27 C
Phnom Penh

ឱកាស​​​លើក​ទី​​​២​​​កំពុង​​​រង់​​​ចាំ​​​សិស្ស​​​៧៥​​​ភាគ​​​រយ​​​ដែល​​​ប្រឡង​​​ធ្លាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិស្ស​​​ ឯក យុទ្ធារៈ  បាន​​​ទៅ​​​វិទ្យាល័យ​​​បាក់​​​ទូក​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​ដោយ​​​​​​​កាន់​​​ក្រដាស​​​តូច​​​មួយ​​​​​​មាន​​​សរសេរ​​​ឈ្មោះ​​​មិត្ត​​​ភក្តិ​​​ប្រាំ​​​ពីរ​​​នាក់។យុវជន​​​រូប​​​នេះ​​​ទៅ​​​ទី​​​នោះ​​​ដើម្បី​​​ស្រង់​​​លទ្ធផល​​​​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​របស់​​​មិត្ត​​​ភក្តិ​​​ ដែល​​​មិន​​​អាច​​​ទ្រាំ​​​​​​នឹង​​​ការ​​​ប្រកាស​​​លទ្ធផល​​​ដោយ​​​ផ្ទាល់​​​បាន។

យុទ្ធារៈ អាយុ​​​១៧​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ត្រូវ​​​តែ​​​រឹង​​​មាំ​​​ក្នុង​​​ការ​​​​​​ស្រង់​​​លទ្ធ​​​ផល​​​នេះ ពី​​​ព្រោះ​​​មិត្ត​​​ភក្តិ​​​របស់​​​ខ្ញុំ​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​អារម្មណ៍​​​របស់​​​ពួក​​​គេ​​​បាន​​​​​​”។

ដោយ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​ប្រឡង​​​នៅ​​​ខែ​​​នេះ​​​បង្ហាញ​​​អ្នក​​​ដែល​​​អាច​ចូល​រៀន​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ និង​​​អ្នក​​​ដែល​​​នៅ​ចាំ​​​សាលា​​​នោះ សិស្ស​​​រាប់​​​រយ​​​នាក់​​​ដែល​​​បាន​​​មក​​​ជុំ​​​គ្នា​​​ស្តាប់​​​​​​លទ្ធផល​​​របស់​​​ខ្លួន​​​ មាន​​​អារម្មណ៍​​​ភ័យ​​​ផង​​​អរ​​​ផង​​​​​​យ៉ាង​​​ច្បាស់​​​។

ក្រសួង​​​អប់​​​រំ​​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​បេក្ខជន​​​​​​២៣.១២៦​​​នាក់​​​ក្នុង​​​ចំណោម​​​៨៩.៩៣៧​​​នាក់​​​នៅ​​​ទូទាំង​​​ប្រទេសបាន​​​ប្រឡង​​​ជាប់ ក៏​​​ប៉ុន្តែ មាន​​​តែ​​​សិស្ស​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​និង​​​ខេត្ត​​​កណ្ដាល​​​ប៉ុណ្ណោះ​​​​​​បាន​​​ដឹង​​​លទ្ធផល​​​រៀងៗខ្លួន​​​។

អត្រា​​​ប្រឡង​​​ជាប់​​​សរុប​​​២៥,៧ភាគរយ​​​ គឺ​​​ជា​​​អត្រា​​​ទាប​​​បំផុត​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៤​​​មក​​​ ដែល​​​ពេល​​​នោះ​​​មាន​​​តែ​​​១២​​​ភាគ​​​រយ​​​ក្នុង​​​ចំណោម​​​សិស្ស​​​២០.៨២៩​​​នាក់​​​ប៉ុណ្ណោះ​​​បាន​​​ប្រឡង​​​ជាប់​​​ ហើយ​​​ជា​​​អត្រា​​​ទាប​​​បំផុត​​​ទី​​​៣​​​ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៧៩​​​មក​​​។

នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ បេក្ខជន​​​៥.៥៧០​​​នាក់​​​ក្នុង​​​ចំណោម​​​បេក្ខជន​​​១៧.២៦០​​​នាក់ ​​​បាន​​​ប្រឡង​​​ជាប់ពោល​គឺ​ស្មើ​​​នឹង​​​៤៧​​​ភាគ​​​រយ​។ នៅ​​​ខេត្ត​​​កណ្តាល បេក្ខជន​​​១.៨៤៨​​​នាក់​​​ក្នុង​​​ចំណោម​​​បេក្ខជន​​​៩.៥៤០​​​នាក់​​​បាន​​​ប្រឡង​​​ជាប់​​​។នៅ​​​ទូទាំង​​​ប្រទេសមាន​សិស្ស​​​តែ​​​១១​​​នាក់​​​ប៉ុណ្ណោះ​​​ ទទួល​​​បាន​​​និទ្ទេស​​​ A។

