ប័ណ្ណសារ

​បុរស​ពីរ​​​នាក់​​​បង​​​ប្អូន​​​ដែលធ្វើ​​​ទារុណ​​​កម្ម​​​ក្មេង​​​ប្រុស​​​លួច​​បេះ​​​​ដូងនិង​ថតរូប​​​​បង្ហោះ​​​​​​តាម​​​ហ្វេសប៊ុក​​​​​​ ត្រូវ​​​ចាប់​​​ខ្លួន​​​

By

August 30, 2014

បុរស​​​ពី​​​រនាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែងកាល​​​ពី​​​ថ្ងៃ​​​សុក្រ ពីបទ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ក្មេង​​​ប្រុស​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​​​ ដោយ​​​ការ​​​ចាប់​​​ក្បាល​​​ជ្រមុជ​​​ក្នុង​​​ទឹក​​​ពាង​​​បន្ទាប់​​​ពី​​​ក្មេង​​​នេះ​​​បាន​​​លួច​បេះ​​​​ដូង​​​បួន​​ផ្លែ​​​ពី​​​ដី​​​ចម្ការ​​​ពួក​​​គេ​​នេះ​​​បើ​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​មន្ត្រី​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​។

ហេង វណ្ណី អាយុ​​​២៨​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​ស្រុក​​​ពារាំងរួម​ជាមួយ​​​បង​​​ប្រុស​​​ឈ្មោះ​​​ ហេង ដាណេ អាយុ​​​៣៤​​​ឆ្នាំ បន្ទាប់​​​ពី​រូបគេ​​​​​​​បាន​​​បង្ហោះ​​​​​​លើ​​​គណនី​​​ហ្វេសប៊ុក​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ​នូវ​រូប​ថត​ដែល​​​បង្ហាញ​​​ពី​​ក្មេង​​​ប្រុស​នេះ​​​​ត្រូវ​​​ពួក​​​គេ​​​​ចាប់​ចង​​​ដៃ​​ទៅ​​​ក្រោយ​​​ និង​ជ្រមុជ​ក្បាលទៅ​ក្នុង​ទឹក​ពាង។រូប​​​ថត​​​មួយ​​​សន្លឹក​​​ទៀត​​​បង្ហាញ​​​ពី​​​បុរស​​​​​​ម្នាក់​​​​​បោច​​​សក់​​​ក្បាល​​​ក្មេង​​​ប្រុស​​​នេះ​​​ បន្ទាប់​​​ពី​​​ទាញ​​​ក្មេង​នេះ​​​ចេញ​​​ពី​​​ពាង​​​ទឹក​​​ធំ​​​មួយ​​​។

​​​រូប​​​ភាព​​​ទាំង​​​នេះ​​​បាន​​សុស​សាយ​យ៉ាង​​​ឆាប់​​​រហ័ស ហើយ​​​សូម្បី​​​តែ​​​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​ចែក​​​រំលែក​​​រូប​​​ថត​​​ទាំង​​​នេះ​​​លើ​​​ទំព័រ​​​ ហ្វេ​​​សប៊ុក​​​របស់​​​ខ្លួន​​​​ដែរនិង​ថែម​ទាំង​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​ជន​​​ដែល​​​ធ្វើ​​​ទារុណ​​​កម្ម​​​​​​ក្មេង​​​ប្រុស​​​នេះ​​​ជា​​​បន្ទាន់ទៀត​ផង​​​​។

លោក​​​ អ៊ុំ វន្ថា អធិការ​​​នគរ​​​បាល​​​​ស្រុក​​​បាន​​​មានប្រសាសន៍​​​ថា នគរ​​​បាល​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​ហេតុ​​​ការណ៍​​​នេះ​​​តាម​​​ហ្វេ​​​ស​​​ប៊ុក ហើយ​​​ក៏​​​បាន​​​តាម​​​ចាប់​​​ខ​​​្លួន​​​ឈ្មោះ ហេង​​​ វណ្ណី ដល់​​​ឃុំ​​​កំពង់​​​ពពិល​​​​នៅ​ហាង​​​ជួស​​​ជុល​​​ទូរស័ព្ទ​​​​របស់​ពួកគេ​។ បច្ចុប្បន្ន​​​ពួកគេ​​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ហេង​​​ ដាណេ បាន​​​សារភាព​​​ថា រូប​គេ​​បាន​​​​ទៅ​​​ដល់​​​ចម្ការ​​​របស់​​​ខ្លួន​​​ [ កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍] ហើយ​​​ក៏​ឃើញ​​​ក្មេង​​​ប្រុស​​​នេះ​​​កំពុង​​​បេះ​​​ដូង​​​នៅ​​​លើ​​​ដើម​​​​​​​​​​​​​​​​​​។ រូប​​​គេ​​​បាន​​​ប្រាប់​​​ក្មេង​​​ប្រុស​​​នេះ​​​​ឲ្យចុះ​​​មក​​​ដីហើយ​​​បានចាប់​​​​ចង​​​ដៃ​​​របស់​​​វា​ទៅ​​​ក្រោយ​​​រួច​​​ចាប់​​​ក្បាល​​​ជ្រមុជ​​ទឹក​​​ពាង​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ជន​​​សង្ស័យ​​​ទី​​​២​​​គឺ ហេង វណ្ណី ជា​​​អ្នក​​​ឈរ​​​ពី​​​ក្រោយ​​​ចាំ​​​ថត​​​រូប​​ទាំង​​​នេះ​​​បង្ហោះ​តាម​​​ប្រព័ន្ធ​​​ទំនាក់​​​ទំនង​​​សង្គម។

អ្នកស្រី ឆន សុខ ​​អាយុ​៤៥ឆ្នាំ​ដែល​​​ត្រូវ​​​ជា​​​ម្តាយ​​​របស់​​​ក្មេង​​​ប្រុស​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​​​​មិន​​​បាន​​​ដឹង​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ធ្វើ​​​ទារុណ​​​កម្ម​​​កូន​​​ប្រុស​​​របស់​​​គាត់​​បែប​នេះ​ឡើយ​​​រហូត​​​ទាល់​​​តែ​​​នគរ​​​បាល​​​ទាក់​​​ទង​​​ទៅ​​​គាត់​​​ទើប​​​គាត់​​​ដឹង​​​។

អ្នកស្រី​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​​​ព្រៃផ្សៃ​​​ណាស់​​​ដែល​​​ពួកគេ​​​ធ្វើ​​​ទារុណ​​​កម្មវា​​ទោះ​បី​ជា​​វា​បាន​លួច​​​ដូង​ក៏​ដោយ​​​​។ ពួកគេ​​​គួរ​​​តែ​​​ព្រមាន​​​ និង​​​ណែ​​​នាំ​​​អប់រំ​​​វា​​​ទៅ​​​បាន​​​ហើយ”។

លោក​​​ស្រី​​​​​​ លឹម មុនី ប្រធាន​​​កម្ម​​​វិធី​​​សិទ្ធិស្ត្រី និង​​​កុមារ​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​នេះ​​​គួរ​​​តែ​​​ប្រឈម​​​​​ការ​​​ដាក់​​​ទោស​​​ធ្ងន់​​​ធ្ងរ​​​។

លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​ការ​​រំលោភ​សិទ្ធិ​​​កុមារ​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​ [ បុរស​​​ទាំង​​​នេះ​​​ ]​​​​​​​​​​​​ គ្មាន​​​សិទ្ធិ​ធ្វើ​​​ទារុណ​​​កម្ម​​​ក្មេង​​​ប្រុស​​​នេះ​​​ឡើយ​​​​។ ពួក​​​គេ​​​គួរ​​​តែ​​​ប្តឹង​​ទៅ​​​​នគរបាល​​​ដើម្បី​​​ឲ្យ​​​នគរ​​​បាល​​​ចាត់​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ ចំពោះ​​​អ្វី​​​ដែលក្មេង​​​ប្រុស​​​នេះ​​​បាន​​​ប្រព្រឹត្ត​​​”។

លោក​​​ ខេង ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ក៏បាន​​​​​​បង្ហោះ​​​រូប​​​ថត​​​នេះ​​​លើ​​​ទំព័រ​​​ហ្វេ​​​សប៊ុក​​​របស់​​​លោក​​​ដែរ​​​ ហើយ​​​លោក​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​បង​​​ប្អូន​​​នេះ​​មក​ផ្តន្ទាទោស​ចំពោះ​មុខ​​​ច្បាប់​​​។

​​​លោក​​​បាន​​​មានប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា “មូល​​​ហេតុ​​​ដែល​​​ខ្ញុំ​​​បង្ហោះ​​​វា​​​ដោយសារ​​​តែ​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​សាហាវ​​​ព្រៃ​​​ផ្សៃ​​​ និង​​​អមនុស្ស​​​ធម៌​​​ដូច​​​ ប៉ុល​​​ ពត​​​អ៊ីចឹង​​​ ដូច្នេះ​​​ហើយ​​​យើង​​មិន​​​គាំ​​​ទ្រ​​​ពួកគេ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ពេញ​​​ចិត្ត​​​ចំពោះ​​​ទង្វើ​​​នេះ​​​ដែរ​​”៕សុខុម​​​