30 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​និង​ខុមហ្វ្រែល​អំពាវនាវ​ឲ្យ​ពន្យារពេល​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វែល) និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​បាន​អំពាវ​នាវ​ឲ្យគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ផ្អាក​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះបោះឆ្នោត​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​រហូត​ដល់​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ដែល​​មាន​គណបក្សពីរ​ចូល​រួម​​ត្រូវ​បាន​បង្កើត​ឡើង​សិន​។

តាម​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ​គ.ជ.ប. បច្ចុប្បន្ន​ដែល​មាន​សមាជិក​ភាគច្រើនមកពីគណបក្ស​កាន់​អំណាច​នោះ នឹង​​ត្រូវ​ជំនួស​ដោយ​ស្ថាប័ន​ថ្មីមួយ ដែល​មានសមាជិកស្មើគ្នា​មក​ពី​គណបក្ស​ទាំង​ពីរ​។

លោក គល់ បញ្ញា នាយកប្រតិបត្តិ​ខុមហ្វែល បាន​មាន​ប្រសាសន៍​ថា ដំណើរ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​គ្រោង​ចាប់​ផ្ដើម​នៅ​ខែ​នេះ ដែល​តាម​ធម្មតា​គឺ​ចំណាយ​ទឹក​ប្រាក់​ជាង​១លាន​ដុល្លារ ហើយ​គួរ​ត្រូវ​ផ្អាក​ និង​ទុក​ឲ្យ​ គ.ជ.ប.ថ្មី ដែល​ធ្វើ​កំណែទម្រង់​រួច​​អនុវត្ត​វិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នេះ​បានព្រមព្រៀង​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ដូច្នេះ​ត្រូវ​ធ្វើ​ការ​ពិភាក្សា​បន្ថែម​ទៀត​ថា តើ​ត្រូវ​គ្រប់​គ្រង​បញ្ហា​នេះ​ដូច​ម្ដេច​។ វា​នឹង​គ្មាន​ន័យ ហើយ​ខ្ជះ​ខ្ជាយ​ប្រាក់​ប្រសិន​បើ​ គ.ជ.ប.ចាស់​បន្ត​ការ​ងារ​នេះ​”។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានមាន​ប្រសាសន៍​ថា ក្រុម​ការ​ងារ​ច្រើន​គណបក្ស​​ទទួល​បន្ទុក​ធ្វើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​គ្រោង​បន្ត​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ហើយ​ក៏​អំពាវ​នាវ​ឲ្យ​ពន្យារ​ពេល​ធ្វើ​បច្ចុប្បន្ន​បញ្ជី​ឈ្មោះបោះ​ឆ្នោត​ដែរ​។

លោក​បាន​​មាន​ប្រសាសន៍​ថា ” យើង​យល់​ថា គ.ជ.ប.​បច្ចុប្បន្ន​គ្រាន់​តែ​ជា​ស្ថាប័ន​​ចាំ​ផ្ទះ​តែ​ប៉ុណ្ណោះ ដូច្នេះ​ពួកគេ​​​គ្មានអ្វីធ្វើ​ទេ​ឥឡូវ​នេះ​”។

លោក យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា គ.ជ.ប.ថ្មី​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ដាក់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ អាច​ក្នុង​ខែ​នេះ​ ឬ​ក្នុង​ខែ​តុលា។

លោក អុឹម សួស្ដី ប្រធាន​គ.ជ.ប. បាន​មាន​ប្រសាសន៍​ថា ​បើ​យោង​តាម​ច្បាប់​ ស្ថាប័ន​របស់​លោក​​នៅ​មាន​សិទ្ធិ​ធ្វើ​​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត លុះ​ណា​តែ​ស្ថាប័ន​នេះ​ត្រូវ​បាន​រម្លាយ​ជា​ផ្លូវ​ការ​។ យោង​តាម​តួលេខ​គ.ជ.ប.​កាលពី​ខែ​មុន បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន​មាន​ឈ្មោះ​៩.៧៣២.៥៣១​នាក់​។

លោក អុឹម​ សួស្ដី បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សូម​ឲ្យ​អ្នក​មើល​ច្បាប់​ដែល​មាន​ស្រាប់ ដែល​នៅ​ជាធរមាន​នៅ​ឡើយ​។ ច្បាប់​ណែនាំ​យើង​ឲ្យ​ធ្វើការ​ងារ​របស់​យើង​ ដូច្នេះ​តើ​នរណា​នឹង​ទទួល​ខុស​ត្រូវ​ប្រសិន​បើ​យើង​មិន​ធ្វើការ​ងារ​របស់​យើង​នោះ?”។

លោក​បានមាន​ប្រសាសន៍​ថា ” ប្រសិន​បើ​​ច្បាប់​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋសភា​​ឲ្យ​ផ្អាក​ការ​ងារ​នោះ យើង​នឹង​ផ្អាក​។ ប្រសិន​បើ​ច្បាប់​ឲ្យ​បន្ត​ យើង​នឹង​បន្ត​”៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស