តម ជាបុគ្គលិកម្នាក់នៅការិយាល័យរបស់ក្រុមហ៊ុននេះក្នុងខណ្ឌសែន សុខ បាននិយាយថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសងប្រាក់ពលករវិញ៦០ដុល្លារក្នុងម្នាក់ៗ ហើយនឹងសងថែមទៀតនៅពេលក្រោយទៀត។
ពលករខ្មែរប្រហែល២៥០.០០០នាក់បានរត់ចេញពីប្រទេសថៃមកស្រុកវិញកាលពីខែមិថុនា ព្រោះខ្លាចអំពើហិង្សាពីសំណាក់យោធាថៃ ដែលបានបណ្តេញពលករចំណាកស្រុកខុសច្បាប់និងមិនចុះឈ្មោះ ចេញពីប្រទេសថៃ។
ទោះជាយ៉ាងនេះក្តី ពលកររាប់ម៉ឺននាក់បានឆ្លងដែនទៅធ្វើការ ហើយកាលពីសប្តាហ៍មុន ក្រសួងការងារបានប្រមាណថា ពលរដ្ឋខ្មែរប្រហែល៦៦០.០០០នាក់ ពោលគឺប្រហែល៥ភាគរយនៃចំនួនប្រជាជនក្នុងប្រទេស កំពុងធ្វើការនៅប្រទេសថៃសព្វថ្ងៃនេះ៕មានិត