កាលពីម្សិលមិញស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការគប់ពងមាន់ដាក់ខ្លោងទ្វារមុខរបស់ស្ថានទូតកាលពីមួយថ្ងៃមុនពីសំណាក់ក្រុមអ្នកតវ៉ាប្រឆាំងការបណ្ដេញចេញពីដីធ្លី ដោយហៅទង្វើនោះថា “មិនអាចទទួលយកបានឡើយ”។
អ្នកភូមិតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញទាំងអតីតនិងបច្ចុប្បន្នប្រហែល៥០នាក់បានធ្វើការតវ៉ានៅមុខស្ថានទូតនេះកាលពីថ្ងៃពុធទាមទារកុំឲ្យក្រុមហ៊ុន HLH Group បន្តផែនការរបស់ខ្លួនដើម្បីទិញដីទំហំ១,៣៥ហិកតា ដែលក្នុងនោះអ្នកភូមិប្រហែល៣.០០០គ្រួសារត្រូវបានបណ្ដេញចេញដោយបង្ខំ។
នៅពេលក្រុមអ្នកតវ៉ាត្រូវបានរុញច្រានឲ្យចេញពីស្ថានទូតដោយក្រុមសន្តិសុខខណ្ឌដូនពេញ គេឃើញមានផ្នែកពណ៌លឿងនៃពងមាន់ប្រឡាក់នៅជាប់ខ្លោងទ្វាររបស់ស្ថានទូត។
ស្ថានទូតបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា “ស្ថានទូតចាត់ទុកទង្វើនេះថា ជាការបំផ្លិចបំផ្លាញមិនអាចទទួលយកបានឡើយ។ យើងនឹងយកបញ្ហានេះទៅពិភាក្សាជាមួយអាជ្ញាធរខ្មែរដែលពាក់ព័ន្ធ”។ ស្ថានទូតបានលើកឡើងទៀតថា រដ្ឋាភិបាលសិង្ហបុរីមិនមានយុត្តាធិការធ្វើអន្តរាគមន៍ក្នុងវិវាទពាណិជ្ជកម្មឯកជនឡើយ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានទទួលព័ត៌មានអំពីការគប់ពងមាន់ដាក់ស្ថានទូត ហើយក៏មិនបានឃើញសេចក្ដីថ្លែងការណ៍នោះដែរ ប៉ុន្តែ ទោះជាយ៉ាងណាលោកបានបន្ទោសក្រុមអ្នកតវ៉ា។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “មនុស្សទាំងនោះគ្មានសីលធម៌ និងគ្មានការអប់រំចំពោះការយកពងមាន់ទៅគប់ស្ថានទូតបែបនេះ។ យើងនឹងចាត់វិធានការតាមច្បាប់ប្រឆាំងបុគ្គលណាដែលមិនគោរពអធិបតេយ្យភាពរបស់ស្ថានទូត។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អាជ្ញាធរនឹងសើុបអង្កេតហេតុការណ៍នោះ។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងត្រូវពិនិត្យនិងសិក្សារកមូលហេតុដែលពួកគាត់បានគប់ពងមាន់ដាក់ស្ថានទូត និងថា តើមានបញ្ហាអ្វី”៕សារុន