34 C
Phnom Penh

ឧត្តម​សេនីយ៍​​យោធាថៃនឹង​​ពិភាក្សាអំពី​បញ្ហាប្រាសាទព្រះវិហារ​អំឡុង​​ដំណើរ​ទស្សន​កិច្ច​នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថៃ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធាថៃ​ជាន់​ខ្ពស់​មួយរូប​​នឹង​​មកបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ផែន​ការ​ជួប​ពិភាក្សា​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ទំនង​ជា​​ពិភាក្សា​អំពី​ការ​​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា​នៃ​ប្រទេស​​ទាំងពីរ​នៅ​ជិតតំបន់ប្រាសាទ​ព្រះវិហារ​។

កាសែត​បាង​កក​ប៉ុសិ៍​បាន​រាយការណ៍កាលពី​សប្ដាហ៍​មុន​ថា ឧត្តម​សេនីយ៍​ តាណាសាក់ បាទីម៉ាប្រាកន អនុប្រធាន​កិច្ច​ការ​សន្តិសុខ​ថៃ​ចាប់​តាំង​ពីយោធា​បាន​គ្រប់​គ្រង​ប្រទេស​នេះ​កាលពី​ខែ​ឧសភាមក មាន​គម្រោង​មក​បំពេញទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០​ដល់​៣១​ ខែ​សីហា ដើម្បី​ជួប​​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន “​ ទំនងជា​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ​”។

អត្ថបទ​នេះមិន​បាន​ផ្ដល់​ប្រភព​ព័ត៌មាន​ ឬផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​កិច្ច​ពិភាក្សា​ស្ដីពី​ប្រាសាទ​ព្រះវិហារ​ឡើយ​។

លោក នាង ផាត រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​មិន​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ឧត្តម​សេនីយ៍​ តាណាសាក់ ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ដែល​គេ​មិន​អាច​ទាក់​ទង​បាន។ អ្នក​នាំពាក្យ​យោធាថៃ​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ។

ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​​បាន​ប៉ះ​ទង្គិច​គ្នា​រយៈពេល​ខ្លី​ជាច្រើន​លើក​ ប៉ុន្តែ​​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​​ជុំវិញ​ដី​ដែល​មានវិវាទ​ស្ថិត​នៅ​ជាប់​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​។

កាលពី​ខែ​វិច្ឆិកា តុលាការ​យុត្តិធម៌​អន្តរជាតិ​​​បាន​សម្រេច​ថា តំបន់​នៅ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ហើយ​បាន​បង្គាប់​ឲ្យដក​កង​កម្លាំង​ថៃ​ទាំង​អស់ចេញ​​ជា​បន្ទាន់​។

ទោះ​ជាយ៉ាង​ណា ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​​បាន​ព្រមព្រៀង​មិន​​​​អនុវត្ត​ដីកា​បង្គាប់​នេះ​ទេ​រហូត​ដល់​ភាព​ចលាចល​ផ្នែក​នយោបាយ​នៅ​ក្នុង​ទីក្រុង​បាងកក​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​​សិន៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស