បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តព្រៃវែងកាលពីថ្ងៃសុក្រ ពីបទធ្វើទារុណកម្មក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដោយការចាប់ក្បាលជ្រមុជក្នុងទឹកពាងបន្ទាប់ពីក្មេងនេះបានលួចបេះដូងបួនផ្លែពីដីចម្ការពួកគេនេះបើយោងតាមការឲ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋាន។
ហេង វណ្ណី អាយុ២៨ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់ខ្លួនក្នុងស្រុកពារាំងរួមជាមួយបងប្រុសឈ្មោះ ហេង ដាណេ អាយុ៣៤ឆ្នាំ បន្ទាប់ពីរូបគេបានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នូវរូបថតដែលបង្ហាញពីក្មេងប្រុសនេះត្រូវពួកគេចាប់ចងដៃទៅក្រោយ និងជ្រមុជក្បាលទៅក្នុងទឹកពាង។រូបថតមួយសន្លឹកទៀតបង្ហាញពីបុរសម្នាក់បោចសក់ក្បាលក្មេងប្រុសនេះ បន្ទាប់ពីទាញក្មេងនេះចេញពីពាងទឹកធំមួយ។
រូបភាពទាំងនេះបានសុសសាយយ៉ាងឆាប់រហ័ស ហើយសូម្បីតែលោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចែករំលែករូបថតទាំងនេះលើទំព័រ
ហ្វេសប៊ុករបស់ខ្លួនដែរនិងថែមទាំងបានអំពាវនាវឲ្យនគរបាលចាប់ខ្លួនជនដែលធ្វើទារុណកម្មក្មេងប្រុសនេះជាបន្ទាន់ទៀតផង។
លោក អ៊ុំ វន្ថា អធិការនគរបាលស្រុកបានមានប្រសាសន៍ថា នគរបាលទទួលបានដំណឹងអំពីហេតុការណ៍នេះតាមហ្វេសប៊ុក ហើយក៏បានតាមចាប់ខ្លួនឈ្មោះ ហេង វណ្ណី ដល់ឃុំកំពង់ពពិលនៅហាងជួសជុលទូរស័ព្ទរបស់ពួកគេ។ បច្ចុប្បន្នពួកគេកំពុងជាប់ឃុំនៅឡើយ។
លោកបានមានប្រសាសន៍ទៀតថា “ហេង ដាណេ បានសារភាពថា រូបគេបានទៅដល់ចម្ការរបស់ខ្លួន [ កាលពីថ្ងៃព្រហស្បតិ៍] ហើយក៏ឃើញក្មេងប្រុសនេះកំពុងបេះដូងនៅលើដើម។ រូបគេបានប្រាប់ក្មេងប្រុសនេះឲ្យចុះមកដីហើយបានចាប់ចងដៃរបស់វាទៅក្រោយរួចចាប់ក្បាលជ្រមុជទឹកពាង”។
លោកបានលើកឡើងបន្ថែមទៀតថា ជនសង្ស័យទី២គឺ ហេង វណ្ណី ជាអ្នកឈរពីក្រោយចាំថតរូបទាំងនេះបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម។
អ្នកស្រី ឆន សុខ អាយុ៤៥ឆ្នាំដែលត្រូវជាម្តាយរបស់ក្មេងប្រុសនេះបាននិយាយថា អ្នកស្រីមិនបានដឹងថា បុរសទាំងពីរនាក់នេះធ្វើទារុណកម្មកូនប្រុសរបស់គាត់បែបនេះឡើយរហូតទាល់តែនគរបាលទាក់ទងទៅគាត់ទើបគាត់ដឹង។
អ្នកស្រីនិយាយថា “ខ្ញុំគិតថា វាព្រៃផ្សៃណាស់ដែលពួកគេធ្វើទារុណកម្មវាទោះបីជាវាបានលួចដូងក៏ដោយ។ ពួកគេគួរតែព្រមាន និងណែនាំអប់រំវាទៅបានហើយ”។
លោកស្រី លឹម មុនី ប្រធានកម្មវិធីសិទ្ធិស្ត្រី និងកុមារនៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា បុរសទាំងនេះគួរតែប្រឈមការដាក់ទោសធ្ងន់ធ្ងរ។
លោកស្រីមានប្រសាសន៍ថា “វាជាការរំលោភសិទ្ធិកុមារ ពីព្រោះពួកគេ [ បុរសទាំងនេះ ] គ្មានសិទ្ធិធ្វើទារុណកម្មក្មេងប្រុសនេះឡើយ។ ពួកគេគួរតែប្តឹងទៅនគរបាលដើម្បីឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់ ចំពោះអ្វីដែលក្មេងប្រុសនេះបានប្រព្រឹត្ត”។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានបង្ហោះរូបថតនេះលើទំព័រហ្វេសប៊ុករបស់លោកដែរ ហើយលោកបានអំពាវនាវឲ្យអាជ្ញាធរចាប់ខ្លួនបុរសពីរនាក់បងប្អូននេះមកផ្តន្ទាទោសចំពោះមុខច្បាប់។
លោកបានមានប្រសាសន៍តាមទូរស័ព្ទថា “មូលហេតុដែលខ្ញុំបង្ហោះវាដោយសារតែបុរសទាំងពីរនាក់នេះសាហាវព្រៃផ្សៃ និងអមនុស្សធម៌ដូច ប៉ុល ពតអ៊ីចឹង ដូច្នេះហើយយើងមិនគាំទ្រពួកគេទេ ហើយក៏មិនពេញចិត្តចំពោះទង្វើនេះដែរ”៕សុខុម