យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃបានឲ្យដឹងថា មន្ត្រីយោធាថៃជាន់ខ្ពស់មួយរូបនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយមានផែនការជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយទំនងជាពិភាក្សាអំពីការប្រឈមមុខគ្នាផ្នែកយោធានៃប្រទេសទាំងពីរនៅជិតតំបន់ប្រាសាទព្រះវិហារ។
កាសែតបាងកកប៉ុសិ៍បានរាយការណ៍កាលពីសប្ដាហ៍មុនថា ឧត្តមសេនីយ៍ តាណាសាក់ បាទីម៉ាប្រាកន អនុប្រធានកិច្ចការសន្តិសុខថៃចាប់តាំងពីយោធាបានគ្រប់គ្រងប្រទេសនេះកាលពីខែឧសភាមក មានគម្រោងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ដល់៣១ ខែសីហា ដើម្បីជួបប្រជុំជាមួយលោក ហ៊ុន សែន “ ទំនងជាពិភាក្សាអំពីបញ្ហាមួយចំនួនទាក់ទងនឹងប្រាសាទព្រះវិហារ”។
អត្ថបទនេះមិនបានផ្ដល់ប្រភពព័ត៌មាន ឬផ្ដល់ព័ត៌មានលម្អិតណាមួយអំពីកិច្ចពិភាក្សាស្ដីពីប្រាសាទព្រះវិហារឡើយ។
លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងអំពីដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ តាណាសាក់ ទេ ហើយបានបង្វែរសំណួរទៅលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលគេមិនអាចទាក់ទងបាន។ អ្នកនាំពាក្យយោធាថៃក៏មិនអាចទាក់ទងបានដែរ។
ប្រទេសថៃ និងប្រទេសកម្ពុជាបានប៉ះទង្គិចគ្នារយៈពេលខ្លីជាច្រើនលើក ប៉ុន្តែបណ្ដាលឲ្យមានមនុស្សស្លាប់ជុំវិញដីដែលមានវិវាទស្ថិតនៅជាប់ប្រាសាទព្រះវិហារក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីខែវិច្ឆិកា តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា តំបន់នៅក្បែរប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ហើយបានបង្គាប់ឲ្យដកកងកម្លាំងថៃទាំងអស់ចេញជាបន្ទាន់។
ទោះជាយ៉ាងណា ប្រទេសថៃ និងប្រទេសកម្ពុជាបានព្រមព្រៀងមិនអនុវត្តដីកាបង្គាប់នេះទេរហូតដល់ភាពចលាចលផ្នែកនយោបាយនៅក្នុងទីក្រុងបាងកកត្រូវបានដោះស្រាយរួចរាល់សិន៕ សារុន