លោក​​​ ហង់​​​ ជួន​​​ ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​ ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ទាំង​​​ស្រុង​​​ចំពោះ​​​​​​ការ​​​កែ​​​ទម្រង់​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​ ដែល​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​ការ​​​លួច​​​ចម្លង​​​ និង​​​អំពើ​​​ពុក​​​រលួយ​​​យូរ​​​មក​​​ហើយ​​​នោះបាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ភ្ញាក់​​​ផ្អើល​​​នឹង​​​លទ្ធផល​​​នេះ​​​ណាស់​​​”។

“ប៉ុន្តែ ចំណុច​​​វិជ្ជមាន​​​គឺ​​​ថា​​​ លទ្ធ​​​ផល​​​នេះ​​​ផ្ដល់​​​ឲ្យ​​​យើង​​​​​​នូវ​​​ព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាច្រើនអំពី​​​ថា​​​តើ​​​ត្រូវ​​​​​​ធ្វើ​​​ឲ្យ​​​ប្រព័ន្ធ​​​អប់រំ​​​ប្រសើរ​​​ឡើង​​​របៀប​​​ណា​​​។ យើង​​​បាន​​​​​​ដឹង​​​ថា ប្រព័ន្ធ​​​នេះ​ចាំបាច់​ត្រូវ​​​តែ​​​កែ​​​ប្រែពេល​ដែល​យើង​​​វិភាគ​​​លទ្ធផល​​​នេះ​​​ ហើយ​យើង​​​អាច​​​ដឹង​​​ថា ត្រូវ​​​​​​កែទម្រង់​​​កន្លែង​​​ណា​​​ឲ្យ​​​ពិត​​​ប្រាកដ​​​”។

នៅ​​​សាលា​​​បាក់​​​ទូកសិស្ស​​​ យុទ្ធារៈ បាន​​​ស្ដាប់​​​លទ្ធផល​​​របស់​​​មិត្ត​​​ភក្តិ​​​ខ្លួន​​​ម្ដង​​​មួយ​​​ៗ ហាក់​​​ដូច​​​ជា​​​ស្ដាប់​​​លទ្ធផល​​​របស់​​​ខ្លួន​​​អ៊ីចឹង​​​។ ការ​​​ហៅ​​​ឈ្មោះ​​​ដល់​​​ពាក់​​​កណ្ដាល​បញ្ជីយុវ​​​សិស្ស​​​រូប​​​នេះ គឺ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​សិស្ស​​​បី​​​នាក់​​​ ដែល​​​សុទ្ធ​​​តែ​​​ប្រឡង​​​ជាប់​​​ទាំង​​​អស់​​​។

បន្ទាប់​​​ពី​​​និទ្ទេស​​​ប្រឡង​​​ជាប់​​​នីមួយ​​​ៗ​​​ត្រូវ​​​បាន​​​គេ​​​ប្រកាស​​​ឲ្យ​​​ដឹងសិស្ស​​​រូប​​​នេះ​​​បាន​​​ហៅ​​​ទូរស័ព្ទ​​​ទៅ​​​មិត្ត​របស់​ខ្លួនដើម្បី​​​ប្រាប់​​​ដំណឹង​​​ល្អ​​​នេះ។

យុវ​​​សិស្ស​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ខ្ញុំ​​​នឹង​​​ទូរស័ព្ទ​​​ទៅ​​​​​​មិត្ត​​​ភក្តិ​​​ខ្ញុំ​​​ម្នាក់​​​ម្ដងៗ ដើម្បី​​​ប្រាប់​​​​​​ពួក​​​គេបន្ទាប់​ពី​​​ខ្ញុំ​​​បាន​​​ស្ដាប់​​​ឮ​​​និទ្ទេស​​​។ ប៉ុន្តែ មិត្ត​​​ភក្តិ​​​របស់​​​ខ្ញុំ​​​ក៏​​​នឹង​​​មក​​​សាលា​​​រៀន​​​ដែរ​​​ពេល​​​គេ​​​បិទ​​​លទ្ធផល​​​ ដើម្បី​​​មើល​​​ដោយ​​​ខ្លួន​​​ឯង​​​​​​”។

ប៉ុន្តែ នៅ​​​ពេល​ស្ដាប់​​​ឮ​​​ឈ្មោះ​​​ប្រឡង​​​ធ្លាក់​​​ទី​​​១យុទ្ធារៈ​​​ ក៏​​​មាន​​​ការ​​​ប្រែ​​​ប្រួល​​​មួយ​រំពេច។ទន់​​​​​​ជង្គង់​​​ភ្លាម​​​ វា​​​ហាក់​​​ដូច​​​ជា​​​​​​​​​ខ្លួន​​​ឯង​​​​​​ប្រឡង​​​ធ្លាក់​​​​​​អ៊ីចឹង​​​ យុវ​​​សិស្ស​​​នេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​ទូរ​​​ស័ព្ទ​​​ប្រាប់​វា​​​ថា វា​​​ប្រឡង​​​ធ្លាក់​​​ទេ​​​។ អ្នក​​​ដែល​​​ប្រឡង​​​ជាប់ខ្ញុំ​​​បាន​​​ទូរស័ព្ទ​​​ប្រាប់​​​ហើយ​​​ លើក​​​លែង​​​តែ​អ្នក​​​ដែល​​​ប្រឡង​​​ធ្លាក់​​​ ខ្ញុំ​​​អត់​​​និយាយ​​​អ្វី​​​ទាំង​​​អស់​​​ ហើយ​​​ចាំ​​​ឲ្យ​​​ពួក​​​គេ​​​មក​​​មើល​​​លទ្ធផល​​​ដោយ​​​ខ្លួន​​​ឯង​​​ទៅ​​​”។

សិស្ស​​​ម្នាក់​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​សាលា​​​​​​បានស្ដាប់​​​​​ឮ​​​ថា​​​ គាត់​​​​​​​​​ប្រឡង​​​ធ្លាក់មាន​ឈ្មោះ​អន ចាន់ភក្ត្រា​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ចាន់​​​​​​ភក្ត្រា មិន​​​ព្រួយ​​​ពេក​​​​​​ទេ ព្រោះ​​​សិស្ស​​​រូប​​​នេះ​​​​​​មាន​​​ឱកាស​​​ប្រឡង​​​លើក​​​ទី​​​២​​​ ដែល​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ បន្ទាប់​​​ពី​​​ដឹង​​​ច្បាស់​​​ថា អត្រា​​​ប្រឡង​​​ជាប់​​​នៅ​​​ឆ្នាំ​​​២០១៤​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​សាកល​​​វិទ្យាល័យ​​​នានា​​​គ្មាន​​​សិស្ស​​​ចូល​​​រៀន​​​នៅ​​​ឆ្នាំ​​​២០១៥​​​។

សិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ប្រឡង​​​ធ្លាក់​​​ ប៉ុន្តែ ខ្ញុំ​​​មិន​ដឹង​​​ធ្វើ​យ៉ាងម៉េច​ទេ​​​ ពីព្រោះ​​​លទ្ធផល​​​បាន​​​ចេញ​​​ទៅ​​​ហើយ​​​។ ខ្ញុំ​​​នឹង​​ខំ​​ព្យាយាម​​រៀន ​​​ដើម្បី​​​ប្រឡង​​​លើក​​​ទី​​​២ទៀត”។

កាល​​​ពី​​​ម្សិល​​​មិញ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​អប់​​​រំ​​​ ហង់ ជួន ណារ៉ុន បាន​​​ពន្យល់​​​​​​ថា ​​​​​​​​​​​​​​​​​​ការ​​​ប្រឡង​​​លើក​​​ទី​​២​​​នឹង​​​ផ្ដោត​​​លើ​​​ “មុខ​​​វិជ្ជា​​​សំខាន់​​​បំផុត​​​បួន​​​” ពោល​​​គឺ​​​មុខ​​​វិជ្ជា រូប​​​វិទ្យា គីមីវិទ្យា គណិតវិទ្យា និង​​​ជីវវិទ្យា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មេរៀន​​​​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​​​​បង្ហោះ​​​តាម​​​អីុនធើណេត​​​ ហើយ​​​ថា ក្រសួង​​​អប់រំ​​​នឹង​​​បើក​​​ថ្នាក់​​​រៀន​​​​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​សម្រាប់​​​សិស្ស​​​មុន​​​ការ​​​ប្រឡង​​​លើក​​​ទី​​​២​​​នៅ​​​ខែ​​​តុលា​ខាងមុខ​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “សិស្ស​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​មាន​​​សិទ្ធិ​​​ចូល​​​ប្រឡង​​​លើក​​​ទី​​​២​​​ លើក​​​លែង​​​តែ​​​សិស្ស​​​ដែល​​​បាន​​​​​​លួច​​ចម្លង​​​ [ ក្នុង​​​ការ​​​ប្រឡង​​​​​​លើក​​​ទី​​​១]”។

