26 C
Phnom Penh

អ្នកភូមិ​​​ឡពាង​​​ត្រូវ​​​បាន​​​ដោះលែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​​​បណ្ដោះ​​​អាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ សាលាដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​បាន​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​ជា​​​បណ្ដោះ​​​អាសន្ន។ អ្នក​​​ភូមិ​​​ទាំង​​​នោះ​មាន​​​ជម្លោះ​​​ដី​​​ធ្លី​​​ជាមួយ​​​ភរិយា​​​របស់​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល។ ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​តវ៉ា​​​ជា​​​ហូរហែ​​​នៅ​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ។

លោក ពៅ វុទ្ធី ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​​​​កំពង់​​​ឆ្នាំ​​​ង បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សុក្រ​​​ថា “មនុស្ស​ទាំង​​​ប្រាំ​​​នាក់​ឥឡូវនេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ហើយ”។បី​​​នាក់​​​​​​ក្នុង​​​ចំណោម​​​បុរស​​​ទាំង​​​នោះ​​​ ឈ្មោះ ស្ងួន ញឿន ស្រ៊ុន ថា និង​​​ គុជ ហុក ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ខណៈ​​​ដែល​​​ពួក​​​គាត់​​​​​ព្យាយាម​​​ធ្វើ​​​ដំណើរ​​​​​​​​​​​​​​​​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ទាក់​​​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​ជម្លោះ​​​ដី​​​ធ្លី​​​ដ៏​​​រុាំរ៉ៃ​​​របស់​​​ខ្លួន​​​​​​ជា​​​មួយ​​​ក្រុមហ៊ុន ខេឌីស៊ី របស់​​​លោកស្រី​​​ ជា ខេងភរិយា​របស់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​។

បុរស​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ ឈ្មោះ ម៉ាង យ៉ាវ និ​​​ង សៀង ហេង ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កក្កដា ដោយសារ​ការ​​​តវ៉ា​​​មួយ​​​ប្រឆាំង​​​ក្រុមហ៊ុន ខេឌីស៊ី ដែល​​​បាន​​​ប្រែ​​​ក្លាយ​​​ទៅ​​​ជា​​​អំពើ​​​ហិង្សា។

ការ​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ បន្ទាប់​​​ពី​​​​​​លោក​​​ស្រី កែ ច័ន្ទ​​​មុនី សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មណ្ឌល​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​ បាន​​​ប្រាប់​​​ក្រសួង​​​យុត្តិ​​​ធម៌​​​ថា លោក​​​ស្រី​​​ចេញ​​​មុខ​​​ធានា​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ ដែល​​​នេះ​​​ជា​​​លក្ខខណ្ឌ​​​មួយ​​​ក្នុង​​​ចំណោម​​​លក្ខខណ្ឌ​​​បី​​​ដែល​​​ត្រូវ​​​ការ​​​ចាំបាច់ ដើម្បី​​​ធានា​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​​​បណ្តោះ​​​អាសន្ន​​​។

យោង​​​តាម​​​លោក សំ ប្រជា​​​មានិត ប្រធាន​​​ខុទ្ទកាល័យ​​​លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជា​​​លទ្ធ​​​ផល​​​ លោក​​​ អង្គវង្ស វឌ្ឍានា រដ្ឋ​​​មន្ត្រី​​​ក្រសួងយុត្តិធម៌បាន​​​ស្នើ​​​ឲ្យ​​​សាលា​​​ដំបូង​​​ខេត្ត​​​ពិនិត្យ​និង​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​នោះ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​​​បណ្តោះ​​​អាសន្ន​​​។​​​

