ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានចេញបទបញ្ជាឲ្យម្ចាស់ការដ្ឋានសាងសង់ចំនួនបីក្បែរឆ្នេរអូរត្រេះ រុះរើអគាររបស់ខ្លួនចេញនៅថ្ងៃសុក្រ បន្ទាប់ពីម្ចាស់អគារបានសាងសង់លើសអ្វីដែលគេបានកំណត់។
លោក សុខុន បានចេញបទបញ្ជាឲ្យម្ចាស់ការដ្ឋានសាងសង់ចំនួនបីនៅតាមបណ្ដោយព្រែកអូរត្រេះ ជាព្រែកដែលមានប្រវែងប្រហែល២គីឡូម៉ែត្រពីឆ្នេរទៅកាន់វត្តអូរត្រេះ បញ្ឈប់ការសាងសង់របស់ខ្លួននៅក្នុងដីចំណីព្រែក ដែលទុកឲ្យនៅទំនេរ២៥ម៉ែត្រ។ លោក សុខុន បានលើកឡើងនៅក្នុងបទបញ្ជាដែលចេញទៅឲ្យម្ចាស់ការដ្ឋានសាងសង់ទាំងនោះកាលពីថ្ងៃសុក្រថា ” ម្ចាស់ការដ្ឋានសាងសង់ត្រូវតែធ្វើតាមបទបញ្ជារបស់ខេត្ត ហើយរុះរើអគារខុសច្បាប់របស់ខ្លួនចេញ”។
បទបញ្ជានោះមានខ្លឹមសារបន្តថា ” ម្ចាស់ការដ្ឋានសាងសង់ត្រូវតែរុះរើអគារដោយខ្លួនឯងក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ ម្ចាស់អគារណាមួយដែលមិនព្រមរុះរើអគាររបស់ខ្លួនទេ យើងនឹងបញ្ជូនអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងាររួមទៅរុះរើអគារនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ”។
កាលពីសប្ដាហ៍មុន អាជ្ញាធរខេត្តបានប្រើគ្រឿងចក្រទៅកម្ទេចផ្នែកខ្លះនៃអគារដែលបានសាងសង់រួច បន្ទាប់ពីម្ចាស់អគារមិនព្រមធ្វើតាមបទបញ្ជាស្រដៀងគ្នានេះ។
លោក ខាត់ ប៊ុណ្ណា អនុប្រធានមន្ទីររៀបចំដែនដីខេត្ត គឺជាម្ចាស់នៃការដ្ឋានសាងសង់មួយក្នុងចំណោមការដ្ឋានសាងសង់ទាំងនេះ ដែលត្រូវបានចេញបទបញ្ជាឲ្យរុះរើអគាររបស់ខ្លួន។ លោក ប៊ុណ្ណា បានលើកឡើងថា លោកគ្រោងសាងសង់រមណីយដ្ឋានមួយដែលមាន២៤បន្ទប់នៅលើឆ្នេរខ្សាច់ទំហំ៤.០០០ម៉ែត្រក្រឡាតាមបណ្ដោយព្រែក ហើយថា លោកទើបតែសាងសង់បានមួយបន្ទប់ប៉ុណ្ណោះ ដែលប៉ះពាល់ដល់បទបញ្ជារបស់លោក សុខុន។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា ” ខ្ញុំបានទទួលសេចក្ដីជូនដំណឹងឲ្យរុះរើបន្ទប់ដែលត្រូវបានសាងសង់រួចនោះរួចហើយ ហើយកម្មកររបស់ខ្ញុំកំពុងតែធ្វើការរុះរើនៅថ្ងៃនេះ”។
លោក សុខុន បានលើកឡើងថា គម្រោងរបស់លោក ប៊ុណ្ណា លើសពីការកំណត់នៅតាមបណ្ដោយព្រែកប្រវែង៨៨ម៉ែត្រ។ គម្រោងទី២លើសការកំណត់នៅតាមបណ្ដោយព្រែកប្រវែង៦៤ម៉ែត្រ និងគម្រោងទី៣លើសការកំណត់នៅតាមបណ្ដោយព្រែកប្រវែង៧៥ម៉ែត្រ។
លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តបានឲ្យដឹងថា ម្ចាស់ការដ្ឋានសាងសង់ទាំងបីនោះទើបតែចាប់ផ្ដើមសាងសង់អគារប៉ុណ្ណោះ ហេតុដូច្នេះបទបញ្ជានេះមិនបង្កឲ្យមានការខាតបង់ធ្ងន់ធ្ងរទេ។ លោកបានមានប្រសាសន៍ថា ” ប៉ុន្តែយើងនឹងចាត់វិធានការលើអគារខុសច្បាប់ទាំងនេះ ប្រសិនបើផុតកំណត់រយៈពេល៣០ថ្ងៃ”។
លោក ស្រ៊ន់ បានបន្ថែមថា ” យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់សាងសង់អគារតាមបណ្ដោយព្រែកនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន”៕ គឹមហឿន