កាលពីម្សិលមិញ អង្គការសហប្រជាជាតិ និងបណ្តាអង្គការសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងឋានៈជាភាគីមួយនៃអនុសញ្ញាអន្តរជាតិដើម្បីការពារពលរដ្ឋគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ហើយសើុបអង្កេតឲ្យបានល្អិតល្អន់ចំពោះការបាត់ខ្លួនរបស់យុវជន ខែម សុផាត អាយុ១៦ឆ្នាំ ដែលគេឃើញជាលើកចុងក្រោយដេកនៅនឹងដីដោយមានរបួសនិងប្រឡាក់ឈាមជោកខ្លួនអំឡុងបាតុកម្មហិង្សាកាលពីខែមករា។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ គឺជាទិវាអន្តរជាតិនៃជនរងគ្រោះដោយសារការបាត់ខ្លួនដោយបង្ខំ។ ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងតាមអីុម៉េលមួយថា ក្រុមគ្រួសាររបស់យុវជន ខែម សុផាត “បានរងទុក្ខមិនអាចថ្លែងបាន” ហើយបានជំរុញឲ្យរដ្ឋាភិបាលចាត់ “រាល់វិធានការ” ដើម្បីតាមស្វែងរក បង្ហាញទីតាំង និងដោះលែងអ្នកដែលបាត់ខ្លួន ហើយប្រសិនបើក្នុងករណីស្លាប់ ត្រូវបង្ហាញទីតាំង គោរព និងប្រគល់សាកសពមកវិញ”។ ។
ការិយាល័យនេះបានលើកឡើងបន្តថា “ប្រសិនបើរកឃើញថា ខែម សុផាត គឺជាករណីបាត់ខ្លួនដោយបង្ខំ អនុសញ្ញានេះត្រូវធ្វើឲ្យប្រាកដថា ប្រទេសនេះត្រូវតែនាំខ្លួនជនដែលទទួលខុសត្រូវមកផ្តន្ទាទោស”។
សេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយដែលទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការអាដហុក បានអំពាវនាវឲ្យបណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងកម្ពុជាផង “បង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសើុបអង្កេតករណីទាំងអស់នេះ និងករណីទាំងអស់ផ្សេងទៀតដែលមិនទាន់ដោះស្រាយនៅឡើយ នាំខ្លួនជនទទួលខុសត្រូវមកផ្តន្ទាទោស និងផ្តល់សំណងដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ”៕សុខុម