លោក​​​ស្រី ច័ន្ទ​​​មុនី បាន​​​មាន​​​ប្រសាសន៍​​​ថាលោកស្រី​​​បាន​​​ធ្វើ​​​អន្តរាគមន៍​​​លើ​​​ករណី​​​នេះ​​​ដោយសារ​​​មាន​​​ការ​​​ផ្តល់​​​យោបល់​​​ ដែល​លោក​​​ស្រី​​​បាន​​​ទទួល​​​ពី​​​ “សហការី​​​ជា​​​ច្រើន​​​នាក់​​​” និង​​​បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​៦១​​​នាក់​​​បាន​​​ប្តឹង​​​ទៅ​​​លោក​​​ស្រីដោយ​​​សុំ​រក​​​ជំនួយ​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ដោះ​លែង​បុរស​​​ទាំង​​​នោះ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ប្រើ​​​ឈ្មោះ​​​របស់​​​ខ្ញុំ​​​ក្នុង​​​នាម​​​ជា​​​សមាជិក​​​សភា​​​ម្នាក់​​​ដើម្បី​​​ធានា​​​ពួក​​​គេ​​​ ដូច្នេះ​​​ហើយ​​​អ្នក​​​ភូមិ​​​ជាប់​ពន្ធនាគារ​​​អាច​​​ត្រូវ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​បណ្ដោះ​​​អាសន្ន​​​ ព្រោះ​​ខ្ញុំ​​​បាន​​​សន្យា​​​ថា នឹង​​​ជួយ​​​អ្នក​​​ភូមិ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​របស់​​​ពួកគាត់​​​”។

ទោះជាយ៉ាង​​​នេះ​​​ក្ដី លោក​​​ស្រី ច័ន្ទ​​​មុនី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ក៏​​​សង្ឃឹម​​​ដែរ​​​ថា ការ​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​នោះ​​​​​​នឹង​​​នាំ​​​ឲ្យ​​​ភរិយា​​​របស់​​​បុរស​​ទាំង​​​នោះ​និង​​​អ្នក​​​ជិត​​​ខាងឈប់​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ហើយ​​​ត្រឡប់​​​មក​​​ខេត្ត​​​កំពង់ឆ្នាំង​​​វិញ​​​។

អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​មាន​​​​​​គ្នា​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​បង្កើន​​​ការ​​​តវ៉ា​​​ចេញ​​​ពី​​​ទីតាំង​​​មួយ​​​នៅ​​​តំបន់​​​បឹង​​​កក់ ព្រោះតែ​​​ការ​​​ឃុំ​​​ឃាំង​​​បុរស​​​ទាំង​​​នោះ​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​១៤​​​ ខែ​​​សីហា​​​មក ដោយ​​​ធ្វើ​​​ឲ្យ​​​នគរ​​​បាល​​​និង​​​អាជ្ញាធរ​​​ខឹង​​​ជា​​​ខ្លាំង​​​។

លោក​​​ស្រី ច័ន្ទ​​​មុនី បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​ប្តី​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​គេ​​​ដោះ​​​លែង​​ដូច្នេះ​​​ខ្ញុំ​​​ស្នើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​នៅ​​​​​​រាជធានី​​​ភ្នំពេញ​​​ត្រឡប់​​​មក​​​ខេត្ត​​​វិញ​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​រឿង​​​ក្តី​​​នេះ​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​នឹង​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​អាជ្ញាធរ​​​គ្រប់​​​ជាន់​​​ថ្នាក់​​​ទាំង​​​អស់​​​ដើម្បី​​​រក​​​ដំណោះស្រាយ​​​​​​សម​​​រម្យ​​​​​​ចំពោះ​​​រឿង​​​ដី​​​ធ្លី​​​នេះ​​​”។

ប៉ុន្តែ ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ពួក​​​គាត់​​​នឹង​​​ចាក​​​ចេញ​​​ពី​​​​​​រាជធានី​​​ភ្នំពេញ​​​ហើយ​​​ត្រឡប់​​​មក​​​ស្រុក​​​វិញ​​​តែ​​​ពេល​​​ណា​​​ បន្ទាប់​​​ពី​​​រឿង​​​ក្ដី​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​​​​ត្រូវ​​​ចិត្ត​​របស់​​​ខ្លួន​​​តែ​​​ប៉ុណ្ណោះ។

អ្នកស្រី​​​ អ៊ុំ សុភី ​​​​​​​​​ភរិយា​​​របស់​​​បុរស​​ម្នាក់​​​ដែល​បាន​​​នៅ​​​ក្រៅ​​​ឃុំ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ភូមិ​​​របស់​​​យើង​​​នឹង​​​ត្រឡប់​​​មក​​​វិញក្នុង​​​ករណី​​​ដែល​​​អាជ្ញាធរ​​​ និង​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ដី​​​ធ្លី​​​នេះ​​​ទាំង​​​ស្រុង​​​ឲ្យ​​​ពួក​​​យើង​​​ប៉ុណ្ណោះ”៕​​​មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស