30.7 C
Phnom Penh

ក្រុមអ្នក​ភូមិដែលមាន​វិវាទ​ដីធ្លី​​មិន​ទទួលយក​អំណោយ​ពី​ស្ត្រីជាពាណិជ្ជករ​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ប្រហែល​៧០គ្រួសារ​ដែលរស់​នៅក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល​បាន​ធ្វើការ​ត​វ៉ា​នៅ​ខាងក្រៅ​សាលា​ឃុំ​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ ដោយ​ចោទ​ប្រកាន់​ស្ត្រី​ជា​ពាណិជ្ជករ​ម្នាក់​ថា បាន​ប៉ុនប៉ង​​សូក​ប៉ាន់​ពួក​គាត់​ឲ្យ​ឈប់​ធ្វើការ​តវ៉ា​ជុំវិញដី​ដែល​ពួកគាត់​លើក​ឡើង​ថា ស្ត្រី​រូប​នោះ​បាន​ប្លន់​ពី​ពួកគាត់។

ក្រុម​អ្នក​ភូមិ​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​វិវាទ​ដីធ្លី​ជាមួយ​អ្នកស្រី លឹម គា ដែល​អះ​អាង​ថា បាន​ទិញ​ដី​ដែលមាន​វិវាទ​នេះ​ទំហំ​១៥៥ហិកតា​នៅក្នុង​ឆ្នាំ​១៩៩៧នោះ​និយាយ​ថា ស្ត្រី​ជា​ពាណិជ្ជករ​រូបនេះ​បាន​បង្ហាញមុខ​នៅ​កន្លែង​ដែលពួកគាត់​បាន​ធ្វើ​ការ​តវ៉ានៅក្នុងរាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​២៣ ខែ​សីហាដោយ​មាន​ទាំង​អំណោយផង ​និង​សុំ​ឲ្យ​មាន​ការ​សហការ​។

លោក វ៉ាន វ៉ាស្នាក់ អ្នកសម្រប​សម្រួល​នៅអង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី គា បាន​មកដ​ល់​ជាមួយ​កញ្ចប់​អំណោយ​សម្រាប់​អ្នក​ត​វ៉ា​ម្នាក់​ៗដែល​រួមមាន​អង្ករ​១៥គីឡូក្រាម មី ត្រីខកំប៉ុង​ នំប៉័ង​ ទឹក​បរិសុទ្ធ និង​ទឹកប្រាក់​ប្រហែល​៥០ដុល្លារ​។

លោក វ៉ាស្នាក់ បាន​មាន​ប្រសាសន៍ថា វា​ច្បាស់​ណាស់​ថា អំណោយ​នេះ​គឺ​ដើម្បី​ជំរុញ​​ឲ្យ​អ្នកភូមិ​ឈប់​ធ្វើការ​តវ៉ា​នៅក្នុង​រាជ​ធានី។

លោក​បាន​មាន​ប្រសាសន៍ថា “​ប្រសិនបើ​អ្នកស្រី គា មាន​ចិត្ត​​សប្បុរសធម៌មែន​នោះ អ្នកស្រី​ប្រហែល​ជា​ផ្តល់​អំណោយនេះ​តាំង​ពី​ឆ្នាំ​២០០៨​មក​ម៉្លេះ មិន​មែន​ទើប​តែ​​នៅពេល​​អ្នក​ភូមិ​ដាក់​ញត្តិ​របស់ខ្លួន​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ដើម្បី​សុំ​អន្ត​រាគមន៍នៅក្នុង​វិវាទដី​ធ្លី​របស់​​ខ្លួន​ដូច្នេះឡើយ”។

លោក វ៉ាស្នាក់ បាន​មាន​ប្រសាសន៍ថា ក្នុង​ចំណោម​អ្នក​ភូមិ​១៣៤នាក់ គឺ​៦៣នាក់​បាន​ទទួល​យក​អំណោយ​នោះតាង​នាម​គ្រួសារ​របស់​ពួកគាត់​ចំណែកអ្នកភូមិ​៧១នាក់ទៀត​​បាន​បដិសេធ​។

អ្នកស្រី កុយ ចាន់ថន ដែល​មិន​បាន​ទទួល​យក​អំណោយ​ហើយ​ស្ថិត​​ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើការ​តវ៉ា​នៅ​សាលា​ឃុំ​ជ្វាំង​កាលពី​ថ្ងៃសុក្រ​ បាន​និយាយថា ជា​គោលការ​ណ៍អ្នកស្រី​មិន​ទទួលយក​ស្បៀងអាហារ​និង​លុយកាក់នោះទេ។

អ្នកស្រី ចាន់ថន​ បាន​និយាយថា ” អ្នកភូមិ​៧១គ្រួសារ​របស់​យើង​មិន​ទទួល​អំណោយ​ទាំង​នេះ​ឡើយ ដែល​យើង​គិត​ថា ជា​អំណោយ​ដើម្បី​ទិញ​ទឹក​ចិត្ត​ក្រុម​អ្នកភូមិ​។ យើង​ជឿ​ថា ប្រសិន​បើ​យើង​ទទួល​អំណោយ​នោះ វា​មាន​ន័យ​ថា យើង​គាំទ្រ​អ្នក​ដែល​ព្យាយាម​ចាប់​យក​ដី​របស់​យើង​”។

អ្នកស្រី គា បាន​និយាយ​កាលពី​ម្សិលមិញ​ថា អ្នកស្រី​មិន​បាន​ព្យាយាម​សូកប៉ាន់​អ្នក​ភូមិ​​ដែល​បាន​ជំទាស់​ការ​អះអាង​សិទ្ធិ​កាន់​កាប់​របស់​អ្នកស្រី​លើ​ដី​ដែល​មាន​ទំនាស់​នេះទេ ប៉ុន្តែ​គ្រាន់​តែ​ជា​​ការ​ផ្ដល់​ជំនួយ​ដល់អ្នក​ភូមិ​ដែល​គាំទ្រ​អ្នកស្រី​រួច​ហើយ​តែ​ប៉ុណ្ណោះ​។

អ្នកស្រី​បាន​និយាយ​ថា ” វា​ជា​អំណោយ​សម្រាប់​អ្នក​ដែល​គាំទ្រ​ខ្ញុំ។ ប្រសិន​បើ​អ្នក​មិន​គាំទ្រខ្ញុំ មិន​ចាំបាច់​ផ្ដល់​អ្វី​ដល់ពួកគាត់​ឡើយ​”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស