34 C
Phnom Penh

កម្ពុជា​និង​អាមេរិកមាន​កង្វល់​រួម​គ្នា​អំពី​ទំនប់វា​រី​អគ្គិសនី​ឡាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ បន្ទាប់ពី​ជំនួប​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មាន​កង្វល់​ដូចគ្នា​នឹង​ប្រទេស​កម្ពុជា​អំពី​ទំនប់​វារីអគ្គិសនីដ៏​ចម្រូង​ចម្រាស ដែល​ប្រទេស​ឡាវ​មាន​ផែនការ​សង់​តាម​ដង​ទន្លេ​មេគង្គ។

ទាំង​ប្រទេស​កម្ពុជា ទាំង​ប្រទេស​វៀតណាម បារម្ភ​ថា ទំនប់​វារី​អគ្គិសនី​ដនសាហុង កម្លាំង​២៥៦​មេហ្គាវ៉ាត់ នៅ​ប្រទេស​ឡាវ​ភាគ​ខាង​ត្បូង នឹង​បំផ្លាញ​ធនធាន​ត្រីដ៏​មាន​សារៈ​សំខាន់ នៅ​ទន្លេ​មេគង្គ​ក្រោម និង​ដៃ​ទន្លេ​នានា។

លោក អ៊ុច បូរិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក ស្កត់ ម៉ាសៀល [Scot​ Marciel] ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​បង្ហាញ​កង្វល់​រួម​របស់​ប្រទេស​ទាំងពីរ។

លោក បូរិទ្ធ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​បន្ទាប់ពី​ជំនួប​នោះ​ថា “យើង​មាន​កង្វល់់​ថា ទំនប់​ដ៏​ធំ​នេះ ដែល​ប្រទេស​ឡាវ​ចង់សាងសង់ នឹង​មាន​ផល​ប៉ះពាល់​ដល់​ទន្លេ​មេគង្គ។ លោក ស្កត់ បាន​ប្រាប់​ថា លោក ចន ឃើរី [រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក] ក៏​បាន​ពិភាក្សា​រឿង​ទំនប់​វារី​អគ្គីសនី​នេះ និង​បាន​ជំរុញ​ភាគី​ឡាវ ឲ្យ​រៀបចំ​ជំនួប​កំពូល​មួយ​នៅ​ប្រទេស​ឡាវ នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​ដែរ”។

កាលពី​ខែ​មិថុនា ឡាវ​បាន​យល់​ព្រម​ផ្អាក​ការ​សាងសង់​ទំនប់​នេះ​រហូត​ដល់​ខ្លួន​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ជាមុន​​សិន។

លោក​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា លោក ម៉ាសៀល ក៏​បាន​សួរ​លោក​អំពី​ការ​វិវត្ត​នៃ​សេចក្តី​ព្រាងអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​អូស្ត្រាលី ដែល​នឹង​ឃើញ​ជនភៀសខ្លួន​ដែល​ជាប់​ឃុំ​ពេល​ព្យាយាម​ទៅ​ប្រទេស​អូស្ត្រាលី បាន​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

កិច្ច​ព្រមព្រៀង​នេះ​បាន​រងការ​រិះគន់​ជាច្រើន​ពី​សមាជិក​សភា​គណបក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ទាំង​នៅ​ប្រទេស​កម្ពុជា​ទាំង​នៅ​ប្រទេស​អូស្ត្រាលី ពីព្រោះ​វា​នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​និង​ពុក​រលួយ​បំផុត​នៅ​លើ​ពិភព​លោក។

លោក អ៊ុច បូរិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្រាប់​អ្នក​ការ​ទូត​អាមេរិក​រូប​នេះ​ថា សំណើ​កំពុង​ត្រូវ​ពិនិត្យ​នៅ​ឡើយ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​អ្វី​ផ្សេង​អំពី​កិច្ចព្រមព្រៀង​ដែល​មិន​ទាន់​ដាច់​ស្រេច​នេះ ដែល​ទាំង​ប្រទេស​កម្ពុជា ទាំង​ប្រទេស​អូស្ត្រាលី បាន​ទុក​ជា​សម្ងាត់។ លោកបាន​មាន​ប្រសាសន៍ថា “គ្មាន​ការ​ពិភាក្សា​ទេ គាត់​គ្រាន់តែ​ចង់​ដឹង​អំពី​ស្ថានការណ៍​ដល់ណា​ប៉ុណ្ណោះ​”។

លោក​បាន​បន្ថែម​ថា លោក ម៉ាសៀល ក៏​បាន​ស្វាគមន៍​ដំណោះស្រាយ​នយោបាយ​នា​ពេល​ថ្មីៗ​នេះ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​ការធ្វើ​ពហិការ​មិន​ចូលសភា​រយៈពេល​មួយ​ឆ្នាំ​របស់​ខ្លួន​ បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រឆាំង​នេះ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា បាន​លួច​បន្លំ​សន្លឹក​ឆ្នោត។

លោក ម៉ាសៀល មិន​បាន​ឈប់​ដើម្បី​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​ស្ថានទូត​អាមេរិក​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណើ​សុំ​ការ​អធិប្បាយ​ឡើយ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស