32 C
Phnom Penh

ការ​ធ្វើ​ជំរឿន​ជនអន្តោប្រវេសន៍​បន្ត​ ខណៈ​​ជនជាតិវៀតណាម​ប្រហែល​១០០​នាក់​ទទួល​បាន​ប័ណ្ណរស់​នៅ​ស្រប​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​​បាន​ចែក​ប័ណ្ណ​រស់​នៅ​ស្រប​ច្បាប់​សម្រាប់​ជនអន្តោប្រវេសន៍​ឲ្យជន​ជាតិវៀតណាម​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ពុធ និង​ម្សិលមិញ​ បាន​បន្ត​ធ្វើ​ជំរឿន​លើ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ធ្វើ​ជំរឿន​នេះ​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​អាទិត្យ ដោយ​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋានអន្តោប្រវេសន៍នៅ​ក្រសួង​មហាផ្ទៃ បាន​​ចុះ​ទៅ​តាម​សហគមន៍វៀតណាម ដែល​រស់​នៅ​​លើ​ទឹក​ក្នុង​បឹង​ទន្លេសាប ក្នុង​ខេត្ត​ពោធិ៍សាត់។

លោក​ បាន​ ហេង ស្នង​ការ​រង​នគរ​បាល​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា នគរ​បាល​ និង​មន្ត្រី​មកពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​បាន​បន្ត​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​កាលពី​ម្សិលមិញ​ទៅ​ស្រុក​ចំនួន​ពីរ​ថែម​ទៀត​។

លោក ហេង បាន​មាន​ប្រសាសន៍​ថា “ក្រុម​ការ​ងារ​របស់​យើង​បាន​ចុះទៅ​ដើម្បី​​ធ្វើ​ជំរឿន​លើ​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ជាមុន​សិន​ ហើយ​បន្ទាប់​មក​ទៀត​យើង​នឹង​ទៅ​ស្រុក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ខេត្ត​នេះ​”។ លោក​ក៏​បាន​​អំពាវ​នាវ​ឲ្យ​ជន​ជាតិ​វៀតណាម​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​នោះ​​ មក​ជួប​ជាមួយ​នគរ​បាល​ផង​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “មនុស្ស​ម្នាក់​គឺ​តម្រូវ​ឲ្យ​បង់​ប្រាក់​ចំនួន២៥០.០០០​រៀល [ប្រហែល​៦០ដុល្លារ​] ដើម្បី​ទទួល​បាន​ប័ណ្ណ​រស់​នៅ​ស្រប​ច្បាប់​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​ ហើយ​នៅ​ពេល​​ប័ណ្ណ​របស់​ពួកគេ​​​អស់​សុពលភាព​ ពួកគេ​ត្រូវ​តែ​មក​ធ្វើ​វា​សាជាថ្មី”។

នៅ​ក្នុង​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន​ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​វៀតណាម​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ឯកសារ​​ត្រឹម​ត្រូវ​បាន​ទៅ​ជួប​​ជាមួយ​នគរ​បាល​ ហើយ​ពួកគេ​​​ត្រូវ​បាន​ផ្ដល់​ឯកសារ​ត្រឹម​ត្រូវ​រួច​ហើយ។

លោក ចំរើន បាន​មាន​ប្រសាសន៍​ថា “កាលពី​ថ្ងៃ​ពុធ មន្ត្រី​របស់​យើង​បានផ្ដល់​ប័ណ្ណ​រស់​នៅ​ស្រប​ច្បាប់​សម្រាប់​ជន​អន្តោប្រវេសន៍​ដល់​ជនជាតិ​វៀតណាម​ជាង​១០០​នាក់​ ដែល​រស់​នៅ​ក្នុង​ស្រុក​កៀនស្វាយ និង​ស្រុក​ល្វាឯម”។

លោក​ ជា ថុល អធិការ​នគរ​បាល​ស្រុក​ល្វាឯម ដែល​បាន​មក​ចូល​រួម​នៅ​​ក្្នុង​ពិធី​នេះ​ បាន​លើក​ឡើង​ថា លោក​ជឿជាក់​ថា កម្មវិធី​ធ្វើ​ប័ណ្ណ​ស្រប​ច្បាប់​សម្រាប់​ជន​ជាតិ​វៀតណាម​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ឯកសារ​ត្រឹម​ត្រូវ គឺ​ជា​ជំហាន​វិជ្ជមាន​សម្រាប់​អាជ្ញាធរ”។

​លោក ថុល បាន​មាន​ប្រសាសន៍​ថា “ខ្ញុំគិត​ថា រដ្ឋាភិបាល​ផ្ដល់​ប័ណ្ណរស់​នៅ​ស្រប​ច្បាប់​សម្រាប់​ជន​អន្តោប្រវេសន៍​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ គឺ​ជា​រឿង​ល្អ។ វា​អាច​ផ្ដល់​ការ​ងាយ​ស្រួល​ដល់​ពួកយើង​ក្នុង​ការ​គ្រប់​គ្រង​ពួកគេ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “យើង​ត្រូវ​តែ​តឹង​រ៉ឹង​ចំពោះ​ជន​អន្តោប្រវេសន៍​ព្រោះ​​យើង​​មិន​ចង់​ឲ្យជន​អន្តោប្រវេសន៍​ចេញ​ចូល​ប្រទេស​កម្ពុជា​តាម​តែ​ទំនើង​ចិត្ត​ឡើយ​”។ លោក សុខ ផល មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ធ្វើ​ជំរឿន​នេះ​បានទេ។

លោក ស៊ឹម ជី ប្រធាន​សហព័ន្ធ​ខ្មែរ-វៀតណាម ​បាន​លើក​ឡើង​ថា អង្គការ​របស់​លោក​មិន​ដឹង​ចំនួន​នៃ​ជនជាតិ​វៀតណាម ដែល​រស់​នៅ​ប្រទេស​កម្ពុជា​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ឡើយ​។ លោក​បាន​​និយាយ​ថា ” វា​មិន​មែន​ជា​តួនាទី​របស់​យើង​ទេ ដែល​ត្រូវ​ធ្វើ​ជំរឿន​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វា​មាន​តែ​អាជ្ញាធរ​​កម្ពុជា​ទេ​ដែល​អាច​ធ្វើ​រឿង​នេះ​បាន​។ ខ្ញុំ​ក៏កំពុង​រង់ចាំ​តួលេខ​ពីការ​ធ្វើ​ជំរឿន​របស់​អាជ្ញាធរ​ដែរ​។ ជនជាតិ​វៀតណាម​ភាគ​ច្រើន​បាន​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​គ្រួសារ​របស់​ពួកគេ​​បាន​រស់​នៅ​ទីនេះ​អស់រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ”។

ថ្លែង​ទៅ​កាន់​នគរ​បាល​ និង​មន្ត្រី​ក្នុង​​សិក្ខាសាលា​មួយ​ស្ដីពី​អត្តសញ្ញាណកម្ម​នៅ​ក្នុង​​រាជ​ធានី​ភ្នំពេញ​នា​ពេល​ព្រឹក​ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ពីមុន​​អត្តសញ្ញាណប័ណ្ណ​ធ្លាប់​​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ជនជាតិ​ផ្សេង។

លោក ស ខេង បាន​មាន​ប្រសាសន៍​ថា “កាលពី​មុន​ការ​គ្រប់​គ្រង​​លើ​អត្តសញ្ញាណកម្ម​របស់​ពល​រដ្ឋ​បាន​ប្រឈម​នឹង​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន។ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​គឺថា អាជ្ញាធរ​មូលដ្ឋាន​របស់​យើង​មាន​កំហុស​”។

​លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ” នៅ​ពេល​ពួកគេ​បាន​បារី​មួយ​កញ្ចប់​ ឬពីរ​កញ្ចប់​ពួកគេ​បាន​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​គេ​ ហើយ​មិន​ដឹង​ថា ពួកគេ​នោះ​ជា​នរណា​ទេ ហើយ​ពួកគេ​គ្មាន​ឯកសារឡើយ​​”។

អំឡុង​ថ្លែង​សុន្ទរកថា​ លោក ស ខេង ក៏​បាន​លើក​ឡើង​ដែរ​ថា ក្នុង​ពេល​ឆាប់ៗ​អាជ្ញាធរ​​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​មួយ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចុះ​ឈ្មោះ​​ធ្វើ​​អត្តសញ្ញាណ​ប័ណ្ណ។

លោក​បាន​មាន​ប្រសាសន៍​ដោយ​គូស​បញ្ជាក់​​ពី​ការ​ជំរុញ​​​បែប​​​​​​មនោសញ្ចេតនា​​​​ឲ្យ​​​ពល​​​រដ្ឋ​​​មក​​​ធ្វើ​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ ប៉ុន្តែ​​​មិន​​​ទទួល​​​បាន​​​ប្រសិទ្ធភាព​​​ថា ​”យើង​បាន​ធ្វើ​សេចក្ដីព្រាង​ច្បាប់​មួយ​អំពី​​​អត្តសញ្ញាណកម្ម​ ដែល​ចែង​ថា ពលរដ្ឋ​​មាន​កាតព្វកិច្ច​ត្រូវ​តែ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​។ យើង​បាន​​​អញ្ជើញ​ពួកគាត់​ឲ្យ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​ពួកគាត់​មិន​មក​ទេ​”៕ គឹមហឿន​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស