សហជីពធំៗមួយចំនួននិយាយថា ពេលនេះតំណាងរបស់ខ្លួនត្រូវសុំការអនុញ្ញាតពីគណៈគ្រប់គ្រងរោងចក្រជាមុនសិន មុនពេលកម្មករកាន់ដេរអាចបង្កើតសហជីពថ្មី ឬសាខាសហជីពនៅក្នុងរោងចក្របាន។
បណ្តាសកម្មជនសហជីពអះអាងថា ពេលនេះក្រសួងការងារតម្រូវឲ្យពួកគេមានហត្ថលេខារបស់តំណាងរោងចក្រដើម្បីបញ្ជាក់ថា ខ្លួនបានជូនដំណឹងទៅរោងចក្រអំពីគោលបំណងរបស់ខ្លួនក្នុងការរៀបចំគ្រប់គ្រងកម្មករ។ ពួកគេនិយាយថា អ្នកគ្រប់គ្រងដែលមានការស្ទាក់ស្ទើក្នុងការជួយបុគ្គលិករបស់ខ្លួនបង្កើតសហជីព នឹងមិនអើពើចំពោះលិខិតបញ្ជាក់ពីគោលបំណងរបស់ខ្លួនឡើយ ហើយវិធានថ្មីនេះកំពុងត្រូវបានប្រើប្រាស់ក្នុងគោលបំណងរារាំងសហជីពមិនឲ្យពង្រីកខ្លួន ក្រោយពីមានកូដកម្មទូទាំងប្រទេសកាលពីខែធ្នូ និងខែមករា។
លក្ខខណ្ឌតម្រូវឲ្យមានហត្ថលេខាពីរោងចក្រនេះ ត្រូវបានដាក់ចេញកាលពីខែមីនាដែលប្រហែលស្របពេលតែមួយដែលរដ្ឋាភិបាលបានចាប់ផ្តើមបង្ខំឲ្យសកម្មជនសហជីពដាក់ឯកសារបញ្ជាក់ថា ពួកគេមានប្រវត្តិស្អាតស្អំមិនធ្លាប់ប្រព្រឹត្តបទល្មើស មុនពេលបង្កើតសាខាថ្មីបាន។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (សីុខៅឌូ) បានមានប្រសាសន៍ថា ក្រសួងការងារហាក់ដូចជាបានពិនិត្យផ្ទៀងផ្ទាត់ផ្នែកមួយចំនួននៃដំណើរការចុះបញ្ជីនេះចាប់តាំងពីមានកូដកម្មទូទាំងប្រទេសមកម៉្លេះ ហើយបានអនុវត្តវាកាន់តែតឹងរឹុងជាងមុន។
លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំគិតថា ពេលនេះវាពិបាកណាស់ក្នុងការទទួលបានការចុះបញ្ជីសហជីព នេះបើយោងតាមនីតិវិធីថ្មីដែលរដ្ឋាភិបាលបានដាក់ចេញ។ ប្រសិនបើចង់បង្កើតសហជីព យើងត្រូវជូនដំណឹងទៅទាំងក្រសួង និងក្រុមហ៊ុន [ រោងចក្រ] ហើយពេលនេះយើងក៏ត្រូវមានហត្ថលេខាពីក្រុមហ៊ុនផងដែរ”។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានចាត់ទុកការកែប្រែទាំងនេះថាជា “ការរំលោភសិទ្ធិកម្មករ” ។ លោកបានលើកឡើងថា “វាពិបាកសម្រាប់យើងទទួលបានហត្ថលេខាពីរោងចក្រ ពីព្រោះពួកគេមិនចង់ឲ្យយើងបង្កើតសហជីពទេ ព្រោះអី [ ប្រសិនបើយើងមិនបង្កើតសហជីព] វាងាយស្រួលសម្រាប់ពួកគេគ្រប់គ្រងកម្មករ”។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា ក្នុងករណីមួយចំនួន សហជីពរបស់លោកបានរកឃើញវិធីមួយ ដើម្បីទទួលបានហត្ថលេខាពីរោងចក្រតាមរយៈការផ្ញើលិខិតទៅរោងចក្រ និងការប្រើប្រាស់វិក្កយបត្រប្រៃសណីយ៍ដើម្បីបញ្ជាក់ថា ពួកគេបានបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងការជូនដំណឹងទៅរោងចក្របញ្ជាក់ពីគោលបំណងរបស់ខ្លួនដែលចង់បង្កើតសាខាសហជីព។
លោកបានលើកឡើងទៀតថា ការកែប្រែផ្សេងៗទៀតចំពោះដំណើរដាក់ពាក្យស្នើសុំនេះ រួមមានទាំងការតម្រូវឲ្យថតសកម្មភាពបោះឆ្នោតជ្រើសរើសតំណាងកម្មករជាវីដេអូ រួចដាក់វីដេអូនោះរួមជាមួយលិខិតស្នាមរបស់ខ្លួនទៅក្រសួងផងដែរ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលគាំទ្ររដ្ឋាភិបាល បានលើកឡើងថា សហជីពរបស់លោកមិនព្រួយបារម្ភអំពីការកែប្រែនេះទេ ប៉ុន្តែ បានមានប្រសាសន៍ថា ក្រសួងការងារគួរតែប្រកាសពីគោលនយោបាយចុះបញ្ជីថ្មីនេះជាសាធារណៈ។
លោកបានបន្តថា “ទោះបីជាដំណើរការនេះមានភាពស្មុគស្មាញ ហើយយើងមានបញ្ហាខ្លះក្នុងការទទួលបានការពិនិត្យឯកសារបញ្ជាក់ពីការប្រព្រឹត្តបទល្មើសក្តី ក៏វាមិនអីដែរសម្រាប់យើង ពីព្រោះវាធ្វើឲ្យសហជីពទទួលបានស្តង់ដារខ្ពស់”។
ការព្យាយាមទាក់ទងទៅមន្ត្រីមួយចំនួននៅក្រសួងការងារនាសប្តាហ៍នេះ គ្មានអ្នកឆ្លើយតបទេ។ ទោះជាយ៉ាងណា លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រសួងមានកាតព្វកិច្ចធានាថា តំណាងកម្មករត្រូវបានត្រួតពិនិត្យត្រឹមត្រូវ។
លោក ដេវ វែល (Dave Welsh) ប្រធានប្រចាំប្រទេសកម្ពុជា នៃអង្គការមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ជាអង្គការសិទ្ធិការងារមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា អង្គការរបស់លោកបានលើកឡើងពីក្តីបារម្ភរបស់សហជីពប្រាប់ដល់ក្រសួងការងាររួចហើយកាលពីសប្តាហ៍មុន។
លោកបានមានប្រសាសន៍ថា “គោលជំហររបស់ពួកគេគឺថា គ្មានការកែប្រែច្រើន និងគ្មានការពន្យារពេលនៅក្នុងការដំណើរការដាក់ពាក្យសុំ ហើយយើងជឿថាអ៊ីចឹង”។លោកបានបន្តថា លោកបានដឹងពីករណីដាច់ដោយឡែកចំនួន៣០ករណីស្តីពីសហជីពដែលមិនអាចបង្កើតសាខាថ្មីបានដោយសារតែលក្ខខណ្ឌតម្រូវផ្នែករដ្ឋបាលថ្មីនេះ ជាការវិវឌ្ឍមួយដែលលោកចាត់ទុកថា “គួរឲ្យព្រួយបារម្ភ”។
លោកបានលើកឡើងទៀតថា “ទិដ្ឋភាពគួរឲ្យព្រួយបារម្ភបំផុតនៃលក្ខខណ្ឌបន្ថែមទាំងនេះ គឺការតម្រូវឲ្យសុំការអនុញ្ញាតពីនិយោជក។ ទំនាក់ទំនងនេះគួរតែរវាងរដ្ឋាភិបាល និងសហជីពដែលពាក់ព័ន្ធ”៕សុខុម