ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា សាលាដំបូងខេត្តព្រៃវែង កាលពីម្សិលមិញបានចោទប្រកាន់បងប្អូនប្រុសបង្កើតពីរនាក់ពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅកាលពីថ្ងៃសៅរ៍ ដោយចាប់ក្បាលក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ជ្រមុជក្នុងទឹកពាងកណ្ដាលវាលមួយ បន្ទាប់ពីក្មេងប្រុសរូបនេះបានលួចដូងបួនផ្លែពីដីរបស់ពួកគេ។
ហេង វណ្ណី អាយុ២៨ឆ្នាំ និង ហេង ដាណេ អាយុ៣៤ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគេស្ថិតក្នុងឃុំកំពង់ពពិល ស្រុកពារាំង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរបានដឹងពីបទឧក្រិដ្ឋនេះតាមរយៈរូបថត ដែលបុរសជាប្អូនបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលបានចែកចាយយ៉ាងឆាប់រហ័សតាមរយៈបណ្ដាញទំនាក់ទំនងសង្គម។
រូបថតមួយសន្លឹកដែលថតដោយ វណ្ណី បង្ហាញថា ក្មេងប្រុសរូបនេះត្រូវបានចងស្លាបសេក ហើយចាប់ក្បាលជ្រមុជក្នុងទឹក។ រូបថតមួយសន្លឹកទៀតបង្ហាញថា បុរសម្នាក់បានចាប់បោចសក់ក្មេងប្រុសនេះបន្ទាប់ពីទាញវាចេញពីពាងទឹកដ៏ធំមួយ។
លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ពីបងប្អូនបង្កើតនេះថា ” ពួកគេត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅតាមមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ”។
លោក មុនីរ័ត្ន បានមានប្រសាសន៍ថា លោកមិនទាន់ប្រាកដថា នៅពេលណាជនសង្ស័យទាំងពីរនាក់ ដែលបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារខេត្តនៅឡើយនោះ នឹងបង្ហាញខ្លួននៅតុលាការនៅពេលក្រោយឡើយ។ ប្រសិនបើត្រូវបានរកឃើញមានពិរុទ្ធភាពមែន បងប្អូនបង្កើតនេះនឹងប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ។
លោក គង់ ទីលីន មេធាវីតំណាងក្មេងប្រុសអាយុ១៤ឆ្នាំរូបនេះ បានមានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់នេះគួរតែទូរស័ព្ទទៅនគរបាល ជាជាងកាត់ទោសដោយខ្លួនឯង។
លោក ទីលីន បានមានប្រសាសន៍ថា ” ជនសង្ស័យមិនមានសិទ្ធិដាក់ទោស [កូនក្ដីរបស់ខ្ញុំ]…ឡើយ។ ពួកគេគួររាយការណ៍អំពី [ករណីនេះ] ទៅនគរបាល”។ លោកបានបន្ថែមថា ជនរងគ្រោះបានលួចដូងដោយសារតែភាពក្រីក្រ។ លោកបានមានប្រសាសន៍បន្ថែមថា ” កូនក្ដីរបស់ខ្ញុំក្រីក្រ ហើយវាស្រេកឃ្លាន”។
លោក អ៊ុំ វន្ថា អធិការនគរបាលស្រុកបានអះអាងថា ក្រុមគ្រួសារក្មេងប្រុសរូបនេះក្រីក្រណាស់។ លោកបានមានប្រសាសន៍ថា ” ឪពុករបស់វាលក់ត្រី ហើយជួនកាលប្រាក់កម្រៃដែលគាត់រកបានសម្រាប់គឺបង់ថ្លៃជួលសំណាញ់តែប៉ុណ្ណោះ”។
លោក អ៊ូច សយ នាយប៉ុស្តិ៍ឃុំបានមានប្រសាសន៍ថា ក្មេងប្រុសរូបនេះទទួលបានអំណោយជាប្រាក់ប្រហែល១.០០០ដុល្លារ ចាប់តាំងពីហេតុការណ៍បានកើតឡើង៕ សារុន