​​​នៅ​​​ពេល​​​ការ​​​ហៅ​​​ឈ្មោះ​​​​​​ជិត​​​ចប់​​​នៅ​​​សាលា​​​បាក់​​​ទូក​​​  យុទ្ធារៈ សប្បាយ​​​រីករាយ​​​​​​លើក​​​ដៃ​​​ឡើង​​​លើ​​​ និង​​​ស្រែក​​​ហ៊ោ ខណៈ​​​ដែល​​​​​​ដឹង​ថា​ខ្លួន​ទទួល​បាន​និទ្ទេសC។ ប៉ុន្តែ នៅ​​​ក្បែរ​​​​​​​​​សិស្ស​​​រូប​​​នេះ គឺ​​​សិស្ស​​​អាយុ​​​១៨​​​ឆ្នាំឈ្មោះ ហុង​​​ គឹម​​​ហាប់ ដែល​​​លទ្ធផល​​​ដូច​​​គ្នា​​​នេះ​​​បាន​​​ធ្វើ​​ឲ្យ​​​រូប​​​គេ​​​​​​ស្រក់​ទឹក​ភ្នែក។ សិស្ស​​​រូប​​​នេះ​​​និយាយ​​​ទាំង​​​ទឹក​​​ភ្នែក​​​ថា “ឪពុក​​​ម្ដាយ​​​របស់​​​ខ្ញុំ​​​សង្ឃឹម​​​ថា ខ្ញុំ​​​នឹង​​​ទទួល​​​បាន​​​និទ្ទេសB។ ឥឡូវ​​​ខ្ញុំ​​​ទទួល​​​បាន​​​និទ្ទេសC​​​ ទៅ​​​វិញ​​​”។

យ៉ាង​​​នេះ​​​ក្ដីនិទ្ទេសC អាច​​​ឲ្យ​​​ គឹមហាប់ ចូល​​​រៀន​​​នៅ​​​សាកល​​​វិទ្យាល័យ​​​​​​វិទ្យាសាស្ត្រ​​​សុខាភិបាល​​​ ដែល​​​យុវសិស្ស​​​រូប​​​នេះ​​​មាន​​​ផែន​​​ការ​​​រៀន​​​សូត្រ​​​ដើម្បី​​​ក្លាយ​​​ជា​​​វេជ្ជ​​​បណ្ឌិត​​​ម្នាក់ប្រសិន​​​បើ​​​ខ្លួន​​​អាច​​​ប្រឡង​​​ចូល​​​ជាប់​​​នោះ។

សិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “មុន​​​ពេល​​​ខ្ញុំ​​​អាច​​ចូល​​​រៀន​​​នៅ​​​ទីនោះ​​​ ខ្ញុំ​​​ត្រូវ​​​ប្រឡង​​​​​​មួយ​​​លើក​​​ផ្សេង​​​ទៀត​​​ជា​​​មុន​​​”។ ប៉ុន្តែ សិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ខ្លួន​​​មាន​​​ការ​​​ជឿ​​​ជាក់​​​ថា បញ្ញា​ពី​កំណើត​​​របស់​​​ខ្លួន​​​អាច​​​នាំ​​​ឲ្យ​​​​ឈាន​​​ទៅដល់​​​ការ​​​ប្រឡង​​​លើក​​​បន្ទាប់​​​ទៀត​​​។ សិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​អំពី​​​លទ្ធផល​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “ខ្ញុំ​​​ពិត​​​ជា​​​ភ្ញាក់​​​ផ្អើល​​​ណាស់​​​ដែល​​​ខ្ញុំ​​​ទទួល​​​បាន​​​និទ្ទេសC ពីព្រោះ​​​ខ្ញុំ​​​​​​ពិត​​​ជា​​​ឆ្លាត​​​មែន”៕​​​មានិត​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស