35 C
Phnom Penh

កម្មករ​ក្រុមហ៊ុន​ ខេឌីស៊ី ដាក់​ញត្តិ​​​ប្រឆាំង​ការ​ដោះលែង​ក្រុម​​​អ្នក​ភូមិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​​​​ដែល​​​ធ្វើការ​នៅ​​​កន្លែង​​​ដែល​​​មាន​​​វិវាទ​​​​​​ដី​​​ធ្លី​​​រវាង​​​ក្រុម​​​​​​អ្នកភូមិ​​​នៅ​​​ក្នុង​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ និង​​​ក្រុម​​​ហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ភរិយា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​រ៉ែ និង​​​ថាមពល​​​ កាល​​​ពី​​​ម្សិល​មិញ​​​បាន​​​ធ្វើការ​តវ៉ា​​​ប្រឆាំង​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ជុំ​​​វិញ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​ការ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ។

កម្មករ​​​២៨​​​នាក់​​​បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ដើម្បី​​​តប​​​ត​​​ចំពោះ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗពី​​​សំណាក់​​​អ្នក​​​ភូមិ​​​មក​​​ពី​​​កន្លែង​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​នៅ​​​ក្នុង​​​ស្រុក​​​កំពង់​​​ត្រឡាច​​​ ​​​​​​ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះលែង​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខែ​​​នេះ​​​ និង​​​​​ចុង​​​ក្រោយ​​​ជុំ​​​វិញ​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដ៏​​​ហិង្សា។

ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ក្នុង​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​ដោយ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស និង​​​​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​នៅ​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​ហិង្សា​​​ជាមួយ​​​កម្មករ​​​មក​​​ពី​​​ក្រុម​​​ហ៊ុន ខេឌីស៊ី កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ខែ​​​កក្កដា​។

អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​​ទៀត​​​ដែល​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​សីហា ដោយ​​​ចៅ​​​ក្រម​​​សុើប​​​សួរ ញួង ចាន់ឌី ប៉ុន្តែ មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ឡើយ​​​ទេ។

កម្មករ​​​ក្រុមហ៊ុន​​​ ខេឌីស៊ី ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​សំណង់​​​២៥០​​​នាក់​​​ ដែល​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​ជួល​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បាន​​​ដាក់​​​ញត្តិ​​​ប្រឆាំង​​​ការ​​​ដោះ​​​លែង​​​ណា​​​មួយ​​​ទៅ​​​ក្រសួង​​​យុត្តិធម៌​​​ ការិយាល័យ​​​សហភាព​​​អឺរ៉ុប និង​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។

យោង​​​តាម​​​ សិុន ឃឹម បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​បុរស​​​ប្រាំ​​​មួួយ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​រើស​​​ដោយ​​​កម្មករ​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី ឲ្យ​​​ធ្វើ​​​ជា​​​តំណាង​​​របស់​​​ពួក​​​គេ​​​នោះ​​​បាន​​​និយាយ​​​ថា  កាល​​​ពី​ម្សិលមិញ ពួក​​​គេ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ការិយាល័យ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ និង​​​អាដ​​​ហុក​​​ ព្រម​​​ទាំង​​​រដ្ឋ​​​សភា និង​​​ព្រឹទ្ធ​​​សភា។

គាត់​​​បាន​​​និយាយ​​​ថា “មូល​​​ហេតុ​​​ដែល​​​យើង​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ ហើយ​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​ទាំង​​​នេះ​​​គឺ​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​ស្ថាប័ន​​​ទាំង​​​នេះ​​​កុំ​​​អន្តរាគមន៍​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នកភូមិ​​​ទាំង​​​ប្រាំ​​​​នាក់​​​​ពី​​​ពន្ធនាគារ​​​​​​ ពីព្រោះ​​​ពួក​​​គាត់​​​គឺ​​​ជា​​​ពិរុទ្ធ​​​ជន​​​ពិត​​​ប្រាកដ​​​ ដែល​​​​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​វាយ​​​ពួក​​​យើង​​​”។

គាត់​​​បាន​​​បន្ថែម​​​ថា “សកម្ម​ភាព​​​របស់​​​យើង​​​ គឺ​​​ដើម្បី​​​ស្វែង​​​រក​​​យុត្តិធម៌​​​ជូន​កម្មករ​​​របស់​​​យើង​​​ ដែល​​​បាន​​​រង​​​របួស​​​ដោយ​​​សារ​​​មនុស្ស​​​ទាំង​​​នេះ​​​។ ពួក​​​គាត់​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សកម្ម​ភាព​​​ដ៏​​​ឃោរ​ឃៅ​​​មក​​​លើ​​​​ពួក​​​​យើង​​​ ខណៈ​​​ដែល​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​​​​ការដ្ឋាន”។

កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ប្រហែល​​​១០​​​នាក់​​​បាន​​​រង​​​របួស​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​កក្កដា បន្ទាប់​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ព្យាយាម​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​សង់​​​របង​​​កំណត់​​​ព្រំ​​​ដី​​​ ដែល​​​មាន​​​វិវាទ​​​ចាប់​​​តាំង​​​ពី​​​លោកស្រី ជា​​​ ខេង ភរិយា​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​បាន​​​មក​​ដល់​​​ដី​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ ហើយ​​​តាម​​​ព័ត៌​​​មាន​​​ថា ​​​បាន​​​ចាប់​​​យក​​​ដី​​​នេះ​។

ដោយ​​​មានការ​​​តវ៉ា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗពី​​​សំណាក់​​​ក្រុម​​​អ្នក​​​ភូមិ​​​ កាល​​​ពី​​​ម្សិលមិញ កម្មករ​​​ទាំង​​​នោះ​​​បាន​​​ធ្វើ​​​ដំណើរ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​តាម​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី ដោយ​​​កាន់​​​រូប​​​ថត​​​អ្នក​​​​​​រង​​​បួស​​​ដែល​​​ពួក​​​គេ​​​លើក​​​ឡើ​​​ង​​​ថា ដោយ​​​សារ​​​ស្នាដៃ​​​របស់​​​ក្រុម​​​អ្នក​​​ភូមិ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​កក្កដា ។

ពួក​​​គេ​​​បាន​​​មកដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​តែ​​​មួយ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ បន្ទាប់ពី​​​អ្នក​​​ភូមិ​​​ប្រហែល​​​៧០នាក់​​​មក​​​ពី​​​កន្លែង​​​ដី​​​ដែល​​​មាន​​​វិវាទ​​​បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​មួយ​​​ចំនួន ដែល​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ​​​បាន​​​ទៅ​​​នោះ។

អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​របស់​​​កម្មករ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រៀប​​​ច​​ំ​​​ដោយ​​​ក្រុម​​​នោះ។

អ្នក​​​ស្រី ខាត់​​​ សារួន ដែល​​​ប្តី​​​របស់​​​គាត់​​​ឈ្មោះ​​​ ស៊ាង ហេង ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​នោះ​​​ បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ស្ត្រី​​​មាន​​​អំណាច​​​រូប​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​សម្តែង​​​ឆាកល្ខោន​​​គ្រប់​​​ប្រភេទ​​​ដើម្បី​​​ចាប់​​​អ្នក​​​ភូមិ​​​​​​ដាក់​​​ពន្ធនាគារ ហើយ​​​ឥឡូវ​​​នេះ​​​ពួក​​​គេ​​​បាន​​​ជួល​​​បុរស​​​ទាំង​​​នេះ​​​ឲ្យ​​​សម្តែង​​​ល្ខោន​​​ផ្សេង​​​ទៀត​​​”។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេក​​​ទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្វាគមន៍​​​ការ​​​ដាក់​​​ញត្តិ​​​របស់ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា “ការសង្ស័យ​​​របស់​​​អ្នកស្រី សារួន ទៅលើ​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី អាច​​ជា​​​ការ​ត្រឹមត្រូវ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ញត្តិ​​​នេះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​​​​ដោយ​​​ឆន្ទៈ​​​របស់​​​កម្មករ​​​មែន​​​នោះ​​​ វា​​​ជា​​​ការ​​​ល្អ​​​ហើយ​​​ ពីព្រោះ​​​នេះ​​​គឺ​​​ជា​​​បរិយាកាស​​​ប្រជា​​​ធិបតេយ្យ​​​។ ប៉ុន្តែ យើង​​​បារម្ភ​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​អាយ៉ង​​​របស់​​​អ្នក​​​មាន​​​អំណាច​​​ដើម្បី​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​សម្រាប់​​​អ្នក​​​មាន​​​នោះ​​​”។

លោក សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា “លើស​​​ពី​​​នេះ​​​ទៅទៀត​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​ហិង្សា​​​បាន​​​បណ្តាល​​​ឲ្យ​​​ភាគី​​​ទាំង​​​សង​​​ខាង​​​រង​​​របួស ប៉ុន្តែ យើង​​​មិន​​​ច្បាស់​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​អាជ្ញាធរ​​​ និង​​​មន្ត្រី​​​តុលាការ​​​ចាត​់​​​វិធាន​​​ការ​​​ប្រឆាំង​​​តែ​​​ភាគី​​​​​​ម្ខាង​​​នៅ​​​ក្នុង​​​ជម្លោះ​​​នោះ​​​”។

លោក ឃឹម ដែល​​​ជា​​​តំណាង​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ​​​បាន​​​ច្រាន​​​​ចោល​​​ការ​​​សង្ស័យ​​​ដែល​​​ថា កម្មករ​​​ត្រូវ​​​បាន​​​​​​ភ្ជាប់ចំពោះការ​​​​ដាក់​​​ញត្តិ​​​នោះដោយ​​​ក្រុមហ៊ុន​​​ ខេឌីស៊ី ។ លោក ឃឹម បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​មិន​​​បាន​​​គាំទ្រ​​​ពួក​​​យើង​​​ក្នុង​​​ការ​​​ដាក់​​​ញត្តិ​​​​​​ដើម្បីជំទាស់​​​ទៅ​​​នឹង​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ឡើយ”៕សារុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស