កាលពីចុងសប្ដាហ៍ លោក អុឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអន្តរាគមន៍នៅក្នុងវិវាទដីធ្លីដ៏លេចធ្លោមួយរវាងអ្នកភូមិមកពីស្រុកស្នូល ខេត្តក្រចេះ និងក្រុមហ៊ុនកសិឧស្សាហកម្មរបស់កូរ៉េខាងត្បូង ដោយប្រកាសកាលពីថ្ងៃសៅរ៍ថា ដីមានវិវាទទំហំ១.៥៦២ហិកតា នឹងត្រូវដកហូតពីក្រុមហ៊ុន ហើយប្រគល់ឲ្យអ្នកភូមិវិញ។
ថ្លែងទៅកាន់តំណាងរបស់អ្នកភូមិនៅក្នុងវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ ជាទីដែលពួកគាត់បានស្នាក់នៅអស់ច្រើនសប្ដាហ៍មកហើយនោះ លោក ឈុនលឹម បានប្រាប់ក្រុមអ្នកភូមិឲ្យត្រឡប់ទៅខេត្តក្រចេះវិញ ដើម្បីទៅទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។
លោកបានមានប្រសាសន៍ថា ” សូមគ្រួសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងដីនេះ ទៅយកប័ណ្ណកម្មសិទ្ធិដីធ្លីនៅសាលាខេត្តនៅព្រឹកថ្ងៃពុធ”។
លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ ដែលអមដំណើរលោក ឈុនលឹម ទៅវត្តនោះបានឲ្យដឹងថា ដីដែលមានវិវាទត្រូវបានដកហូតពីក្រុមហ៊ុន HorizonAgriculturalDevelopment (HAD)ដែលត្រូវបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចកាលពីឆ្នាំ២០០៨សម្រាប់ធ្វើជាចម្ការដំឡូងមី និងចម្ការម្រេច ព្រោះក្រុមហ៊ុននេះមិនបានអភិវឌ្ឍតំបន់នោះឲ្យបានត្រឹមត្រូវទេ។
លោក ចំណាន បានលើកឡើងតាមរយៈទូរស័ព្ទថា “ រដ្ឋាភិបាលបានរឹបអូសដីនេះពីក្រុមហ៊ុនវិញហើយ ព្រោះពួកគេមិនបានគោរពតាមកិច្ចសន្យា។ ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច ប៉ុន្តែមិនបានប្រើប្រាស់ដីនោះសម្រាប់ការអភិវឌ្ឍឡើយ”។
វិវាទដីធ្លីនេះបានទាញចំណាប់អារម្មណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថានទូតកូរ៉េ ដែលបានដាក់ពាក្យបណ្ដឹងជាផ្លូវការមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីការពារក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះកាលពីខែមីនា ដោយធ្វើឲ្យមានកិច្ចប្រជុំមួយរវាងលោក KimHan-soo ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង និងលោក ឈុនលឹម។
កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានប្រើប្រាស់វិវាទដីធ្លីនៅក្នុងខេត្តក្រចេះជាឧទាហរណ៍មួយនៃការបរាជ័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយវិវាទដីធ្លីផ្សេងៗ ដោយធ្វើឲ្យអ្នកភូមិដែលអស់សង្ឃឹមនាំគ្នាធ្វើដំណើរមកទីក្រុងភ្នំពេញដើម្បីរកដំណោះស្រាយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែសីហា លោកនាយករដ្ឋមន្ត្រីបានប្រាប់អាជ្ញាធរឲ្យដោះស្រាយវិវាទដីធ្លីនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នោះទេ សូមចុះចេញពីតំណែងទៅ។
លោកបានមានប្រសាសន៍នៅពេលនោះថា ” ឥឡូវនេះ ខ្ញុំនឹងតាមដានអ្នកឯង ហើយចាប់កំហុសអ្នកឯង។ ប៉ុន្តែប្រសិនបើអ្នកឯងនិយាយថា ខ្ញុំមិនអាចបំពេញតួនាទីនេះបានទេ ព្រោះវាជាបន្ទុកមួយដ៏ធំ អ្នកឯងអាចចុះចេញពីតំណែងបាន”។
ប៉ុន្តែគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០១២ ក៏ស្ថិតក្រោមការពិនិត្យពិច័យយ៉ាងយកចិត្តទុកដាក់ដែរដោយសារវិវាទដីធ្លីនេះនៅពេលវាមានការលេចឮឡើងថា និស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាស់វែងដីធ្លីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនHAD។
លោក ឆាយ រ៉ូ អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលអះអាងសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងស្រុកស្នួល និងដែលបានមកតវ៉ានៅក្នុងរាជធានីភ្នំពេញដែរនោះ បាននិយាយថា គាត់មានអារម្មណ៍ធូរស្រាល ដោយសារការសម្រេចរបស់រដ្ឋាភិបាលដែលលុបចោលកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុនរបស់កូរ៉េខាងត្បូង ហើយប្រគល់ដីដែលមានវិវាទនេះឲ្យអ្នកភូមិវិញ។
លោក រ៉ូ បាននិយាយថា ” ខ្ញុំមានដីទំហំ៦ហិកតា ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងប្រគល់ដីទាំងអស់នេះមកឲ្យខ្ញុំវិញ ព្រោះលោក ឈុនលឹម បានប្រាប់អ្នកភូមិនៅវត្តថា រដ្ឋាភិបាលនឹងប្រគល់ឲ្យយើងវិញនូវអ្វីដែលយើងមានពីមុនមក”។
លោក LimJo-heon នាយកក្រុមហ៊ុនHAD បានលើកឡើងថា លោកមិនទាន់ត្រូវបានគេប្រាប់ឲ្យដឹងជាផ្លូវការនៅឡើយទេ ចំពោះការសម្រេចរបស់រដ្ឋាភិបាល ដែលនឹងដកហូតយកដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនរបស់លោកទៅវិញនោះ។
លោកបានលើកឡើងតាមរយៈអុីម៉េលថា ” ទោះជាយ៉ាងណា ប្រសិនបើការសម្រេចនេះជាការពិត យើង [ក្រុមហ៊ុន] មិនអាចទទួលយកការសម្រេចណាមួយ ដែលធ្វើឲ្យយើងបាត់បង់តំបន់អភិវឌ្ឍនោះឡើយ”។
លោក ឈុនលឹម បានលើកឡើងបន្តថា ក្រុមហ៊ុនបានពន្យល់នៅក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មការសុរិយោដីកាលពីថ្ងៃទី២៦ ខែសីហាថា ក្រុមហ៊ុនបានឆ្ការរានដីសម្បទានភាគច្រើនរបស់ខ្លួនដែលមានទំហំ៣.៧៣៤ហិកតារួចហើយ ហើយបានចាប់ផ្ដើមដាំដើមកៅស៊ូ។
លោក ឈុនលឹម បានមានប្រសាសន៍ថា តំបន់អភិវឌ្ឍន៍គឺជាតំបន់ដែលគ្មានវិវាទ ហើយនឹងមានការចាត់វិធានការបន្ថែមបន្ទាប់ពីកិច្ចប្រជុំរួច”។
លោកស្រី ParkMin-seo លេខាទី២ នៅស្ថានទូតកូរ៉េខាងត្បូងក៏បានលើកឡើងដែរថា ការសម្រេចនេះគឺអយុត្តិធម៌ ប៉ុន្តែវាទំនងជាត្រូវបានជំរុញដោយការលើកឡើងក្នុងពេលថ្មីៗរបស់លោក ហ៊ុន សែន ដែលសម្ដែងពីក្ដីអាណិតអាសូរចំពោះទុក្ខលំបាករបស់អ្នកភូមិ។
លោកស្រីបានមានប្រសាសន៍ថា ” តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថា ប្រតិកម្មបែបនេះគឺកើតចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រអ្នកភូមិអំឡុងការថ្លែងសុន្ទរកថា”។
លោកស្រីបានបន្តថា ” ការពិតហើយ ខ្ញុំគិតថា វាអយុត្តិធម៌ ព្រោះបើយោងតាមកិច្ចសន្យារវាងក្រុមហ៊ុន HAD និងក្រសួងកសិកម្មកាលពីឆ្នាំ២០០៨ វាគឺជាសិទ្ធិទាំងស្រុងរបស់ក្រុមហ៊ុនក្នុងការកាន់កាប់ដីនោះ ហើយពួកគេបានឆ្ការរានដីនោះដោយចំណាយអស់ប្រាក់រាប់លានដុល្លារ”។
លោកស្រីបានលើកឡើងទៀតថា ស្ថានទូតមានសង្ឃឹមតិចតួចក្នុងការច្រានចោលសេចក្ដីសម្រេច ប៉ុន្តែលោកស្រីជឿជាក់ថា ក្រុមហ៊ុន HAD នឹងត្រូវបានសងជំងឺចិត្តចំពោះការបាត់បង់របស់ខ្លួន។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា ” ឥឡូវនេះ ខ្ញុំជឿថា យើងមិនអាចធ្វើអ្វីបានទេ ប៉ុន្តែខ្ញុំជឿជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើអ្វីៗសម្រាប់ក្រុមហ៊ុនHAD ឧទាហរណ៍ដូចជាផ្ដល់ [ដីសម្បទានសេដ្ឋកិច្ច] ផ្សេងសម្រាប់ពួកគេ ប៉ុន្តែយើងត្រូវរង់ចាំមើលសិន”។
ទោះជាយ៉ាងណា លោក កែវ ម៉ាលីឡែន ប្រធានមន្ទីររៀបចំដែនដីខេត្តបានលើកឡើងថា ការសម្រេចរបស់ក្រសួងឆ្លុះបញ្ចាំងឲ្យឃើញពីការពិតថា អ្នកភូមិបានធ្វើស្រែចម្ការលើដីនោះតាំងពីយូរមកហើយ ពោលគឺមុនក្រុមហ៊ុនHAD មកដល់។
លោកបានមានប្រសាសន៍ថា ” ខ្ញុំយល់ឃើញថា រដ្ឋាភិបាលប្រគល់ដីនេះទៅឲ្យអ្នកភូមិវិញ គឺត្រឹមត្រូវហើយ ព្រោះក្រុមហ៊ុនមកកាន់កាប់ដីនេះកាលពីឆ្នាំ២០០៨ ប៉ុន្តែអ្នកភូមិបានបង្កើតភូមិនេះមុនពេលនោះទៅទៀត គឺជាយូរមកហើយ” ៕គឹមហឿន